ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគ្រូបង្រៀនភាសាចិនដែលក្រុមចោរឆក់កាបូបធ្លាក់ពីលើម៉ូតូរបួសធ្ងន់ទទួលមរណភាពហើយ

ចែករំលែក៖

ភ្នំពេញ៖ អ្នកគ្រូបង្រៀនភាសាចិននៅសាលាឈុងជិនដែលត្រូវក្រុមចោរវ័យក្មេង ឆក់យកកាបូបបណ្តាលឲ្យធ្លាក់ពីលើម៉ូតូរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យសពបែរជាដឹងខ្លួនវិញ បន្ទាប់មកត្រូវក្រុមគ្រួសារបញ្ចូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងបន្ទប់សង្រ្គោះបន្ទាន់អស់រយៈពេល៩ថ្ងៃកន្លងមកនោះ ឥឡូវនេះ បានទទួលមរណភាពហើយ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។

សូមបញ្ចាក់ផងដែរថា បើយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៦ និង៤៥នាទី ស្ថិតនៅផ្លូវលេខ២៣០ ក្រុម១៦ ភូមិ៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មានករណី ឆក់កាបូប មួយបានកើតឡើង បណ្តាលឲ្យស្រី្តរងគ្រោះជាគ្រូបង្រៀនភាសាចិននៅសាលាឈុងជិនដួលរបួសធ្ងន់។ ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន៦នាក់ ជិះម៉ូតូ៣គ្រឿងរួមមានម៉ាក HONDA C125 ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន២គ្រឿង និង១គ្រឿងទៀតម៉ាកហុងដា ICON ពណ៌លឿង មិនចាំស្លាកលេខ បានឆក់កាបូប របស់ជនរងគ្រោះឈ្មោះ សេង អេង ភេទស្រី អាយុ ៦៨ឆ្នាំ មុខរបរគ្រូបង្រៀនភាសាចិន ស្នាក់នៅផ្ទះលេខ១៥អា ផ្លូវលេខ២៥៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បណ្តាលឲ្យធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់រួចបា បញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប៉ុន្តែគ្មានសង្ឃឹមនោះទេ។ក្រោយមកក្រុមគ្រួសារបាន បញ្ជូនជនរងគ្រោះទៅកាន់គេហដ្ឋាន ដើម្បីរៀបចំពិធីបុណ្យតែ អ្វីដែលចៃដន្យនោះ ស្រាប់តែស្ត្រីរងគ្រោះ មានអាការ:ប្រសើរឡើងវិញទើបក្រុមគ្រួសារសម្រេចដឹកទៅទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតវិញ។

ក្នុងផេកនោះបានសរសេរឲ្យដឹងទៀតថាក្រោយមកនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានស្រាវជ្រាវដឹង រហូតឈានដល់ឃាត់បានជនសង្ស័យ៣នាក់ នៅថ្ងៃទី២៨ ខែមិថុនា ២០១៧ ទី១ឈ្មោះ ជា រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ៨៥៧ ផ្លូវរទេះភ្លើង ភូមិបឹងសាឡាង សង្កាត់-ខណ្ឌឬស្សីកែវ, ទី២ឈ្មោះ សុខ ដំ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខM៥៨ ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង៣-ឈ្មោះ កែ ចាន់វាសនា ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ៣១ ផ្លូវលេខ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅចំណុចភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងបានដកហូតម៉ូតូ១គ្រឿង របស់ជនសង្ស័យជិះធ្វើសកម្មភាព ។ក្រោយមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបន្តករណីស្រាវជ្រាវឃាត់បានជនសង្ស័យ ៤នាក់ទៀតមាន ទី១ឈ្មោះ មុត ឆុនវីរ: ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់បឹងត្របែក ខណ្ឌចំការមន ,ទី២ឈ្មោះ ទូច ចន័្ទវិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ស្នាក់ នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ ម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ និងបក្ខពួក២នាក់ទៀត ភេទប្រុស ឈ្មោះ សុខ លីហុង និងឈ្មោះ ឆេង ម៉េងលាង ភេទប្រុស ។

ជនសង្ស័យទាំង២នាក់នេះបាន ធ្វើសកម្មភាពឆក់ទូរសព្ទដៃ១គ្រឿង នៅចំណុចផ្លូវមាត់ទន្លេ កែងសណ្ឋាគារតូក្យូអ៊ីន ក្នុងក្រុម២៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី៨ ខែមិថុនា ២០១៧ វេលាម៉ោង៧ និង៣០នាទី យប់។ជនសង្ស័យទាំងនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ពីបទឆក់កាបូប ប្រព្រឹត្តទៅកាលពី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិ៦ សង្កាត់ទឹកល្អក់៣។ សមត្ថកិច្ចដកហូតបានម៉ូតូ២គ្រឿងរបស់ជនសង្ស័យជិះធ្វើសកម្មភាព ជាបក្ខពួករបស់ជន សង្ស័យឈ្មោះ ជា រតនា, ឈ្មោះ សុខ ដំ និងឈ្មោះ កែ ចាន់វាសនា ។បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់បន្តទៀត៕ ស តារា


ចែករំលែក៖