ខេត្តពោធិ៍សាត់៖ យ៉ាងហោចក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងសត្វសុណក់(ឆ្កែ) ១ក្បាលទៀតបានងាប់ផងដែរ និងមនុស្សចំនួន ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣លើកផ្សេងគ្នា នៅខត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីការិយាល័យផ្សព្វផ្សាយនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៨-១៩៩ ស្ថិតក្នុងភូមិក្តីស្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានបុរសម្នាក់ឈ្មោះ ងឹម សាមុន អាយុ ២៦ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិពោធិ៍ល្យំ ឃុំត្រពាំងជង ស្រុកបាកាន ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1F 7162 ធ្វើដំណើរម្នាក់ឯងក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបុកសត្វសុណក់(ឆ្កែ)រត់ឆ្លងផ្លូវ បណ្ដាលឲ្យឃ្ទាតធ្លាក់ចូលស្នាមភ្លោះងាប់សត្វឆ្កែ ១ក្បាល ចំណែកអ្នកបើកបរម៉ូតូបានសន្លប់ស្ដូកត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកបាកានភ្លាមៗ ដោយឡែកវត្ថុតាងម៉ូតូ និងសត្វសុណក់(ឆ្កែ)ភ្លាមនោះយកទៅបន្តនីតិវិធីនៅប៉ុសិ៍្តនគរបាលរដ្ឋត្រពាំងជង។
ប្រភពខាងលើបន្តថា លុះនៅរសៀលថ្ងៃដដែលនោះ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១លើកដែរ បង្កឡើងអ្នកបើកបរគោយន្តកន្រ្តៃដឹងពាងលក់ឈ្មោះ ង៉ែត ជា ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ លុះមកដល់ចំណុចកើតហេតុបានបុក រួចកិនក្មេងស្រីម្នាក់ឈ្មោះ ផាត ភ័ណ្ឌ អាយុ ១០ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ-ឃុំជាមួយគ្នាបណ្ដាលឲ្យ(ស្លាប់ភ្លាមៗ)។
ប្រភពដដែលខាងលើបន្តទៀតថា ដោយឡែកនៅល្ងាចថ្ងៃដដែលនេះ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចក្បែរង្វង់មូលផ្តិល ស្ថិតក្នុងភូមិសាលាគំរួ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចំនួន ១លើកបន្ថែមទៀត បង្កឡើងដោយរថយន្តម៉ាក ហ្វត បើកកៀរថយន្តម៉ាក កាមរីឆ្លាម ខណៈកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យខូចខាតរថយន្តទាំងសង់ខាង និងធ្លាក់ពីលើផ្លូវរងរបួសស្រាលៗដូចគ្នា ប៉ុន្តែភាគ្គីទាំងសង់ខាងបានសម្របសម្រួលគ្នាចប់សព្វគ្រប់មិនចាំបាច់វែងឆ្ងាយនោះឡើយ។
ប្រភពព័ត៌មានដដែលខាងលើបញ្ជាក់បន្ថែមបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ចំនួន ៣លើកក្នុងថ្ងៃតែមួយបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសខាងលើ ត្រូវសមត្តកិច្ចជំនាញសម្របសម្រួលតាមរយៈផ្លូវច្បាប់ចប់ចំនួន ២ករណី ដោយឡែកនៅ ១ករណីទៀតកំពុងធ្វើការបន្ត ៕ បឹុម ពិន