ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មក្លាយជាហិង្សានៅមុនកិច្ចប្រជុំ G20 នៅអាល្លឺម៉ង់ ប៉ូលិស៧៦នាក់រងរបួស

ចែករំលែក៖

បាតុកម្មប្រែក្លាយទៅជាអំពើហិង្សាកើតឡើងកាលពីរសៀលថ្ងៃទី៦ ខែកក្កដា នៅមុនកិច្ចប្រជុំ G-20 ក្នុងទឹកដីអាល្លឺម៉ង់។ នៅក្នុងការប៉ះទង្គិចគ្នាក្រុមបាតុករបានគប់ដុំថ្មទៅលើកម្លាំងប៉ូលិស បណ្តាលឲ្យរងរបួសជាច្រើន។

ពេលដំបូងគឺមានការដង្ហែក្បួនព្យុហយាត្រាដោយសន្តិភាពរបស់ពលរដ្ឋប្រមាណ១២ពាន់នាក់ នៅទីក្រុង Hamburg ដើម្បីប្រឆាំង និងសកលភាវូបនីយកម្ម ប៉ុន្តែក្រោយមកត្រូវបានលុបចោល។ ប៉ុន្តែនៅមានបាតុករប្រមាណ១.០០០នាក់ នៅតែបន្តសកម្មភាពធ្វើឲ្យកម្លាំងការពារបាតុកម្មបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ។ សកម្មភាពខាងលើនេះបង្កឲ្យមានអំពើហិង្សាកើតឡើង។

អ្នកនាំពាក្យកម្លាំងប៉ូលិសប្រឆាំងបាតុកម្មនៅទីក្រុង Hamberg បានឲ្យដឹងថា មានប៉ូលិស៧៦នាក់រងរបួស។ នៅពេលនេះប៉ូលិសនៅតែរងការវាយប្រហារពីក្រុមបាករនៅឡើយ ហើយកម្លាំងសន្តិសុខបានចាត់វិធានការ និងបន្ថែមកម្លាំងទប់ស្កាតបាតុកម្មរាលដាលកាន់តែខ្លាំង។

តាមការព្យាករណ៍មានបាតុករប្រមាណ១សែននាក់នឹងដង្ហែរក្បួនបាតុកម្មនៅមុនកិច្ចប្រជុំ G-20 ដែលមានរយៈពេល២ថ្ងៃ។ រដ្ឋាភិបាលអាល្លឺម៉ង់បានដាក់ពង្រាយកម្លាំងសន្តិសុខជាង២មឺុននាក់ និងរថក្រោះ រថពាសដែក ឧទ្ធម្ភាគច័ក្រ តាមដានរាល់សកម្មភាព ដើម្បីធានាសន្តិសុខដោយខ្លាចក្រុមភេរវកម្មឆ្លៀតឱកាសបើកការវាយប្រហារ។

កិច្ចប្រជុំ G-20 លើកនេះមានសារសំខាន់ណាស់ដោយសារតែកើតឡើងចំពេលដែលស្ថានភាពពិភពលោកកំពុងតែតានតឹង ក្នុងនោះមានការសាកល្បងកាំជ្រួចមីស៊ីលនៅកូរ៉េខាងជើង វិបត្តិនៅតំបន់មជ្ឈឹមបូព៌ា ពិសេសគឺវិបត្តិនៅតំបន់អារ៉ាប់ដែលជាប្រទេសនាំប្រេងដ៏សំខាន់នៅលើពិភពលោក។

ពាក់ព័ន្ធ និងកិច្ចប្រជុំ G-20 លោកស្រី ម៉ាគែល អ៊ែនជីឡា (Angela Merkel ) អធិការបតីអាល្លឺម៉ង់បានថ្លែងឲ្យដឹងកាលពីថ្ងៃទី៦ ខែកក្កដាថា លោកស្រីយល់ឃើញថា មានជម្រើសច្រើនសម្រាប់កិច្ចកំពូល G20 ក្នុងការរួមគ្នាដោះស្រាយទៅលើកិច្ចព្រមព្រៀង ស្តីអំពីការបម្រែបម្រួលអាកាសធាតុដែលនឹងកិច្ចប្រជុំកំពូលប្រារព្ធធ្វើឡើងនៅក្រុង Harmburg ក្នុងនាមលោកស្រីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។ នេះបើតាមទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយឲ្យដឹងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧។

សម្រាប់រឿងនេះគេឃើញថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានវត្តមាននៅទីនោះប្រឈមមុខនឹងភាពតានតឹងនៅក្នុងកិច្ចប្រជុំនេះមិនខាន ដែលមានបណ្តាមេដឹកនាំធំៗជាច្រើនពីបណ្តាប្រទេសសេដ្ឋកិច្ចធំៗទាំង២០ បន្ទាប់ពីការសម្រេចកាលពីខែមុនរបស់សហរដ្ឋអាមេរិកក្នុងការមិនចូលរួមសម្រាប់កិច្ចព្រមព្រៀងក្រុងប៉ារីសស្តីអំពីការបម្រែបម្រួលអាកាសធាតុដែលសហរដ្ឋអាមេរិកខ្លួនឯងជាអ្នកផ្តើមឡើងនៅក្នុងឆ្នាំ២០១៥នោះ។

លោក ស្រី ម៉ាគែល បានថ្លែងប្រាប់ដល់បណ្តាអ្នកសារព័ត៌មានថា ក្នុងនាមជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំកំពូលជាផ្លូវការគឺចាប់ផ្តើមនៅថ្ងៃសុក្រ ដែលលោកស្រីជាអ្នកដើរតួដ៏សំខាន់នៅក្នុងកិច្ចប្រជុំនេះ។ លោកស្រីបានបន្ថែមថា គោលការណ៍ស្តីអំពីការបម្រែបម្រួលអាកាសធាតុ “មានជម្រើសជាច្រើនណាស់ ដែលនឹងត្រូវលើកយកមកធ្វើការពិភាក្សាគ្នា” ៕ ម៉ែវ សាធី


ចែករំលែក៖