ព័ត៌មានទាន់ហេតុការណ៍៖

សំណង់ខុសច្បាប់ កាស៊ីណូ Macau ដែលសាងសង់រំលោភ លើចំណីផ្លូវសាធារណ មកដល់ពេលនេះនៅមិនទាន់រុះរើតាមលិខិតជូនដំណឹងរបស់អាជ្ញាធរខេត្តនៅឡើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧កន្លងមក គណៈកម្មការខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ស៊្រុន ស៊្រន់ អភិបាលរងខេត្តព្រះសីហនុ សហការណ៍ជាមួយអាជ្ញាធរក្រុងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន សង្កាត់ និងមន្ត្រីជុំនាញអង្គភាពពាក់ព័ន្ធ បានចុះរុះរើសំណង់ខុសច្បាប់សាងសង់រំលោភ លើផ្លូវសាធារណះ ដែលមានទីតាំងស្ថិតនៅក្រុម១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ រហូតមកដល់ពេលនេះមានរយះពេលប្រមាណជិតមួយខែទៅហើយ នៅតែមិនមានការរុះរើសំណង់រោងចំអិនអាហារ និងរោងម៉ាស៊ីនភ្លើងដែលសង់រំលោភមកលើផ្លូវសាធារណះចេញទៅតាមលិខិតជូនដំណឹងរបស់រដ្ឋបាលសាលាខេត្ត ដែលជាសកម្មភាពផ្គើនរបស់ម្ចាស់កាស៊ីណូខាងលើទៅនិងចំណាត់ការរបស់រដ្ឋបាលសាលាខេត្តក្នុងការរៀបចំសណ្តាប់ធ្នាប់និងកែរលំអរសោភ័ណភាពទីក្រុង។

គួររំលឹកឡើងវិញដែរថា កន្លងមក រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងលេខ ៣២៧/១៧ សជណ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៧ ទុករយៈពេល៥ថ្ងៃ ឱ្យម្ចាស់កាស៊ីណូម៉ាកាវ ដ៍ធំ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ឱ្យរុះរើសំណង់របស់ខ្លួនដែលបានសាងសង់មិនមានច្បាប់អនុញ្ញតិ  រំលោភលើចំណីផ្លូវសាធារណរបស់រដ្ឋ  ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណះ ជាពិសេសធ្វើឲ្យបាត់បង់បាត់បង់សោភ័ណ្ឌភាពទីក្រុងទេសចរណ៍ ។ ប៉ុន្តែរហូតមកដល់ពេលនេះសំណង់ទាំងពីខាងលើ់ដែលម្ចាស់កាស៊ីណូបានព្រមព្រៀងនិងផ្តិតមេដៃនៅលើកំណត់ហេតុថានិងរុះរើដោយខ្លួនឯងតែរហូតមកដល់ពេលនេះកិច្ចសន្យា ខាងលើហាក់បីដូចជាមិនមានប្រសិទ្ធឡើយ ព្រោះសំណង់នៅតែបង្អួតខ្លួន លើចំណីផ្លូវសាធារណះដដែល។

លោកស៊្រុន ស៊្រន់អភិបាលរងខេត្តនិងជាប្រធានគណះកម្មាធិការត្រួតពិនិត្យកិច្ចការសំណង់បានឲ្យដឹងថា ជុំវិញបញ្ហាខាងលើ លោកនឹងសុំគោលការណ៍ពីលោកអភិបាលខេត្តជាថ្មីដើម្បីបន្តនីតិវិធីពីច្បាប់សំណង់ មិនអាចបណ្តែតបណ្តោយឲ្យមានការសាងសង់ទាំងបំពានច្បាប់បានទេ។

តាមការបង្ហើបឲ្យដឹងក្រៅផ្លូវការដោយមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ទីតាំងសំណង់កាស៊ីណូខាងលើជាកម្មសិទ្ធរបស់លោក ហួន សំណាង ហៅ (ក្រេង )ហើយបានជួលឲ្យទៅជនជាតិចិនបើកប្រកបរបរកាស៊ីណូជាច្រើនឆ្នាំកន្លងមក ហើយកន្លងមកនេះល្បីថា មានអ្នកធំ មានអំណាចកាងនៅពីក្រោយខ្នងផងដែរ បានជាហ៊ានសាងសង់សំណង់រំលោភមកលើចំណីផ្លូវសាធារណះបែបនេះ។ ប៉ុន្តែបើទោះជាមានការលើកឡើងបែបនេះក្តីគ្រាន់តែជាប្រភពនៅក្រៅផ្លូវការប៉ុណ្ណោះ ហើយអាជ្ញាធរខេត្ត មិនអនុញ្ញាតឲ្យមានវប្បធម៌អន្តរាគមន៍ផ្សេងៗ បន្តការសាងសង់សំណង់បំពានច្បាប់បានដែរ៕ ឆ្លាម សមុទ្រ

 


ចែករំលែក៖