ព័ត៌មានទាន់ហេតុការណ៍៖

មេយោធាខេត្តមណ្ឌលគិរីពង្រាយកម្លាំងដាក់កុងត្រូលជជុះផ្អើលសមត្ថកិច្ច និងប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ យ៉ាងតិចមានកម្លាំងយោធាចំនួន៣ទីតាំង ត្រូវបានដាក់ពង្រាយនៅស្រុកកែវសីមា ស្រុកកោះញែក និងនៅផ្លូវបំបែកចូលភូមិដាក់ដាំ ក្រុងសែនមនោរម្យក្រោមបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឃឹន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ។ គេរិះគន់ថា កម្លាំងទាំងនេះ បង្កើតឲ្យមានភាពអនាធិបតេយ្យ ករណីដាក់កុងត្រូលជជុះ ក្នុងនោះ មួយសប្តាហ៍មុន កម្លាំងយោធានៅកោះញែក បានបាញ់យ៉ាងតិចចំនួន៤គ្រាប់ទៅលើរថយន្តយោធាមួយរូបនៅអគ្គបញ្ជាការ ប៉ុន្តែមិនបានរងរបួសបន្ទាប់ពីកម្លាំងយោធារបស់ខេត្តដាក់ភាពសង្ស័យថា ដឹកបទល្មើសព្រៃឈើ ។ ការបាញ់បោះនេះ កំពុងប្រឈមទៅនឹងការរិះគន់យ៉ាងខ្លាំងពីសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ពិសេសសាម៉ីជនរងគ្រោះ មា ម៉េងធី ក៏មិនសុខចិត្តក្នុងការបាញ់បំពានគំរាមកំហែងប្រមាថអាយុជីវិតនេះផងដែរ ។ លោកឃឹន ម៉េងស្រេង កំពុងចេញបញ្ជាដោយខុសពីគោលការណ៍របស់ថ្នាក់លើ ខណៈខ្លួនសង្ស័យថា មានបទល្មើសដឹកជញ្ជូនឈើ ហើយក្រុមឈ្មួញមិនបានមកចរចា ឬទូទាត់ដូចសព្វមួយដង ។ ពាក់ព័ន្ធករណីនេះ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ លោក ឃឹន ម៉េងស្រេង បានប្រាប់នគរវត្តថា ករណីបាញ់ចំនួន៣គ្រាប់នៅកោះញែក គឺបង្កឡើងដោយរថយន្តមួយគ្រឿងបិទគូថរថយន្តដឹកឈើ ហើយបើកជ្រែប៉ះឡានមន្ត្រីយោធារបស់គាត់ ទើបមានការបាញ់នេះកើតឡើង ពិសេស ការដាក់កម្លាំងអនុវត្តតាមបញ្ជាអភិបាលខេត្ត ។ ទោះបីជាមេយោធារូបនេះអះអាងបែបនេះក៏ដោយ អ្នកឃើញហេតុការណ៍បញ្ជាក់ថា រថយន្តជនរងគ្រោះមិនមែនជារថយន្តដឹកឈើ និងបើកបរតែម្នាក់ឯង មិនដូចអ្វីដែលយោធាលើកឡើងនោះឡើយ ។

ចំពោះកម្លាំងយោធារបស់លោក ឃឹន ម៉េងស្រេងយកមកដាក់នៅផ្លូវបំបែកចូលភូមិដាក់ដាំ ក្នុងក្រុងសែនមនោរម្យ ពួកគេមានកាំភ្លើងគ្រប់ដៃ និងឡានជាច្រើនគ្រឿង ចេះតែសង្ស័យទៅលើរថយន្តអ្នកដំណើរបើកឆ្លងកាត់ ឃាត់សួរនាំ ប្រដេញ និងធ្លាប់បើកដេញចាប់រថយន្តទេសចរណ៍របស់ភ្ញៀវបរទេស បង្កឲ្យមានការរិះគន់ ពិសេសប្រជាពលរដ្ឋក្នុងភូមិដាក់ដាំ កំពុងត្រៀមដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរ សង្កាត់ ក្រុង ខេត្តដើម្បីចាត់វិធានការទៅលើកម្លាំងដាក់ប៉ុស្តិ៍ដ៏អនាធិបតេយ្យនេះ ។ បើទោះមេយោធាខេត្ត លោក ឃឹន ម៉េងស្រេង អះអាងថា កម្លាំងដាក់កុងត្រូលជជុះនេះ ស្ថិតក្រោមបញ្ជារបស់អភិបាលខេត្តមណ្ឌលគិរីក៏ដោយ ប៉ុន្តែនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នគរវត្តមិនអាចទាក់ទងបានទេពីលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។

គួររំលឹកថា លោកឃឹន ម៉េងស្រេង និងក្រុមគ្រួសាររបស់គាត់បានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីនេះចេញមុខជាងគេ ក្នុងនោះសូម្បីតែការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅតំបន់អូរហ៊ុច ក៏ជាប់ពាក់ព័ន្ធនឹងលោកឃឹន ម៉េងស្រេង កូនប្រសាររបស់គាត់ លោក ឯម សុខហួរ ដោយព័ត៌មានពីវៀតណាមបង្ហើបថា លោកឃឹន ម៉េងស្រេងទទួលនូវសំណូកក្នុងមួយខែរាប់មឺនដុល្លារ ហើយកូនប្រសាររបស់គាត់ ឯម សុខហួរ ជាអ្នករាប់ក្បាលឡានវៀតណាមចូលដឹកឈើហ៊ុបនៅតំបន់អូរហ៊ុចផង និងជាអ្នកយកលុយពីវៀតណាមមករត់ការផងដែរ ។ ដោយឡែក កូនប្រុសរបស់គាត់ លោកឃឹន បញ្ញា មេវរៈយោធាលេខ១០១ ក៏ជាមេក្លោងអនុញ្ញាតឲ្យឈ្មួញប្រើប្រាស់ម៉ាស៊ីនត្រង់សីណ័រចូលអារកាប់បំផ្លាញព្រៃឈើនៅតំបន់ស្រុកកែវសីមា យ៉ាងអនាធិបតេយ្យ រហូតដល់អំពើប្រព្រឹត្តបទល្មើសព្រៃឈើនេះត្រូវបានលាតត្រដាង ពីសារព័ត៌មានជាច្រើននៅក្នុងស្រុក ។ បច្ចុប្បន្ន នៅស្រុកកែវសីមា កូនស្រីរបស់លោក ឃឹន ម៉េងស្រេង គឺស្រីពេជ្រ ក៏ជាមេក្លោងចេញមុខរត់ការសម្រាប់ឈ្មួញដឹកជញ្ជូនបទល្មើសឈើ ភាគច្រើន ការដឹកជញ្ជូនឈើនេះប្រើប្រាស់ម៉ូតូធ្វើជាមធ្យោបាយសម្រាប់ការប្រមូលរួចដឹកបន្តទៅវៀតណាមតាមច្រកង៉ាំដី ចំពីមុខផ្ទះលោកឃឹន ម៉េងស្រេងនេះតែម្តង នៅភូមិសាស្ត្រសុ្រកកែវសីមា ។

អាជ្ញាធរខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត គួរចាត់វិធានការក្នុងរឿងនេះ ដើម្បីបោសសម្អាតជនប្រព្រឹត្តអំពើបំពានច្បាប់ និងពាក់ព័ន្ធបទល្មើសព្រៃឈើ ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លុបបំបាត់នេះ ៕ សុខ ខេមរា


ចែករំលែក៖