ព័ត៌មានទាន់ហេតុការណ៍៖

សាលាឧទ្ធរណ៍ សវនាការរឿងក្ដីលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី

ចែករំលែក៖

ភ្នំពេញ៖សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា នេះ បើកសវនាការរឿងក្ដីលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ស្របពេលភរិយាលោក ហុង សុខហួរ គឺ អ្នកស្រី គុណ លំអង ត្រូវបានចូលកាន់តំណែងជាសមាជិកព្រឹទ្ធសភាជំនួសស្វាមីដែលបានលាលែងពីតំណែង នៅព្រឹកនេះដែរ ។

លោក ទូច ថារិទ្ធិ អគ្គលេខាធិការរងនិងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងថា កម្មវត្ថុនៃសវនាការនេះ គឺ ជនជាប់ចោទប្តឹងប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយសវនាការដឹកនាំដោយលោក សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ធរណ៍និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ។

សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ផ្តន្ទាទោសលោក ហុង សុខហួរ ដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ ។

លោក ហុងសុខហួរ ជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់ លោក សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះ ៕ ចេស្តា


ចែករំលែក៖