ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋនៅភូមិត្រពាំងប្ញស្សី ឃុំជយោស្រុកចំការលើបិទផ្លូវមិនឲ្យរថយន្តដឹកដីធ្វើចរាចរណ៍

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កាលពីព្រឹក ថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០១៧ ចុងសប្តាហ៍នេះ ក្រុម ប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងប្ញស្សី និង ប្រជាការពារភូមិ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម បាននាំគ្នាបិទផ្លូវមិនឲ្យ​រថ​យន្តដឹកដីធ្វើចរាចរណ៍ ដោយសារតែពួក គាត់ទ្រាំនឹងដីហុយមិនបាន ។

ក្រោយពីប្រជាពលរដ្ឋនៅភូមិត្រពាំង ប្ញស្សី បិទផ្លូវមិនឲ្យរថយន្តដឹកដីធ្វើដំណើរជាង១ម៉ោងនោះ ឃើញមានម្ចាស់គ្រឿង ចក្រឈ្មោះរេតមកចរចាជាមួយប្រជាពល រដ្ឋដោយសន្យាថា នឹងយករថយន្តស្រោច ទឹកមកស្រោចនៅតាមផ្លូវឲ្យជោក ដើម្បីកុំឲ្យដីហុយប៉ះពាល់ដល់ប្រជាពលរដ្ឋទៀត។

ពាក់ពន្ធនឹងរថយន្តដឹកដីនេះដែរ លោក តាង តុង ប្រជាពលរដ្ឋដែលរស់នៅភូមិ ត្រពាំងប្ញស្សី ឃុំជយោ ស្រុកចំការលើ បាន និយាយថា រថយន្តដឹកដីហុយទាំងនេះ មិនមែនដឹកដីធ្វើឲ្យហុយនៅឆ្នាំនេះទេ គឺហុយ ជារៀងរាល់ឆ្នាំ មិនដែលឃើញអាជ្ញាធរមកជួយដោះស្រាយទេ។ ព្រោះថា ដីហុយវាធ្វើឲ្យប៉ះដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសធ្វើឲ្យក្មេងៗខ្លះក្អក ខ្លះ ផ្តាសាយ និងធ្វើឲ្យក្មេងៗពិបាកធ្វើដំណើរ ទៅសាលា ព្រោះឲ្យវាហុយខ្លាំងពេក។

លោក នី បរិដ្ឋាន មន្ត្រីសាលាស្រុក ចំការលើបានប្រាប់ថា លោកនឹងហៅខាង គ្រឿងចក្រទាំង២គ្រឿង មកសាលាស្រុក ដើម្បីសួរនាំរឿងនេះ។ ចំណែករណ្តៅដី ដែលអេស្កាវ៉ាទ័រកំពុងកាយជ្រៅជាង៣ម៉ែត្រនោះ ខាងមន្ទីររ៉ែនិងថាមពលខេត្ត មិនអាច ទាក់ទងដើម្បីសួរនាំបានទេ ៕ ហេង នរិន្ទ្រ


ចែករំលែក៖