ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើករថយន្ដឡិចសុីស470ទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវបាក់មួយកង់ ឯរថយន្ដបង្កដាច់កាឡែកង់មុខទៅលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដឡិចសុីស470មួយគ្រឿង ក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹង ខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យខូចខាតចំនួនមួយកង់ ចំណែករថយន្ដរងការខូចខាតផ្នែកខាងមុខ ដាច់កាឡេបន្តដំណើរទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវព្រះសីហនុ កែងផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

រថយន្ដបង្ករម៉ាកឡិចសុីស470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-8279 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ក្រោយពីបង្កហេតុគេចខ្លួនបាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរបាំងថ្មពុះចែកទ្រូងផ្លូវចំនួនមួយកង់រំកិលចេញពីគ្នា រីឯរថយន្ដខូចខាតផ្នែកខាងមុខ និងរេចង្កូតឡើងចិញ្ចើមផ្លូវទៅមុខលែងរួចតែម្ដង។

ប្រភពបានបន្តថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ គឺមិនបណ្ដាលឲ្យអ្នកបើករថយន្ដ ឬអ្នកធ្វើដំណើរតាមដងផ្លូវរងរបួសនោះទេ ហើយក្រោយពីកើតហេតុម្ចាស់រថយន្ដបានចុះពីរថយន្ដគេចខ្លួនបាត់ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។

ក្រោយមក ទើបមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងជាមួយកម្លាំងជំនាញចុះវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕ ភារ៉ាដង្កោ


ចែករំលែក៖