ខេត្តសៀមរាប៖ ឆា-ឈីង គឺជាកម្មវិធីអប់រំមូលដ្ឋានគ្រឹះហិរញ្ញវត្ថុកុមារដ៏ពិសេស និងឈ្នះពានរង្វាន់ អភិវឌ្ឍឡើងដោយ មូលនិធិព្រូដិនស៍ ដែលជាមូលនិធិសប្បុរសធម៌នៃក្រុមហ៊ុន សាជីវកម្មព្រូដិនសលអាស៊ី ។
ដោយបានរចនាឡើងសម្រាប់កុមារអាយុពី ៧ដល់១២ឆ្នាំ កម្រងវីដេអូ ឆា-ឈីង គឺជាវីដេអូគំនូរជីវចលអមដោយបទចម្រៀងខ្លីៗ ដែលមានតួអង្គដ៏រស់រវើក ដែលពន្យល់អប់រំកុមារអំពីគោលគំនិតមូលដ្ឋាននៃការគ្រប់គ្រងលុយកាក់ គឺការរកលុយ សន្សំ ចាយ និងបរិច្ចាគ ដែលពេលនេះបានមកដល់ខេត្តបាត់ដំបង និងសៀមរាបហើយ។
ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជា បន្តពង្រីកសេវាកម្មហិរញ្ញវត្ថុប្រកបដោយគុណភាពរបស់ខ្លួន ឲ្យបានទៅដល់ប្រជាជនខ្មែរកាន់តែច្រើននៅទូទាំងប្រទេស ។
ក្រុមហ៊ុនក៏ប្តេជ្ញាចិត្តតបស្នងត្រឡប់ទៅឲ្យសហគមដែលខ្លួនធ្វើប្រតិបត្តិការវិញ ហើយកម្មវិធីសំខាន់មួយដែលក្រុមហ៊ុនបានអនុវត្តកាលពីពេលថ្មីៗនេះគឺ កម្មវិធី “ឆា-ឈីង” ដែលផ្តល់ឱកាសឲ្យកុមារចូលរួមក្នុងសកម្មភាពអប់រំគោលគំនិតហិរញ្ញវត្ថុ ដែលបានរៀបចំឡើងនៅតាមសាលាបឋមសិក្សាជាច្រើនក្នុងខេត្តបាត់ដំបង និងសៀមរាប ។
លោក មាន ដូន ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការ ប្រចាំសាខាព្រូដិនសលកម្ពុជាខេត្តបាត់ដំបង បានដឹកនាំក្រុមការងារស្ម័គ្រចិត្ត ដែលរួមមានទីប្រឹក្សាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីរៀបចំសកម្មភាពកម្មវិធី ឆា-ឈីង កាលពីថ្ងៃទី ២២ មិថុនា ។
លោកបាននិយាយថា “កម្មវិធី ឆា-ឈីង គឺជាកម្មវិធីមួយ ដែលយើងបានកំណត់សម្គាល់ឃើញថា កុមារទាំងអស់ពួកគាត់ចូលចិត្តរៀនជាមួយពួកយើង ហើយមិនត្រឹមតែប៉ុណ្ណោះ នេះជាផ្នត់គំនិតថ្មីមួយ ដែលយើងមានគោលគំនិតសំខាន់បួន គឺ ការរកលុយ ការសន្សំ ការចាយ និងការបរិច្ចាគ ។”
ស្រដៀងគ្នានេះដែរ លោក ខាន់ សុវណ្ណារិទ្ធ ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការ ប្រចាំសាខាព្រូដិនសលកម្ពុជាខេត្តសៀមរាប ដែលក្រុមហ៊ុនគ្រោងនឹងសម្ពោធជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ក៏បានដឹកនាំក្រុមការងារស្ម័គ្រចិត្តមួយក្រុមទៀត ដើម្បីធ្វើកិច្ចការដូចគ្នានៅក្នុងខេត្តសៀមរាប ។
លោកបាននិយាយថា “នៅឯក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺយើងមិនត្រឹមតែផ្តោតលើការធ្វើអាជីវកម្មទេ តែយើងក៏ផ្តល់ការតបស្នងទៅដល់សង្គមជាតិផងដែរ ។ សរុបមកដល់ពេលនេះ នៅសៀមរាប យើងបានអនុវត្តកម្មវិធី ឆា-ឈីង នៅក្នុងសាលាបឋមសិក្សាចំនួន ៧ ហើយមានសិស្សចំនួនប្រហែល ៣៥៥នាក់ បានចូលរួមដោយផ្ទាល់ ។”
លោកស្រី ចិន ទុំ នាយិកាសាលាបឋមសិក្សាអនុវត្ត ខេត្តបាត់ដំបង បាននិយាយដូចនេះ អំពីកម្មវិធី ឆា-ឈីង “ខ្ញុំគិតថា កម្មវិធីនេះមានប្រយោជន៍ ពីព្រោះក្មេងគាត់ត្រូវដឹងថា គេរកលុយដោយវិធីណា ហើយគាត់ត្រូវចេះសន្សំលុយ ហើយចំពោះការចាយលុយវិញ គឺគាត់គួរដឹងអ្វីដែលគួរចាយ អ្វីដែលមិនគួរចាយ ហើយគាត់ត្រូវចេះបរិច្ចាគ ចេះជួយមិត្តភ័ក្តិ តាំងពីការបរិច្ចាគជាលុយកាក់ ហើយនិងពេលវេលាផងដែរ ដូច្នេះហើយទើបខ្ញុំគិតថាកម្មវិធីនេះល្អ ។”
ក្រៅពីកម្មវិធី ឆា-ឈីង ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បាននិងកំពុងអនុវត្តកម្មវិធី វិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហៅថា SAFE STEPS ជាកម្មវិធីសកម្មភាពសង្គមថ្នាក់តំបន់មួយ ដែលកំពុងត្រូវបានអនុវត្តក្រោមភាពជាដៃគូជាមួយស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដើម្បីលើកកម្ពស់សុវត្ថិភាពតាមដងផ្លូវក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុនក៏មានផែនការបន្ថែមទៀត ដើម្បីពង្រឹងការយល់ដឹងពីសុវត្ថិភាពចរាចរណ៍នៅទូទាំងប្រទេសផងដែរ៕ វឌ្ឍនា