ព័ត៌មានទាន់ហេតុការណ៍៖

ដឹកដែកចងមិនជាប់ដាច់ធ្លាក់ត្រូវរថយន្តគេបែកកញ្ចក់ក្រោយសង៨០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តទូរីសដឹកដែក ចងមិនជាប់ដាច់ធ្លាក់ត្រូវរថយន្តដែលបើកនៅពីមុខបណ្តាលឲ្យបែកកញ្ចក់ផ្នែកខាងក្រោយ។

ហេតុការណ៍ធ្វេសប្រហែសនេះ បានកើតឡើងនៅវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខវត្តទឹកថ្លា ផ្លូវសហព័ន្ធរុស្សីុ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកប៊ុីស៊ុយប៊ុីសុី ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2O 2121 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ មានរថយន្ត
ទូរីស១គ្រឿង ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 2K 0261 បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ ក្នុងទិសដៅស្របគ្នាពីកើតទៅលិច ដោយមានដឹកដែកទីបជ្រុងចងលើដំបូលរថយន្ត
ពេលនោះរថយន្តប៊ុីស៊ុយប៊ុីសុី បានបន្ថយល្បឿន
ដោយស្ថានភាពផ្លូវបំបែកមានយាន្តជំនិះឆ្លងកាត់ច្រើន ស្រាប់តែរថយន្តទូរីស ចាប់ហ្វ្រាំងដែរធ្វើឲ្យដែកដែលចងលើដំបូលរថយន្តទូរីសនោះ របូតធ្លាក់មកត្រូវរថយន្តដែលបើកពីមុខបណ្តាលឲ្យបែកកញ្ចក់ផ្នែកខាងក្រោយ តែមិនមានអ្នករងរបួសនោះទេ។

សមត្ថកិច្ចដែលចុះទៅដល់កន្លែងកើតហេតុបាននិយាយថា មូលហេតុដែលនាំឲ្យមានករណីនេះកើតឡើងគឺដោយសារតែអ្នកបើកបររថយន្តទូរីសខ្វះការប្រុងប្រយ័ត្នមិនព្រមចងដែកនោះឲ្យជាប់។

ក្រោយកើតហេតុ អ្នកបើកបររថយន្តទូរីសបានសម្របសម្រួលជាមួយម្ចាស់រថយន្តរងគ្រោះដោយចេញថ្លៃជុសជុលជាទឹកប្រាក់ចំនួន៨០០ដុល្លារដើម្បីបញ្ចប់រឿង៕ តុង សីហា


ចែករំលែក៖