ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប សហការគ្នា ចុះស្រាវជ្រាវ និងបង្រ្កាបជាក់ស្ដែងលើជនសង្ស័យចំនួន ២នាក់ ក្នុងករណីចាត់ចែងឲ្យប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាង និងសម្ភារ។
ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីវេលាម៉ោង៥ ១៨នាទីល្ងាច ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យទាំងចំនួន ២នាក់ ត្រូវបានកម្លាំងធ្វើការបង្រ្កាបទី១ ឈ្មោះ ហាប់ សូវៀត ហៅវៀត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ការ៉ែមកី មានទីលំភូមិ.សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ទី២ ឈ្មោះ ចាន់ ភ័ក្រ្ក ហៅតាក់ ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករលើក(ធុងបាស និងពោងក្មេងលេង) ស្នាក់នៅខេត្តបាត់ដំបង។
លោក វរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងធ្វើការដកហូតនូវវត្ថុតាងរួមមាន ម្សៅក្រាមពណ៏សផ្លាសង្ស័យជាសាធាតុញៀនចំនួន ០៣កញ្ចប់តូច ដែកកិះចំនួន ០២ លុយខ្មែរចំនួន ៩០,៥០០រៀល ទូរស័ព្ទដៃចំនួន ០១គ្រឿង និងឧបករណ៍ផ្សេងៗទៀតផងដែរ។
លោក វរសេនីយ៍ត្រីបន្តទៀតថា ចំពោះវត្ថុតាង និងជនសង្ស័យទាំងចំនួន ២នាក់ បានបំពេញនីតិវិធីសំណុំឯកសារពាក់ព័ន្ធ នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់បន្តនីតិវិធី៕ ប៉ឹម ពិន