ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី ២៣ ខែមិថុនានេះកងពលអន្តរាគមន៍លេខ៣ស្ថិតនៅឃុំរំដោះស្រែ ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ បានបិទវគ្គបំប៉នជំនាញបច្ចេកទេសជួសជុលអាវុធ គ្រាប់ គ្រឿងចក្រ សម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាតំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកនាយកនាយករង និងស្ថាប័នកងទ័ពទាំងបីប្រភេទចំណុះអគ្គបញ្ជាការជាច្រើនរូបទៀត។
នៅក្នុងរបាយការណ៍ស្វាគមន៍ និងរាយការណ៍របស់លោកឧត្តមសេនីយ៍ទោ វ៉ា សឿន មេបញ្ជាការរងកងពលអន្តរាគមន៍លេខ៣ បានឲ្យដឹងថា៖ ដោយមានការចង្អុលបង្ហាញពីក្រសួងការពារជាតិអគ្គបញ្ជាការ ទីចាត់ការហ្វឹកហ្វឺន ទីចាត់ការបច្ចេកទេស អគ្គបញ្ជាការដ្ឋាន បានធ្វើឲ្យកងពល មានលទ្ធភាពរៀបចំបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ បច្ចេកទេស ជួសជុលអាវុធគ្រាប់ គ្រឿងចក្រគ្រប់ប្រភេទ ។ វគ្គនេះមានរយះពេល៦០ថ្ងៃ គឺចាប់ពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៧ នេះដោយមានសមាសភាពចូលរួមរៀនសូត្រមាន នាយនាយរងការិយាល័យ បច្ចេកទេស ជំនួយការអាវុធគ្រាប់ និងជំនួយការគ្រឿងចក្រ មកពីអង្គភាពចំណុះកងពលធំនិងកងពលតូចចំណុះទាំងបី ដែលមានសិក្ខាកាមចំនួន៥២នាក់។ចំពោះខ្លឹមសារមេរៀនរួមមាន លក្ខនិកះការងារទូទៅ របស់កងយោធពលខេមរភូមិន្ទ ច្បាប់ស្តីពីអាវុធជាតិផ្ទុះ គ្រាប់រំសេវ ច្បាប់ចរាចរណ៏ជើងគោកថ្មី ការងារគ្រប់គ្រងគ្រឿងចក្រ ការងារគ្រប់គ្រងអាវុធជាតិផ្ទុះគ្រាប់រំសេវ ការត្រួតពិនិត្យបច្ចេកទេសគ្រឿងផ្ទុះគ្រាប់រំសេវ ការធានាបច្ចេកទេស អាវុធគ្រឿងផ្ទុះ និងលក្ខណះទូទៅរបស់អាវុធថ្មើជើង។ លទ្ធផលជាក់ស្តែងទទួលបាននិន្ទេសល្អណាស់ចំនួន ៦នាក់ ល្អ២១នាក់ ល្អមធ្យម ៩នាក់ និងមធ្យមចំនួន ៥នាក់ ។
មានប្រសាសន៍សំណេះសំណាលក្នុង ខណៈនោះលោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ព្រមទាំងក្រុមគ្រួសារ។
លោកក៏បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំកងពល គណៈគ្រប់គ្រងវគ្គ ក្រុមការងារលោកគ្រូយោធាចារ្យរបស់ទីចាត់ការបច្ចេកទេស ដែលបានយកចិត្តទុកដាក់ក្នុងការជម្រុញ រៀបចំខ្លឹមសារមេរៀន ដោយខិតខំប្រមូលអស់ស្មារតី បញ្ជូនចំណេះដឹងរបស់ខ្លួនឲ្យសិក្ខាកាម រួមចំណែកឲ្យវគ្គបំប៉ននេះទទួលបានលទ្ធផលល្អប្រសើរប្រកបដោយផ្លែផ្កានាពេលនេះ ។
លោកក៏បានបញ្ជាក់ទៀតថា ជំនាញបច្ចេកទេជាជំនាញមួយដែលមិនអាចខ្វះបានសម្រាប់ កងយោធពលខេមរភូមិន្ទនិយាយរួម និងនិយាយដោយទ្បែកចំពោះកងពល ទាំងក្នុងពេលបំពេញភារកិច្ចហ្វឹកហ្វឺន ពេលសន្តិភាព និងប្រតិបត្តិការពេលមានសង្រ្គាម ។
លោកនាយឧត្តមសេនីយ៍ ម៉ក់ សារុន ក្នុងនាមលោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃ ខ ភ ម បានថ្លែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចជារួម របស់លោក អស់លោក ជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ របស់កងពលធំអន្តរាគមន៍លេខ៣ ក្នុងរយះពេលកន្លងមកបានបំពេញសម្រេចកាតព្វកិច្ច ភារកិច្ចដ៏ឆ្នើម នៅគ្រប់កាលៈទេសៈទាំងអស់ ទាំងពេលធម្មតា ក៏ដូចជាពេលត្រៀមប្រយុទ្ធ និងពេលប្រតិបត្តិការ ការពារបូរណភាពទឹកដី និងការពារបាននូវសុខសុវត្ថភាពជូនដល់ប្រជាពលរដ្ឋ ។
ជាមួយគ្នានេះដែរកងពល ក៏បានខិតខំប្រឹងប្រែងពុះពារ ការលំបាកដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅរបស់កងទ័ពនិងក្រុមគ្រួសារទ័ព បានយ៉ាងល្អប្រសើរ ។ លោកក៏បានផ្តាំផ្ញើដល់ប្អូនៗជាសិក្ខាកាមទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងលើកកម្ពស់មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់ច្បាប់បទបញ្ញាតិរបស់រដ្ឋ និងច្បាប់លក្ខនិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ រក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ៕ សុខដុម