ខេត្តស្ទឹងត្រែងៈ ប្រជាពលរដ្ឋ ក៏ដូចមន្ត្រីរាជការ ពួកគាត់តែងតែជិះឡានម៉ូតូ និងបើកគោយន្តកន្ត្រៃ ដោយដឹកជញ្ជូនកសិផលផ្សេងៗ ធ្វើដំណើរឆ្លងកាត់ស្ពានមេគង្គមួយនេះ នៅតាមបណ្តោយផ្លូវជាតិលេខ៩ ដែលស្ថិតនៅភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានមានការងឿងឆ្ងល់ដូចៗគ្នាថា ចុះហេតុអ្វីភ្លើង ដែលនៅតាមបង្គោលស្ពានមេគង្គ បើកតែមួយចំហៀងហើយបានតែពាក់កណ្តាលស្ពាន រីឯពាក់កណ្តាលស្ពានទៀតមកភូមិអូរត្រែលខាងស្រុកថាឡាបរិវ៉ាត់ បែរជាគេបិទភ្លើងជារៀងរាល់យប់ហាក់បីដូចជាចែកបក្សពួកអញ្ចឹង ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភភ័យខ្លាចពីបញ្ហាដែលកើតមានជាយថាហេតុផ្សេងៗ នៅពេលពួគគាត់ធ្វើដំណើរឆ្លងកាត់នៅពេលយប់គ្មានសុវត្ថិភាព។
តាមការរៀបរាប់ពីពលរដ្ឋដែលមានឈ្មោះ អិន ម៉ៃឃើ ជាអ្នករស់នៅភូមិអូរត្រែលឃុំថាឡា ស្រុកថាឡាបរីវ៉ាត់ នៅជាប់នឹងគល់ស្ពានមេគង្គខាងលើនោះ បានសំណូមពរទៅដល់លោកអភិបាលនៃគណៈអភិបាលខេត្ត និងខាងប្រធានអគ្គីសនីខេត្តស្ទឹងត្រែង សុំឲ្យបើកភ្លើងបំភ្លឺទាំងសងខាងស្ពានផង ដើម្បីជៀសវាងកើតមានឡើងនៅហានីភ័យ នឹងជួយការពារកុំឲ្យមានក្រុមបងតូច បងធំ ដែលឆ្លៀត ឱកាសលួចធ្វើសកម្មភាពផ្សេងៗនៅពេលយប់ជាដើម កាលកន្លងមកថ្មីៗនេះ មានប្រជាពលរដ្ឋធ្លាប់មានតវ៉ាពីបញ្ហាបិទបើកភ្លើងនៅលើស្ពានមេគង្គមួយនេះម្តងរួចមកហើយ។
ដោយមានការតវ៉ារបស់ប្រជាជនច្រើនពេក ទើបភ្លើងនៅលើស្ពាន បានបើកបំភ្លឺឡើងវិញ លុះដល់ឥឡូវនេះ ទើបតែបើកបានប្រហែលជាពីរថ្ងៃទៅបីថ្ងៃតែប៉ុណ្ណោះ បែរជាបើកម្ខាងបិទម្ខាងទៅវិញ។
ពលរដ្ឋដដែលបានបញ្ជាក់ថា ការបើកភ្លើងបំភ្លឺស្ពានមេគង្គនេះ គឺបើកបានតែមួយចំហៀងហើយបានតែពាក់កណ្តាលស្ពានទេ រីឯពាក់កណ្តាលស្ពានទៀតនៅខាងស្រុកថាឡាបរិវ៉ាត់ បែរជាងងឹតសូន្យឈឹង ធ្វើឲ្យអ្នក ដំណើរឆ្លងកាត់ស្ពានទៅមក នៅពេលយប់ៗ អាចប្រឈមនឹង គ្រោះថ្នាក់ផ្សេងៗ ព្រោះអីកន្លងមកថ្មីៗនេះ ធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដោយសារតែអត់មានបើកភ្លើងបំភ្លឺលើស្ពានហ្នឹងហើយ ទើបបណ្តាលឲ្យម៉ូតូ ទៅបុកពីក្រោយរថយន្តកែឆ្នៃដឹកឈើប្រណីត១គ្រឿង ធ្វើឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងនៅស្ពានមេគង្គតែម្តង
ដោយកើតហេតុដូច្នេះហើយ ទើបពួកគាត់បានទទូចស្នើសុំដល់អាជ្ញាធរដែលពាក់ព័ន្ធក្នុងខេត្ត សូមមេត្តាជួយពន្លឿនធ្វើយ៉ាងណាឲ្យបើកភ្លើងនៅលើស្ពានមេគង្គនៅត្រោយ ខាងលិចស្រុកថាឡាបរិវ៉ាត់ ឲ្យបានភ្លឺផង កុំបើកតែត្រោយខាងកើត បិទត្រើយខាងលិចអីចឹងវាមិនល្អទេ សូមធ្វើយ៉ាងណាឲ្យមានតម្លាភាពដូចគ្នា ទើបល្អ។
ជុំវិញក្នុងរឿងនេះ លោក សៀរ ប៉ាច ប្រធានសាខាអគ្គីសនីខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា បញ្ហាភ្លើងបំភ្លឺនៅលើស្ពានមេគង្គបានជាបើកមួយចំហៀង ពាក់កណ្តាលនេះ គឺដោយសារតែខាងប្រធានរដ្ឋបាលសាលាខេត្ត លោកចៅ មុន្នីរ៉ា បានកំណត់ឲ្យបើកភ្លើងតែមួយចំហៀងទេ ព្រោះអីរាល់ចំណាយភ្លើងបំភ្លឺនៅតាមដងផ្លូវ តាមសួនច្បារសាធារណៈ ថែមទាំងភ្លើងបំភ្លឺស្ពានទាំងអស់ ខាងរដ្ឋបាលសាលាខេត្តជាអ្នកចេញលុយ ។
លោកបានបញ្ជាក់ថា បើសិនជាតភ្ជាប់ភ្លើងឲ្យបំភ្លឺទៅនេះ វាជាការល្អណាស់ លោកចាំតែខាងខេត្តឲ្យតភ្ជាប់នោះទេ ប៉ុន្តែមិនដឹងជាធ្វើយ៉ាងមិចទេ បើខាងរដ្ឋបាលសាលាខេត្តគាត់ថាំលុយអីចឹង ៕ មាស សុផាត