ព័ត៌មានទាន់ហេតុការណ៍៖

Marco Verrattiចង់ទៅកាន់Barcelona តែParis មិនអាចលក់បានក្នុងតំលៃថោក

ចែករំលែក៖

ខ្សែបម្រើ Marco Verrattiពិតជាចង់ផ្លាស់ចេញពីប្រទេសបារាំង ទៅលេងឲ្យក្រុមយក្ស អេស្ប៉ាញ Barcelonaប៉ុន្តែក្រុម Paris Saint-Germainមិនចង់លក់ចេញក្នុងតម្លៃតិចជាង ១០០លានអឺរ៉ូឡើយ នេះបើតាមលោក Patrick Kluivert ដែលបានកាន់តួនាទីជានាយកបច្ចេកទេសក្លិប។

ខ្សែបម្រើជម្រើសជាតិអ៊ីតាលី Verratti ធ្លាប់បានប្រកាសពីបំណងចង់ផ្ទេរចេញពីបារាំង ខណៈកិច្ចសន្យារបស់គេជាមួយ Paris Saint-Germain នៅសល់សុពលភាព៤ឆ្នាំទៀត ដូច្នេះក្លិបយក្សបារាំងមួយនេះទំនងមិនអនុញ្ញាតឱ្យតួសំខាន់ម្នាក់នេះចាកចេញទេ។

កន្លងមកមានការលើកឡើងពីកិច្ចព្រមព្រៀងតម្លៃ១០០លានអឺរ៉ូមួយរយៈនេះ ប៉ុន្តែអតីតខ្សែប្រយុទ្ធ Barcelona និងជម្រើសជាតិហុល្លង់ លោក Kluivert និយាយទៅកាន់សារព័ត៌មាន La Sexta ថា “ខ្ញុំដឹងថា Verratti ចង់ចុះកុងត្រាជាមួយ Barcelona ប៉ុន្តែ PSG មិនអនុញ្ញាតទេ។ វានឹងពិបាកខ្លាំងណាស់។ Verratti នឹងមានតម្លៃលើសពី១០០លានអឺរ៉ូ”។

ក្លិប Barcelonaសង្ឃឹមថាកីឡាករវ័យ២៤ឆ្នាំ Verrattiគឺអ្នកជំនួសតួនាទីរបស់ ខ្សែបម្រើចាស់វស្សាសញ្ជាតិអេស្ប៉ាញXavi ៕ ដេវីត


ចែករំលែក៖