ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាចំណាយប្រាក់ជាង២ពាន់លានដុល្លារទិញយន្តហោះស៊ើបការគ្មានមនុស្សបើក២២គ្រឿងពីអាមេរិកដើម្បីទុបទល់ជាមួយចិន

ចែករំលែក៖

ឥណ្ឌា និងអាមេរិកបានបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតថែមទៀតលើវិស័យយោធា ក្នុងនោះ មានការចុះកិច្ចព្រមព្រៀងថ្មីទិញអាវុធបន្ថែមពីអាមេរិកដើម្បីទុបទល់ចិននៅតាមបណ្តោយព្រំដែនប្រទេសទាំង២ ដែលកំពុងប្រឈមមុខតានតឹងដាក់គ្នា។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អាមេរិក នាយករដ្ឋមន្ត្រីឥណ្ឌាបានចុះហត្ថលេខាទិញយន្តហោះគ្មានមនុស្សបើកប្រភេទ MQ-9B ផលិតដោយក្រុមហ៊ុន GA-ASI របស់អាមេរិកដើម្បីតាមដានសកម្មភាពទាំងនៅក្នុងដែនសមុទ្រ និងតាមបណ្តោយព្រំដែនដីគោក។ ក្រុមហ៊ុនអាមេរិកមានការពេញចិត្តយ៉ាងខ្លាំងដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រទេសទាំងពី។ កិច្ចព្រមព្រៀងខាងលើនឹងត្រូវបញ្ជូនទៅកាន់សភាពអនុម័តនៅសប្តាហ៍ក្រោយ។

នេះជាលើកទី១ហើយ ដែលយន្តហោះគ្មានមនុស្សបើករបស់អាមេរិកត្រូវបានលក់ទៅឲ្យប្រទេសក្រៅពីសម្ព័ន្ធមិត្តណាតូ។ ទាំងនោះបង្ហាញឲ្យឃើញថា អាមេរិក និងឥណ្ឌាបានឈានដល់ដំណាក់កាលនៃទំនាក់ទំនងល្អបំផុត។ បច្ចុប្បន្នឥណ្ឌា និងអាមេរិកជាដៃគូរការពារជាតិយ៉ាងសំខាន់នៅក្នុងតំបន់អាស៊ីបន្ទាប់ពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង។

នៅក្នុងតំណើរទស្សនកិច្ចរយៈពេលពី២ថ្ងៃទៅកាន់អាមេរិក មេដឹកនាំទាំង២បានបង្ហាញភាពស្និតស្នាលយ៉ាងខ្លាំង។ ក្រៅពីកិច្ចព្រមព្រៀងទិញយន្តហោះគ្មានមនុស្សបើក អាមេរិក និងឥណ្ឌាក៏បានព្រមព្រៀងទិញយន្តហោះស៊ីវិលដឹកអ្នកដំណើរជាង១០០គ្រឿង និងផ្គត់ផ្គងឧស្ម័នហ្គាសដល់ឥណ្ឌាផងដែរ។ មន្ត្រីការពារជាតិអាមេរិកបានបញ្ជាក់ថា ក្រសួងការពារជាតិអាមេរិកបានសម្រេចលក់យន្តហោះដឹកជញ្ជូនមានតម្លៃ៣៦៦លាន ប្រភេទC-17 ផលិតដោយក្រុមហ៊ុនប៊ូអិនទៅឲ្យឥណ្ឌា។

តំណើរទស្សនកិច្ចទៅកាន់អាមេរិក និងកិច្ចព្រមព្រៀងទិញអាវុធរបស់ឥណ្ឌាកើតឡើងក្នុងពេលដែលឥណ្ឌាកំពុងប្រឈមមុខតានតឹងដាក់គ្នាជាមួយប្រទេសជិតខាងក្នុងនោះមានចិន និងប៉ាគីស្ថានជាដើម។ វិវាទនៅតាមបណ្តោយព្រំដែនរវាងឥណ្ឌានិងប៉ាគីស្ថាន កើតមានតាំងពីយូរណាស់មកហើយ មានពេលខ្លះភាគីទាំង២បានប្រឈមមុខដាក់គ្នាដោយអាវុធក្នុងតំបន់ព្រំដែនកាស្មៀ។

ក្រៅពីនេះ ឥណ្ឌានិងចិនក៏ទើបតែប្រឈមមុខដាក់គ្នានៅក្នុងតំបន់ព្រំដែនដោយទាហានប្រទេសទាំង២បានផ្ទុះអាវុធដាក់គ្នា ហើយចោទប្រកាន់គ្នាទៅវិញទៅមក៕ ម៉ែវ សាធី


ចែករំលែក៖