ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់បានទាញយកដែកឆាបទៅចាក់ប្រហារលើគូទំនាស់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានហេតុការណ៍កើតឡើងជនដៃដល់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។
ករណីហិង្សាដោយចេតនានេះបានកើតឡើង កាលពីវេលាម៉ោង១៨ និង១០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនដៃដល់ដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ខា ឃាង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ។ ចំណែកឯជនរងគ្រោះឈ្មោះ ធឿន ថែ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទួលស្វាយ ឃុំកំពង់កុង ស្រុកកោះធំ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យបាននៅអង្គុយផឹកស្រាសជុំគ្នាជាមួយមិត្តភក្តិត្រង់ចំណុចក្រោមផ្ទះរបស់ឈ្មោះ ឈាង ឡេង ។ បន្ទាប់ពីផឹកស្រាសអស់ចំនួណ០៤លីត្ររួចមក ជនរងគ្រោះនិងមិត្តភក្តិម្នាក់ទៀតបានដើរកាន់ដបស្រាផែកដីចំនួន០១ដបចូលទៅអង្គុយផឹកជុំគ្នាជាមួយជនសង្ស័យនិងបក្ខពួក ។ មួយសន្ទុះក្រោយមកមិត្តភក្តិជនរងគ្រោះក៏បានឈ្លោះប្រកែកពាក្យសំដីគ្នាជាមួយមិត្តភក្តិជនសង្ស័យ ។
ប្រភពដដែលបានបន្តទៀតថា ភ្លាមៗជនរងគ្រោះក៏បានចូលទៅឃាត់ ក៏ត្រូវបានជនសង្ស័យបបួលវាយគ្នាមួយស្មើ រហូតមានការប្រតាយប្រតបគ្នារវាងជនសង្ស័យ និងជនរងគ្រោះ ខណៈនោះជនសង្ស័យក៏បានស្ទុះយកដែកឆាបមកធ្វើការចាក់ប្រហារទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសត្រង់លើខ្នងបោះដៃផុតចំហៀងខាងស្ដាំរហូតដួលសន្លប់នៅកន្លែងកើតហេតុ ។
ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួន បញ្ជូនទោកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ៕ ស្អាងជ័យ