មេដឹកនាំសាសនា ដែលជាមេដឹកនាំដែល មានឥទ្ធិពលបំផុតនៅក្នុងប្រទេសអុីរ៉ង់ គឺមានឥទ្ធិពលជាងប្រធានាធិបតីអីុរ៉ង់ទៅទៀត លោក Ayatollah Ali Khamenei បានបញ្ជាក់យ៉ាងច្បាស់ថា «រដ្ឋាភិបាល អាមេរិកបានបំពានកិច្ចព្រមព្រៀងបរមាណូជាច្រើនលើកក្នុងពេលកន្លងមក។
លោក Ayatollah Ali Khamenei បានប្រកាសថា ការដែលអាមេរិកពន្យារពេលដាក់ទណ្ឌកម្មទៅលើអីុរ៉ង់គឺជាការ បំពានកិច្ចព្រមព្រៀង រវាងអីុរ៉ង់នឹងប្រទេស ៥+១ កាលពីឆ្នាំ២០១៥ ។ទទឹមនឹងនោះអីុរ៉ង់ប្រកាសថានឹងមានវិធានការតបតវិញនូវការដាក់ទណ្ឌកម្មថ្មីប្រសិនបើអាមេរិកអនុម័តនោះ។
មេដឹកនាំកំពូលរបស់ប្រទេសអុីរ៉ង់ បានឲ្យដឹង កាលពីថ្ងៃពុធថា ប្រទេសខ្លួន នឹងប្រតិកម្មឆ្លើយតបវិញ ប្រសិនបើសហ រដ្ឋអាមេរិក ធ្វើការដាក់ទណ្ឌកម្មជាថ្មី ចំពោះសាធារណរដ្ឋអ៊ិស្លាម។ នេះបើ យោងតាមការ ចុះផ្សាយរបស់ស៊ីអិនអិន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
លោក Ali Khamenei បាននិយាយ តាមទូរទស្សន៍ថា «ប្រសិនបើទណ្ឌកម្មនេះ ត្រូវបានអនុវត្តមែននោះ នេះគឺពិតជាការ រំលោភ លើកិច្ចព្រមព្រៀង ដោយឥតសង្ស័យ ហើយពួកគេគួរតែដឹងថា សាធារណរដ្ឋ អ៊ិស្លាម នឹងពិតជាមានប្រតិកម្មចំពោះវា»។
មន្ត្រីសហរដ្ឋអាមេរិកម្នាក់ បានប្រាប់ ស៊ីអិនអិនថា កាលពីសប្ដាហ៍មុន សភាស ហរដ្ឋអាមេរិកបានបោះឆ្នោតពង្រីកច្បាប់ ទណ្ឌកម្មអុីរ៉ង់ សម្រាប់រយៈពេល១០ឆ្នាំ ទៀត ប៉ុន្តែរដ្ឋាភិបាលលោកអូបាម៉ា កំពុង ធ្វើការ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្ម បន្ថែម ព្រមទាំងកំពុងធ្វើការជំរុញ លើក ទឹកចិត្តឲ្យក្រុមហ៊ុនសហរដ្ឋអាមេរិក ឲ្យ ធ្វើជំនួញជាមួយអុីរ៉ង់ទៀតផង ។
កន្លងមកទំនាក់ទំនងរវាងអីុរ៉ង់នឹង អាមេរិក ល្អប្រសើរនឹងគ្នាវិញក្រោយភាគីទាំងពីរបានព្រមព្រៀងលើកម្មវិធីបរមាណូ ។ អីុរ៉ង់ក៏បានរួចផុតទណ្ឌកម្មដឹកជញ្ជូន ដោយពេលនេះអីុរ៉ង់បាននាំប្រេងចូលទៅកាន់ តំបន់អឺរ៉ុបនិងតំបន់ជាច្រើនផ្សេងទៀត។
ក្រោយពេលលោកដូណាល់ ត្រាំជាប់ ឆ្នោតស្ថានភាព ទំនាក់ទំនងរវាងអីុរ៉ង់នឹងអាមេរិកបានប្រែប្រួល ។ ទាំងនោះហើយបានធ្វើឲ្យមានការបារម្ភជាថ្មីខ្លាច ប្រធានាធិបតីថ្មីអាមេរិកងាកទៅរករុស្ស៊ីដោយបោះបង់អីុរ៉ង់ ចាត់ទុកជាសត្រូវដូចដើម។ប៉ុន្តែរឿងនោះមិនអាចទៅរួចឡើយ អាមេរិក មិនអាចកែប្រែកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចតាមតែចិត្តនោះឡើយ។ កន្លងមកលោក ដូណាល់ ត្រាំ បានបញ្ជាក់ ថា កិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់គឺជាគ្រោះមហន្តរាយ។
មិនមែនតែប្រទេសអីុរ៉ង់នោះទេ ប្រទេស ជាច្រើនទៀតក៏ព្រួយបារម្ភ មិនចាញ់អីុរ៉ង់នោះដែរ។តាមសារព័ត៌មាន The Guardian របស់ អង់គ្លេសបានផ្សាយថា មកទល់ពេលនេះមាន១១ប្រទេសនឹងរងឥទ្ធិពលក្រោយ ពេលលោកដូណាល់ ត្រាំ ឡើង កាន់អំណាច នៅថ្ងៃទី២០ ខែមករាខាង មុខ។
ប្រទេសតំបន់បាល់ទិក
ប្រទេសតំបន់បាល់ទិកកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងខ្លាចលោក ដូណាល់ ត្រាំ មិនយកចិត្តទុកដាក់ទៅលើក្តីកង្វល់របស់ប្រទេសសម្ពន្ធមិត្តណាតូ ចំពោះការគំរាម កំហែងរបស់រុស្ស៊ី។ កាលពីខែកក្កដាកន្លង ទៅលោក ត្រាំ បាននិយាយទៅកាន់សារ ព័ត៌មានញូវយ៉កថាមថា អាមេរិកនឹងមិន ជួយដល់ប្រទេសលីទុយអានៀ ឡាត់វៀ និងអេស្តូនៀ ឡើយលើកលែងតែបោះ ប្រាក់ គ្រប់គ្រាន់ចូលក្នុងឃ្លាំងប្រាក់របស់ណាតូ។ កន្លងមកលោក ដូណាល់ ត្រាំ ធ្លាប់បាន ប្រកាសថា បើលោកជាប់ឆ្នោត នឹងរំលាយអង្គការណាតូពេល ទាំងនេះ ធ្វើឲ្យប្រទេស ជាសមាជិកណាតូកាន់តែ បារម្ភ។
កន្លងមកណាតូបានបង្កើនការធ្វើ សមយុទ្ធ និងបញ្ជូនកម្លាំងទាហានទៅកាន់តំបន់ សមុទ្របាល់ទិកដើម្បីទប់ទល់នឹងការគំរាម កំហែងរបស់រុស្ស៊ី។
អីុរ៉ាក់និងស៊ីរី
លោក ដូណាល់ ត្រាំ បានសន្យាថា នឹង វាយប្រហារកម្ចាត់ក្រុមIS នៅស៊ីរី និងអីុរ៉ាក់ដោយលោកបានសន្យាសហការជាមួយ រុស្ស៊ីបើកការវាយប្រហារទៅលើក្រុមIS។ នៅពេលនេះអីុរ៉ាក់បង្ហាញការព្រួយ បារម្ភ ហើយប្រឆាំងទៅនឹងសកម្មភាពរបស់ លោក ត្រាំ ដែលចង់យកប្រេងពីអីុរ៉ាក់ដើម្បីបំពេញទៅលើការចំណាយរបស់អាមេរិកនៅក្នុងសង្គ្រាមអីុរ៉ាក់កាលពីឆ្នាំ២០០៣មក។
កូរ៉េខាងត្បូងនិងជប៉ុន
លោក ត្រាំ បានប្រកាសធ្វើឲ្យជប៉ុនព្រួយបារម្ភយ៉ាងខ្លាំងដោយលោកបញ្ជាក់ថា នឹងមានការផ្លាស់ប្តូរទ្រង់ទ្រាយធំនៅក្នុង ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំង២ ដែលបានអនុវត្តជាង៦០ឆ្នាំកន្លងមកនោះ។ ក្នុងនោះអាមេរិកនឹងដកទាហាន៤៧ពាន់នាក់ចេញពីជប៉ុន។ ក្រៅពីនេះលោក ត្រាំ ក៏ បានប្រកាសដកទាហាន២៨.៥០០នាក់ ចេញពីប្រទេសកូរ៉េខាងត្បូងផងដែរ។ អ្វី ដែលសំខាន់នោះគឺលោក ត្រាំ បាន ប្រកាស ថា កូរ៉េខាងត្បូងនិងជប៉ុនគួរតែបញ្ចប់ការ ពឹងផ្អែកទៅលើអាមេរិក។
ប្រទេសម៉ិចស៊ីកូ
ប្រាក់ Peso របស់មិុចស៊ីកូធ្លាក់ថ្លៃរហូតដល់១៣ភាគរយគឺជាការធ្លាក់ខ្លាំងបំផុត ក្រោយពេលលោក ត្រាំ ជាប់ឆ្នោតជាប្រធា នាធិបតីអាមេរិក។ មិុចស៊ីកូព្រួយបារម្ភខ្លាំងនោះគឺពេលអាមេរិកបណ្តេញជនអន្តោ ប្រវេសន៍ម៉ិចស៊ីកូជាង៥លាននាក់នៅ អាមេរិកត្រឡប់ទៅស្រុកវិញ។ ជាមួយគ្នា នោះការនាំចេញរបស់ម៉ិចស៊ីកូរហូតដល់ ៨០ភាគរយទៅកាន់អាមេរិក។
ប្រទេសអ៊ុយក្រែន
នៅពេលនេះពលរដ្ឋអ៊ុយក្រែនកាន់តែបារម្ភពេលលោក ត្រាំ ជាប់ឆ្នោត។ ជាមួយគ្នានោះការផ្តល់ជំនួយរបស់លោកខាងលិចទៅលើអ៊ុយក្រែនក៏កាន់តែថយចុះផងដែរ។ ប្រសិនបើគ្មានការជួយពីអាមរិកនិងមូល និធិរូបិយវត្ថុអន្តរជាតិ IMF មិនផ្តល់ ជំនួយ ទេនោះអ៊ុយក្រែននឹងប្រឈមនូវ ការបែក បំណុលជាមិនខាន។
ប្រទេសកាណាដា
កាណាដាក៏បានបង្ហាញក្តីបារម្ភក្រោយលោក ត្រាំ ជាប់ឆ្នោតដោយសារតែទំនិញនាំចេញរបស់កាណាដាដល់ទៅ៧២ភាគ រយទៅអាមេរិក និងផ្តល់ការងារធ្វើឲ្យពល រដ្ឋកាណាដាជាង២,៥លាននាក់។
ប្រទេសអាហ្វហ្គានីស្ថាន
ក្រោយឡើងកាន់តំណែងលោក ត្រាំ នឹងមិនមើលរំលងអាហ្វហ្គានីស្ថានដែលជាទីកន្លែងធ្វើឲ្យអាមេរិកត្រូវចំណាយប្រាក់និងអាយុជីវិតទាហានជាច្រើននៅទីនោះទេ៕ ម៉ែវ សាធី