កាលពីថ្ងៃទី២៨ ខែមិថុនា ខ្មាន់កាំភ្លើងមួយក្រុមបានបើកការវាយប្រហារទៅលើក្បួនរថយន្តរបស់អង្គការសហប្រជាជាតិនៅជិតទីក្រុង Tripoliប្រទេសលីប៊ី ហើយចាប់បុគ្គលិកអង្គការសហប្រជាជាតិ៧នាក់ធ្វើជាចំណាប់ខ្មាំង តែក្រោយមកក៏បានដោះលែងចំណាប់ខ្មាំងទាំងនោះឲ្យមានសេរីភាពវិញ។
ឧត្តមសេនី Najmi al Nakoua មកពីកងកម្លាំងការពារប្រធានាធិបតីលីប៊ីបានឲ្យដឹងថា ការវាយប្រហារខាងលើកើតឡើងនៅតំបន់ Zawiyah ចម្ងាយពីទីក្រុងទ្រីប៉ូលី ប្រមាណ៥០គីឡូម៉ែត្រ នៅភាគខាងលិច ។ បុគ្គលិករបស់អង្គការសហប្រជាជាតិទាំងអស់មានសុវត្ថិភាពមិនមានអ្នកណារងរបួសឡើយ។
លោក Abdallah al Lafi តំណាងរាស្ត្រលីប៊ី និងជាអ្នកដឹកនាំការចរចាឈានដល់ការដោះលែងបុគ្គលិកអង្គការសហប្រជាជាតិបានឲ្យដឹងថា ជនវាយប្រហារបានចាប់បុគ្គលិកអ.ស.ប ធ្វើជាចំណាប់ខ្មាំងដើម្បីទាមទាការដោះលែងបក្ខពួករបស់ខ្លួនដែលត្រូវរដ្ឋាភិបាលលីប៊ីចាប់ខ្លួន។
លីប៊ី ធ្លាក់ក្នុងស្ថានភាពអសន្តិសុខចាប់តាំងពីរបបដឹកនាំដោយលោក ហ្គាដាហ្វី ត្រូវបានផ្តួលរំលំកាលពីឆ្នាំ២០១១ ។ តាំងពីពេលនោះមក រដ្ឋាភិបាល២បានកើតឡើងព្រមគ្នានៅក្នុងប្រទេសនេះ ដោយរដ្ឋាភិបាលមួយគ្រប់គ្រងទីក្រុងទ្រីប៉ូលី និងមួយទៀតគ្រប់គ្រងនៅទីក្រុង Tobruk។ ប្រទេសមួយមានរដ្ឋាភិបាល២បានបង្ករក្តីលំបាកយ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយតែងតែមានអំពើហិង្សាកើតឡើងជាបន្តបន្ទាប់។
កន្លងមក ក៏មានការខិតខំបង្កើតរដ្ឋាភិបាលសមគ្គីនៅក្នុងប្រទេសលីប៊ី ដោយច្របាច់បញ្ចូលរដ្ឋាភិបាលទាំង២មកជាមួយវិញ បែងចែកអំណាចគ្នា ប៉ុន្តែក្រុមអ្នកបង្កើតច្បាប់របស់រដ្ឋាភិបាលដែលគ្រប់គ្រង Tobruk មិនគាំទ្រដល់ការបង្កើតរដ្ឋាភិបាលសាមគ្គីនោះឡើយ ដោយសារតែគម្រោងបង្កើតនោះបានផ្តល់ផលប្រយោជន៍ដល់ភាគីម្ខាងទៀតច្រើនជាង៕ ម៉ែវ សាធី