ព័ត៌មានទាន់ហេតុការណ៍៖

ខឹងមេការស្តីបន្ទោសបន្តិចបន្ទួចទាញចបវាយពីរត្បូងចប បែកក្បាលត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កូនជាងសំណង់ម្នាក់ ទើបចូលធ្វើការបាន២ទៅ៣ថ្ងៃប៉ុណ្ណោះ ខឹងមេការស្តីបន្ទោសខ្លួនរឿងអង្គុយលេង មិនខំប្រឹងធ្វើការ កើតចេញជាភ្លើងគំនុំបានទាញចបដកដែកវាយទៅលើមេការពីរត្បូងចបចំក្បាល និងមាត់បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ព្រះកុសុមៈ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង០៦នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧​ ស្ថិតនៅកន្លែងការដ្ឋានសំណង់ក្នុងបុរីបៃតង ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឃុត វន្នី អាយុប្រហែល២៤ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅក្បែរការដ្ឋានសំណង់ បុរីបៃតងក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យនិងមានស្រុកកំណើតនៅភូមិព្រៃលាស់ ឃុំព្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកឯជនសង្ស័យដៃដល់មានឈ្មោះ ហេន សម្បិន អាយុ២០ឆ្នាំ ស្នាក់នៅភូមិសាមគី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិរកាខ្នុរ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។

មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុឈានទៅដល់ប្រើប្រាស់អំពើហិង្សាខាងលើនេះ គឺបណ្តាលមកពីជនសង្ស័យកំពុងអង្គុយលេងដោយមិនធ្វើការ នៅពេលដែលបុរសជាមេការរូបនោះឃើញដូចនោះ ក៏ដើរទៅស្តីបន្ទោសបន្តិចបន្តួចរឿងមិនធ្វើការ ក៏បានកើតចេញជាជម្លោះវាយតប់គ្នាទៅវិញទៅមក រហូតជនដៃដល់រូបនោះទាញចបដងដែកមួយដើមវាយទៅមេការពីរត្បូងចបបណ្តាលរងរបួសបែកក្បាលធ្ងន់ត្រូវបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ ដើម្បីចាត់កាតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖