ព័ត៌មានទាន់ហេតុការណ៍៖

បុរសអ្នកចែកចាយកាសែតអានគ្រប់អង្គភាពជាង២០ឆ្នាំត្អូញត្អែរ ព្រោះលក់មិនសូចដាច់បន្ទាប់ពីមានប្រព័ន្ធបច្ចេកវិទ្យាផ្សព្វផ្សាយទំនើប

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលប្រកបមុខរបរចែកចាយកាសែត ក្នុងក្រុងស្វាយរៀងជាយូរឆ្នាំមកហើយ បានត្អូញត្អែរយ៉ាងខ្លាំងដល់ជីវភាពគ្រួសាររបស់គាត់ ខណៈបច្ចុប្បន្ននេះកាសែតលក់មិនសូវដាច់ ព្រោះមានប្រព័ន្ធបច្ចេកវិទ្យាផ្សព្វផ្សាយទំនើបនៅក្នុងដៃដូចជាទូរស័ព្ទជាដើម។

ពាក់ពន្ថ័នឹងករណីនេះ លោកប៉ែន ម៉ីន អាយុ៥០ឆ្នាំ មុខរបរអ្នកចែកចាយកាសែតអាននៅក្រុងស្វាយរៀង មានទីលំនៅក្នុងឃុំគោកព្រីង ស្រុកស្វាយជ្រំ បានអោយដឹងថា គាត់បានប្រកបមុខរបរចែកចាយកាសែត និងទស្សនាវដ្ដីតាំងពីឆ្នាំ១៩៩៣រហូតមកដល់ពេលនេះជាង២០ឆ្នាំមកហើយ។

ដោយពីមុនគាត់យកកាសែតមកលក់ម្ដងក្នុងមួយថ្ងៃ៧០០ច្បាប់ មានគ្រប់អង្គភាពសម្រាប់អ្នកចូលចិត្តអានព្រិត្តការណ៍ផ្សេងៗ ដែលកើតមានឡើងក្នុងសង្គម ក៏ដូចជាព្រិត្តការណ៍ព័ត៌មានជាតិ និងអន្តរជាតិ លក់អស់មិនដែលសល់នោះទេ។ ប្រភពបន្តថា បច្ចប្បន្ននេះគាត់លក់កាសែតមានដូចជាកាសែតនគរវត្ត កាសែតកោះសន្តភាព រស្មីកម្ពុជា ព្រមទាំងមានលក់ទស្សនាវដ្ដី ក្នុងស្រុកផងដែរ ។

ប្រភពបន្តថា ប៉ុន្តែចាប់ពីប៉ុន្មានឆ្នាំចុងក្រោយនេះ ការដើរចែកចាយកាសែតមានការធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ស្ទើរតែមិនជឿ ហើយនៅពេលនេះ គាត់យកមកតែ២០ទៅ៣០ច្បាប់ប៉ុណ្ណោះ ព្រោះខ្លាចលក់មិនដាច់ នៅសល់។

លោកក៏បន្តទៀតថា មូលហេតុដែលនាំអោយការចែកចាយ និងលក់កាសែតធ្លាក់ចុះបណ្ដាលមកពីប្រពន្ធ័បច្ចេកវិទ្យាផ្សព្វផ្សាយទំនើបនៅក្នុងដៃ ដូចជាទូរស័ព្ទបណ្ដាញសង្គមហ្វេសប៊ុក និងព័ត៌មានអនឡាញតាមINTERNETជាដើម ។

ប៉ុន្តែដោយរូបលោកនៅតែស្រឡាញ់អាជីពចែកចាយកាសែត និងទស្សនាវដ្ដី ទើបនៅតែបន្តលក់ ទោះបីមានការចំណេញបន្តិចបន្តួចក៏ដោយ ព្រោះក្រៅពីលក់កាសែត គាត់មានមុខរបរធ្វើស្រែចំការដើម្បីចិញ្ចឹមក្រុមគ្រួសារផងដែរ ៕ យឹម សុថាន


ចែករំលែក៖