ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ កូរ៉េខាងជើងថាខ្លួនជាជនរងគ្រោះក្នុងការស្លាប់របស់និស្សិតអាមេរិក

ចែករំលែក៖

កាលពីថ្ងៃទី ២៣ ខែមិថុនា កូរ៉េខាង ជើងបានប្រកាសថា ការស្លាប់របស់និស្សិត អាមេរិក Otto Warmbier ក្រោយរយៈពេល១៧ខែឃុំខ្លួននៅលើទឹកដីកូរ៉េខាងជើង គឺជារឿង គួរឲ្យភ្ញាក់ផ្អើលសម្រាប់កូរ៉េខាងជើង ដោយពេលទីក្រុងព្យុងយ៉ាងដោះ លែង និស្សិតខាងលើ មានស្ថានភាពសុខ ភាពល្អធម្មតា។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ថាកូរ៉េខាងជើងបានផ្តល់សេវាកម្ម រក្សាសុខភាពជាពិសេសដល់ និស្សិតអាមេរិកខាងលើ ហើយក៏សម្រេច ដោះលែង ឲ្យទៅអាមេរិកព្យាបាលវិញ ដោយសារតែបញ្ហាសុខភាព។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ ថា « ក្រោយ Otto Warmbier ទៅដល់ អាមេរិក មានសុខភាពល្អប្រសើរហើយការស្លាប់យ៉ាងចៃដន្យនេះគឺជារឿង គួរឲ្យភ្ញាក់ផ្អើលសម្រាប់យើងខ្ញុំ»។

ក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសថា «ជាការពិតណាស់ ជនរងគ្រោះធំបំផុតនាពេលនេះគឺជាកូរ៉េខាងជើង ។ យើងខ្ញុំ មិនល្ងង់ទៅធ្វើរឿងនោះឡើយ តើវាបានមកផលប្រយោជន៍អ្វីដល់កូរ៉េខាងជើង បើសម្លាប់និស្សិតអាមេរិកនោះ »។

ក្នុងពេលជាមួយគ្នានេះដែរ សារព័ត៌ មាន KCNA របស់កូរ៉េខាងជើង បានច្រានចោលការចោទប្រកាន់របស់អាមេរិកថាបានធ្វើទារុណកម្មទៅលើ និស្សិតអាមេរិក។ ទន្ទឹមនឹងនេះសារព័ត៌មានកូរ៉េខាងជើងបានរិះគន់កូរ៉េខាងត្បូងថាបានឆ្លៀតឱកាសនេះដើម្បីរំដោះអ្នកទោសកូរ៉េខាងជើង ៦​នាក់ដែលកំពុងជាប់ឃុំនៅ កូរ៉េខាងត្បូង។

សកម្មភាពរបស់កូរ៉េខាងជើង មានន័យ ថា អាមេរិកជាអ្នកសម្លាប់និស្សិតខាងលើហើយទម្លាក់កំហុសទៅឲ្យកូរ៉េខាងជើង ។ ការចេញបកស្រាយរបស់កូរ៉េខាងជើង កើតឡើងក្រោយសពរបស់ Otto Warmbier បានបញ្ជូនទៅកាន់ទីបូជារួចរាល់។ ការបកស្រាយនោះ ត្រូវបានក្រុមអ្នកវិភាគ លើកឡើងថា កូរ៉េខាងជើង ក៏ខ្លាច រងការ វាយប្រហារពីអាមេរិកផងដែរ នៅពេល ដែលខ្លួនមិនទាន់មានអាវុធការពារគ្រាប់គ្រាន់នោះ។

ការស្លាប់របស់ពលរដ្ឋអាមេរិកក្រោយពេលដែលកូរ៉េខាងជើង បានឃុំខ្លួន១៧ខែ ហើយទើបតែដោះលែងបានប៉ុន្មានថ្ងៃក៏ បានស្លាប់ ធ្វើឲ្យថ្នាក់ដឹកនាំអាមេរិកខឹង សម្បាយ៉ាងខ្លាំង ដោយចាត់ទុកថា កូរ៉េ ខាងជើងជាអ្នកសម្លាប់ ។

កន្លងមកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសកូរ៉េខាង ជើង ពីការស្លាប់របស់និស្សិតអាមេរិក Otto Warmbier ហើយកូរ៉េខាងជើងនឹងត្រូវ ទទួលខុសត្រូវពីបញ្ហាខាងលើ។ មេដឹក នាំអាមេរិក បានថ្កោលទោស នូវអំពើព្រៃ ផ្សៃរបស់ របបដឹកនាំកូរ៉េខាងជើង ដែល​ធ្វើទៅលើនិស្សិតអាមេរិក ។ សារព័ត៌មាន Independent បានដកស្រង់សម្តីលោកត្រាំ បញ្ជាក់ថា លោកពិតជាសោកស្តាយ ចំពោះការស្លាប់របស់ពលរដ្ឋអាមេរិក ។

ប្រធានាធិបតីត្រាំក៏បាន ចូលរួមរំលែក​ទុក្ខដល់ គ្រួសារ និស្សិត Otto Warmbier ដោយលោកបានប្រកាសថា« គ្មានអ្វីដែល ឈឺចាប់ជាង ឪពុកម្តាយ ដែលត្រូវបាត់ បង់កូន ទាំងនៅក្មេង អាយុ២៣ឆ្នាំ។ ទាំង ខ្ញុំនិងមិត្តភក្តិរបស់Otto បានបន់ស្រន់ ឆ្ពោះទៅកាន់គ្រួសារ Otto។

ប្រធានាធិបតីអាមេរិកបានប្រកាសថា ក្រោយការស្លាប់ ពលរដ្ឋអាមេរិកពីសំណាក់កូរ៉េខាងជើង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីន​តោន នឹងត្រូវធ្វើអ្វីម្យ៉ាងដើម្បីធានាដល់ ពលរដ្ឋអាមេរិក ៣នាក់ផ្សេងទៀតដែល កូរ៉េខាងជើង បានចាប់ឃុំខ្លួន ឲ្យមានសុវត្ថិ​ភាពអាយុជីវិត។

និស្សិត Otto Warmbier បានវិលត្រឡប់មកអាមេរិកវិញនៅថ្ងៃទី១៣ខែមិថុនា ក្រោយពេលខ្លួនចំនួន១៧ខែ ហើយស្លាប់​នៅថ្ងៃទី១៩ខែមិថុនា គឺបានមកជួបគ្រួសារបានតែ៦ថ្ងៃប៉ុណ្ណោះ ។ ប៉ុន្តែការមកជួប នោះ គឺមិនដឹងខ្លួនឡើយ ដោយស្ថិតក្នុង អាការសន្លប់ និយាយអ្វីក៏មិនបាន ។ កូរ៉េ ខាងជើងបានដឹងយ៉ាងច្បាស់ថា និស្សិត ខាងលើរស់នៅមិនបានយូរឡើយទើប សម្រេចដោះលែងឲ្យវិលត្រឡប់ទៅអាមេ រិកវិញយ៉ាងតក់ក្រហល់ ចៀសវាងការស្លាប់នៅលើទឹកដីកូរ៉េខាងជើង ។ ទោះបីបែប ណាក្តីកូរ៉េខាងជើង ក៏ត្រូវ ជាប់ទោសពីការសម្លាប់និស្សិតអាមេរិកផងដែរ។

ក្រុមអ្នកវិភាគ បានលើកឡើងថា កា សាកល្បងកាំជ្រួចមីស៊ីល បរមាណូ ក៏មិន ធ្វើឲ្យ រដ្ឋាភិបាល និងពលរដ្ឋអាមេរិកខឹងសម្បាយ៉ាងខ្លាំងបែបនេះដែរ តែពេលនេះ កូរ៉េខាងជើង បានធ្វើឲ្យអាមេរិកឆេះដុំ មិន អាចទប់កំហឹងរបស់ខ្លួនបាន នៅពេលដែលកូរ៉េខាងជើងបានសម្លាប់ពលរដ្ឋរបស់ខ្លួននោះ។

តើការស្លាប់នោះអាចជាដើមហេតុ ធ្វើឲ្យអាមេរិកវាយប្រហារកូរ៉េខាងជើង ? ទាំងនោះជាសំណួរដែលមនុស្សជាច្រើនបានចោទសួរ ។ កន្លងមកកូរ៉េខាងជើង មិនដែលធ្វើឲ្យពលរដ្ឋអាមេរិកស្លាប់ ឬរងរបួសនោះឡើយបើទោះបីចាប់ឃុំខ្លួន ដោយចោទ ប្រកាន់ពីបទល្មើសផ្សេងៗក្តី។

នៅពេលនេះអាមេរិក អាចនឹងធ្វើអ្វី ម្យ៉ាង ដើម្បីជាការព្រមាណដល់កូរ៉េខាង ជើង។ ការដាក់ទណ្ឌកម្ម មិនធ្វើឲ្យប្រទេសនេះខ្លាចរអានោះឡើយ ដូច្នេះវិធីសាស្ត្រ តែមួយគត់គឺអាមេរិកវាយប្រហារបញ្ចប់របបដឹកនាំផ្តាច់ការរបស់កូរ៉េខាងជើង ។

នៅពេលនេះដែរកម្លាំងទាហានអាមេរិកបានឡោមព័ទ្ធជុំវិញកូរ៉េខាងជើងរួចរាល់ ដើម្បីត្រៀមលក្ខណៈ សម្រាប់វាយប្រហាររង់ចាំតែបញ្ជាប៉ុណ្ណោះរាល់ទីតាំង អាវុធ ទំនើបៗរបស់កូរ៉េខាងជើង នឹងត្រូវបំផ្លាញក្នុងរយៈពេលខ្លីបំផុត មិនឲ្យកូរ៉េខាងជើងមានឱកាសតដៃនោះឡើយ។

ក្រុមអ្នកឯកទេស យុទ្ធសាស្ត្របាន លើកឡើងថា ទីតាំងដែលអាមេរិកត្រូវវាយប្រហារដំបូងគេនោះគឺ ទីតាំងមីស៊ីល បរមាណូរបស់កូរ៉េខាងជើង និងទីតាំងលាក់ខ្លួនរបស់មេដឹកនាំគីម ជុងអ៊ុន ។ នៅពេល ដែល មេដឹកនាំគីម ជុងអ៊ុន ស្លាប់ ឬត្រូវ បានចាប់ខ្លួននោះ កម្លាំងទាហានកូរ៉េខាងជើងក៏ដូចជាមន្ត្រីជាច្រើនផ្សេងទៀត ដែល ធុញថប់របបផ្តាច់ការ អាចនឹងទម្លាក់អាវុធងាកទៅរកអាមេរិក និងកូរ៉េខខាងត្បូង ដើម្បីបង្កើតរដ្ឋាភិបាល ប្រជាធិបតេយ្យ នៅក្នុងប្រទេសនេះ៕ ម៉ែវ សាធី


ចែករំលែក៖