ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅព្រះវិហារអ៊ិស្លាមនៅបារាំងរបួស៨នាក់

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយបារាំងបានផ្សាយថា កាលពីថ្ងៃទី២ ខែកក្កដា មានករណីបាញ់ប្រហារនៅមុខព្រះវិហារអ៊ិស្លាមស្ថិតនៅទីក្រុង Avignon ភាគខាងត្បូងប្រទេសបារាំងបណ្តាលឲ្យមនុស្ស៨នាក់រងរបួស។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនវាយប្រហារបិទមុខបាញ់រ៉ះទៅលើពលរដ្ឋនៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២ ខែកក្កដា (ម៉ោងក្នុងតំបន់) នៅពេលដែលសាសនិកធ្វើដំណើរចេញពីព្រះវិហារ។ មនុស្ស៤នាក់រងរបួសនៅមុខព្រះវិហារ និង១គ្រួរសារ៤នាក់ទៀតរងរបួសនៅចម្ងាយពីទីនោះប្រមាណ២០ម៉ែត្រ។

សារព័ត៌មាន La Provence បានផ្សាយថា មន្ត្រីក្នុងតំបន់បានបញ្ជាក់ ពីការណីបាញ់ប្រហារខាងលើមិនមែនជាសកម្មភាពភេរវកម្មនោះឡើយគឺជាគំនុំផ្ទាល់ខ្លួនពាក់ព័ន្ធនឹងការទូទាត់បំណុល។

ហេតុការណ៍ខាងលើកើតឡើងក្រោយពេលបុរសម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែមិថុនា ក្រោយពេលបានព្យាយាមបើករថយន្តបុកហ្វូងមនុស្ស នៅមុខព្រះវិហារអ៊ិស្លាមក្នុងតំបន់ Cretailជាយក្រុងប៉ារីស។ ជាភ័ព្វសំណាងនៅពេលនោះគ្មានអ្នកណារបួសដោយអ្នកដំណើរដឹងខ្លួនគេចទាន់ ហើយរថយន្តក៏បុកទៅនឹងរបងព្រះវិហារ។

ប្រទេសបារាំងស្ថិតនៅក្នុងតំណាក់កាល ប្រកាសអាសន្នពីសន្តិសុខជាតិ ចាប់តាំងពីក្រុមភេរវកម្មបានបើកការវាយប្រហារសម្លាប់មនុស្សរាប់រយនាក់នៅទីក្រុងប៉ារីសកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ និងការវាយប្រហារជាច្រើននាពេលកន្លងមក៕ ម៉ែវ សាធី


ចែករំលែក៖