ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ រុស្ស៊ីចោទប្រកាន់អាមេរិកថាបានប្រើប្រាស់ល្បិច«អាវុធគីមី»ដើម្បីវាយប្រហារស៊ីរី

ចែករំលែក៖

យុទ្ធសាស្ត្រ ផ្សព្វផ្សាយព័ត៌មានរបស់ អាមេរិក ថាស៊ីរីត្រៀមលក្ខណៈវាយប្រហារអាវុធគីមីសាស្ត្រ គឺជាផែនការដើម្បីបើកផ្លូវឲ្យអាមេរិក ប្រើប្រាស់កម្លាំងយោធា វាយ ប្រហារស៊ីរី ដោយលើកយកហេតុផលមិន សមស្របទាំងនោះ។

នៅក្នុងសេចក្តីប្រកាសរបស់រុស្ស៊ីកាលពីថ្ងៃទី២៩ ខែមិថុនា ក្រោយពេលអាមេរិកផ្សព្វផ្សាយព័ត៌មានថា ទាហានស៊ីរីត្រៀម លក្ខណៈ វាយប្រហារដោយអាវុធគីមី ។ សកម្មភាពបែបនេះរបស់អាមេរិកនឹងជំរុញឲ្យមានការប្រឈមមុខដាក់គ្នារវាងអាមេរិកនឹងរុស្ស៊ី នៅក្នុងសង្គ្រាមស៊ីរី។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Maria Zakharova បានបញ្ជាក់ថា យុទ្ធនាការតាមប្រព័ន្ធឃោសនារបស់អាមេរិកធ្លាប់បានធ្វើឡើងកាលពីឆ្នាំ២០១៣ ដើម្បីត្រៀមលក្ខណៈ ជ្រៀតជ្រែកដោយ កម្លាំងយោធារបស់ប្រទេសលោកខាងលិចទៅលើស៊ីរី ។ប៉ុន្តែយុទ្ធនាការនោះត្រូវបានរារាំងដោយសារតែរុស្ស៊ីមានជំហររឹងមាំ។ កន្លងមកថ្មីៗអាមេរិក ក៏បានប្រើប្រាស់យុទ្ធសាស្ត្របែបនេះដែរ ក្នុងការវាយប្រហារទៅលើទីតាំងយោធារបស់ស៊ីរីកាលពីខែមេសាឆ្នាំ២០១៧ ។នៅពេលនោះអាមេរិក បានវាយប្រហារដ ោយ កាំជ្រួចមីស៊ីលចេញពីនាវាចម្បាំងជិត៦០ដើមទៅលើទីតាំងស៊ីរី។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា យុទ្ធសាស្ត្រដែលអាមេរិកលើកឡើងនាពេលនេះមិនខុសអ្វី ពីពេល មុនឡើយក្រោយ ក្រុមប្រឆាំងដែលគាំទ្រដោយអាមេរិកបានធ្វើឃ្លីបវីដេអូ ក្លែងក្លាយពីការវាយប្រហារដោយអាវុធគីមី នៅស៊ីរី ដោយចោទប្រកាន់ទៅលើរដ្ឋាភិបាល ។ បន្ទាប់មកអាមេរិកបានបើកការវាយប្រហារទីតាំងយោធារបស់ស៊ីរី តែម្តង។

កន្លងមកថ្មីៗនេះ រដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergei Lavrov បានប្រកាសថា រុស្ស៊ីនឹងប្រតិកម្ម ប្រសិនបើអាមេរិកបើកការវាយប្រហារទៅលើស៊ីរីដោយចោទប្រកាន់ពីការ ប្រើអាវុធគីមីនោះ។ រដ្ឋមន្ត្រីការ បរទេសអាមេរិកលោក Rex Tillerson បានទូរស័ព្ទទៅកាន់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ប្រាប់ថា អាមេរិកនឹងវាយប្រហារប្រសិនបើស៊ីរី វាយប្រហារអាវុធគីមីនោះ។

ភាគីរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីចាំបាច់ត្រូវតែការពាររដ្ឋាភិបាលស៊ីរី ហើយមិន អនុញ្ញាតឲ្យស៊ីរីប្រើប្រាស់អាវុធគីមីឡើយ។ ទន្ទឹមនឹងនោះអាមេរិកមិនត្រូវប្រើប្រាស់ របាយការណ៍វាយតម្លៃរបស់ក្រុមចារកម្ម ធ្វើជាហេតុផលវាយប្រហារស៊ីរីនោះឡើយ។

កាលពីថ្ងៃទី២៩ខែមិថុនា ក្រសួងការ បរទេសរុស្ស៊ីបានបញ្ជាក់ថា ការចោទប្រកាន់ ស៊ីរី ត្រៀមវាយប្រហារដោយអាវុធគីមីគឺជារឿងមិនត្រឹមត្រូវ។

កន្លងមក អ្នកនាំពាក្យសេតវិមានបាន ផ្តល់ដំណឹងថា ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ អាចកំពុងរៀបចំការវាយប្រហារដោយអាវុធគីមីជាថ្មីទៀត។ អាមេរិកបានព្រមានឆ្លើយតបទៅស៊ីរីវិញ បើមានការវាយប្រហារគីមីជាថ្មីទៀត។ អាមេរិកធ្លាប់បាញ់មីស៊ីល៥៩ដើមរួចហើយ ទៅលើមូលដ្ឋានទ័ពស៊ីរីកាលពីខែមេសា ក្រោយពីមានការវាយប្រហារដោយអាវុធគីមីនៅស៊ីរី សម្លាប់មនុស្ស៨៨នាក់។

អាមេរិកប្រាប់ថា បានរកឃើញរដ្ឋាភិបាលស៊ីរីកំពុងធ្វើសកម្មភាពដែលស្រដៀងនឹងសកម្មភាពរៀបចំការវាយប្រហារនៅអាវុធគីមី កាលពីមុនថ្ងៃ៤មេសាដែរ។ នៅល្ងាច ថ្ងៃចន្ទទី២៦ ខែមិថុនា លោកស្រី នីគី ហាឡី តំណាងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានព្រមានថា បើមានការវាយប្រហារដោយអាវុធគីមីជាថ្មីទៀត សម្លាប់ប្រជាជនស៊ីរីនោះគឺជាស្នាដៃរបស់ប្រធានាធិបតីអាសាដហើយ ហើយរុស្ស៊ី និងអុីរ៉ង់ ក៏មានចំណែកក្នុងនោះដែរ។

គួររំលឹកថា ការវាយប្រហារដោយអាវុធ គីមី នៅស៊ីរី កាលពីថ្ងៃទី៤ ខែមេសា នៅ ក្រុងខាន់ ឈែកឃូន ខែត្តអ៊ីតឡេប ភាគ ពាយព្យស៊ីរី បានសម្លាប់មនុស្ស៨៨នាក់ ក្នុងនោះមានកុមារ៣១នាក់ ធ្វើឲ្យប្រទេសលោកខាងលិចរិះគន់ស៊ីរីជាខ្លាំង។ នៅយប់ ថ្ងៃទី៦ ខែមេសា អាមេរិកបានបាញ់មីស៊ីលទៅលើមូលដ្ឋានទ័ពស៊ីរីដល់ទៅ៥៩ដើម។ គួរបញ្ជាក់ថា អាមេរិកនៅតែសង្ស័យថា ប្រធានាធិបតីអាសាដ បានលួចស្តុកទុក អាវុធគីមី បំពានលើកិច្ចព្រមព្រៀងឆ្នាំ ២០១៣ ដែលតម្រូវឲ្យស៊ីរីកម្ទេចអាវុធគីមីឲ្យអស់ពីក្នុងស្តុក។ អុីស្រាអែលចោទថា លោកអាសាដនៅមានអាវុធគីមីជាច្រើនតោនទៀតក្នុងស្តុក។

មុនការវាយប្រហារដោយអាវុធគីមី ថ្ងៃ ទី៤ ខែមេសាឆ្នាំនេះ កាលពីឆ្នាំ២០១៣ ស៊ីរីធ្លាប់រងការវាយប្រហារអាវុធគីមីសម្លាប់មនុស្សច្រើនបំផុតដែរ គឺការវាយប្រហារដោយឧស្ម័នពុលសារ៉ាំង នៅជាយក្រុងដា ម៉ាស់ ដែលកាលនណោះបានសម្លាប់មនុស្សជាង១៤០០នាក់។ ប្រទេសលោកខាងលិចបានទម្លាក់កំហុសទៅលើលោកអាសាដ តែលោកអាសាដ និងរុស្ស៊ីតែងបដិសេធការចោទប្រកាន់ទាំងនេះ។

នៅស៊ីរី អាមេរិកធ្វើយុទ្ធនាការកម្ចាត់ ក្រុមជីហាដរដ្ឋអ៊ិស្លាម និងជួយបំពាក់អាវុធកងកម្លាំងប្រជាធិបតេយ្យស៊ីរី និងគាំទ្រក្រុមប្រយុទ្ធដែលស្អប់រដ្ឋាភិបាលស៊ីរី។ បញ្ហានេះ ធ្វើឲ្យទំនាក់ទំនង រវាងអាមេរិក ជាមួយស៊ីរី ក៏ដូចជាជាមួយរុស្ស៊ី និងប្រទេសជាមិត្តស៊ីរីកាន់តែតានតឹង។ កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ អាមេរិកបានបាញ់ទម្លាក់យន្តហោះ កងទ័ពស៊ីរីមួយគ្រឿង ដោយចោទថា យន្តហោះស៊ីរីគំរាមកងកម្លាំងប្រជាធិបតេយ្យស៊ីរី។

អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ដែលសង្រ្គាមស៊ីរីបានក្លាយជាសមរភូមិនៃការប្រឈមមុខដាក់គ្នាដោយប្រយោល រវាង រុស្ស៊ី នឹងសហរដ្ឋអាមេរិក។ នៅក្នុងពេល បច្ចុប្បន្ននេះ ការប្រឈមមុខដាក់គ្នារវាង មហាអំណាចទាំងពីរបានកើនឡើងកាន់តែខ្លាំង ក្រោយពីអាមេរិកបានបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរី និងដ្រូនអុីរ៉ង់ បង្កឲ្យ រុស្ស៊ីផ្ទុះកំហឹង ហើយប្រកាសចាត់ទុកយន្តហោះចម្បាំងទាំងអស់របស់អាមេរិក និង សម្ពន្ធមិត្ត ដែលហោះក្នុងដែនអាកាសរបស់ស៊ីរីថាជាការគំរាមកំហែង និងជាចំណុច ស៊ីប។

នៅពេលនេះអាមេរិក បាននិងកំពុងរៀបចំការវាយប្រហារទៅលើប្រទេសស៊ីរីជាថ្មីដោយចោទប្រកាន់ពីបទដដែលៗ គឺការប្រើប្រាស់អាវុធគីមី។ការរាលដាលនៃជម្លោះនេះកំពុងតែធ្វើឲ្យសង្រ្គាមស៊ីរីត្រូវធ្លាក់ចូលទៅក្នុងដំណាក់កាលមួយដ៏សែន គ្រោះថ្នាក់។

តាមការពិត សង្រ្គាមស៊ីរីគឺជាទីលាននៃការប្រឈមមុខដាក់គ្នាប្រកបដោយគ្រោះថ្នាក់ តាំងពីយូរណាស់មកហើយ ដោយសារតែវាជាសង្រ្គាមដែលមានតួអង្គពាក់ព័ន្ធច្រើនប្រទាក់ក្រឡាគ្នាដ៏សែនស្មុគស្មាញ៕ ម៉ែវ សាធី


ចែករំលែក៖