ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចិញ្ចឹមជ្រូកលក្ខណៈគ្រួសារលំបាករកទីផ្សារខណៈជ្រូកនាំចូលពីប្រទេសជិតខាងកើនឡើង

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋដែលចិញ្ចឹមជ្រូកលក់ជាលក្ខណៈគ្រួសារ កំពុងត្អូញត្អែរ ដោយសម្តែងក្តីព្រួយបារម្ភចំពោះជីវភាព រស់នៅប្រចាំថ្ងៃ ព្រោះតែលំបាករកទីផ្សារ លក់ជ្រូករបស់ខ្លួន ខណៈឈ្មួញនាំចូលជ្រូកមកពីប្រទេសជិតខាង។

លោក តេង ស៊ន រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដែលបានចិញ្ចឹម ជ្រូកចំនួនជាង៥០ក្បាល បានរៀបរាប់ថា បច្ចុប្បន្នការរកទីផ្សារលក់ជ្រូកចិញ្ចឹមជា លក្ខណៈគ្រួសារ ពិតជាមានការលំបាក យ៉ាងខ្លាំង ដោយសារក្រុមឈ្មួញបាននាំ ចូលសត្វជ្រូកជាច្រើនក្បាលរៀងរាល់ថ្ងៃ មកពីប្រទេសជិតខាង ដូច្នេះការចិញ្ចឹមជ្រូក របស់ពួកគេកាន់តែមានតម្លៃចុះថោកទៅៗ ហើយគ្មានទីផ្សារនោះទេ ដោយជ្រូករស់លក់បានត្រឹមតែ១គីឡូក្រាម៦ពាន់រៀល ជួនកាលអត់មានអ្នកទិញថែមទៀតផង។ ចំណែកសាច់ជ្រូកដែលឈ្មួញកាប់ដាក់ លក់ក្នុងផ្សារ១គីឡូក្រាម១ម៉ឺន៣ពាន់ រៀល ទៅ១ម៉ឺន៤ពាន់រៀលឯណោះ ។

លោកបន្តទៀតថា ដោយសារតែខាត បង់ប្រាក់ចំណូលខ្លាំងពេក និងអត់មាន ទីផ្សារ ទើបអ្នកភូមិជាច្រើននាក់បានបោះបង់ចោល មុខរបរចិញ្ចឹមជ្រូកស្ទើរអស់រលីងទៅហើយ ដោយបែរនាំគ្នាចំណាកស្រុក ធ្វើការនៅប្រទេសថៃ និងមួយចំនួនទៀត ប្រកបមុខរបរផ្សេងទៀតយ៉ាងត្រដាប ត្រដួស។

ដូចគ្នានេះដែរ អ្នកចិញ្ចឹមជ្រូកនៅភូមិ អូរតាពុកក្រោម នៃសង្កាត់ទួលល្វា ក្រុង ប៉ៃលិន ក៏បានត្អូញត្អែរមិិនខុសគ្នាដែរថា ជ្រូកខ្មែរលក់ថោក ហើយអត់មានឈ្មួញ ចូលទៅទិញកាប់លក់តាមស្តង់ច្រើននោះទេ ដោយគេទិញជ្រូកមកពីប្រទេសជិតខាងដូចជាថៃ និងវៀតណាមជាដើម ដែលធ្វើ ឲ្យពួកគេមានការព្រួយបារម្ភពីសុខភាព ប្រជាពលរដ្ឋ ដែលទិញយកទៅធ្វើម្ហូប អាហារ ។

ករណីនេះ យើងមិនអាចស្វែងរកការ បកស្រាយណាមួយពីមន្ត្រីមន្ទីរកសិកម្ម ខេត្តប៉ៃលិនបាននៅឡើយទេនៅពេល នេះ។ តែទោះជាយ៉ាងណាក៏ដោយប្រជា ពលរដ្ឋស្នើសុំដល់អាជ្ញាធរសូមជួយរក ទីផ្សារ សម្រាប់ប្រជាកសិករដែលប្រកប របរចិញ្ចឹមជ្រូក និងសូមជួយទប់ស្កាត់ការនាំចូលជ្រូកពីខាងក្រៅប្រទេស កុំឲ្យចូល ច្រើនពេក៕ ហេង នរិន្ទ្រ


ចែករំលែក៖