ព័ត៌មានទាន់ហេតុការណ៍៖

ផែ សុផាន់ណា និងសាសា ខេត បង្ហាញថ្ងៃ រៀបការ ក្រោយកូនកើតបានជាង៣ខែ

ចែករំលែក៖

ភ្នំពេញ៖ ចំណងស្នេហារបស់តារា សម្តែង ផែ សុផាន់ណា និងសាសា ខេត ដែលមានការដឹងឮពីចាស់ទុំទាំងសងខាងនោះគឺទទួលបានចំណងដៃកូនប្រុសម្នាក់ហើយ។ ពួកគេគ្រោងដឹកដៃគ្នាចូលរោងការនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ដោយនឹងមានវត្តមានភ្ញៀវជាអ្នកសិល្បៈ មួយចំនួនចូលរួម។

តារាសម្តែង លោកផែ សុផាន់ណា ដែលមានវ័យ២៨ឆ្នាំ បានស្គាល់ភរិយា រយៈពេលជាង៤ឆ្នាំមកហើយគ្រាដែលលោកបានទៅចូលរួមពិធីសម្ពោធខ្សែភាពយន្តខ្មែរដែលលោកបានសម្តែងហើយ បានស្គាល់សាសាខេត តាមរយៈការ សម្តែងរួមគ្នា។ ក្រោយស្គាល់គ្នាបានមួយឆ្នាំក្រោយបានដាច់ចិត្តសុំស្រឡាញ់គ្នាគ្រាដែលមានការដឹងឮពីចាស់ទុំសងខាង។ កញ្ញាសាសា ខេតដែលមានឈ្មោះដើម ថាលី ស៊ីម៉ា មានអាយុ២៣ឆ្នាំ ជាតារា សម្តែងពួកគេក៏មានគម្រោងបើកមុខ ជំនួញរួមគ្នាផងដែរនៅពេលរៀបការចប់។ នេះបើតាមការបញ្ជាក់របស់ផែ សុផាន់ ណា។ លោកថា មិនយឺតពេលទេដែលខែតុលានេះពួកយើងរៀបការជាមួយគ្នាទោះបីជាពួកយើងមានកូនមួយទៅហើយក្តី។

លោកថា ដំណក់ឈាមរួមគ្នាជាកូនប្រុសនេះមានវ័យជាង៣ខែហើយ ហើយឈ្មោះ គាត់គឺ ភី មេឃហៅ តៃតៃ។

លោកថា លោក និងភរិយានឹងរៀបការតាមទំនៀម ទម្លាប់ខ្មែរ ដោយគ្រោងនឹងអញ្ជើញភ្ញៀវ ប្រមាណពី៤០០ទៅ៥០០នាក់ ដោយ មានទាំងវត្តមានអ្នកសិល្បៈផងដែរ។ លោកថា មង្គលការនេះនឹងធ្វើឡើងនៅភោជនីយដ្ឋានមួយនាតំបន់ឫស្សីកែវ៕ វឌ្ឍនា


ចែករំលែក៖