ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងរយៈពេល២ថ្ងៃមានអ្នកស្លាប់ជាង៥០នាក់ដោយអំពើហិង្សានៅមិចស៊ីកូ

ចែករំលែក៖

អំពើហិង្សាបានកើតឡើងនៅ មន្ទីរឃុំឃាំង Las Cruses ក្នុងទីក្រុង Acapulco ប្រទេសមិចស៊ីកូ នៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី៦ ខែកក្កដា (ម៉ោងក្នុងប្រទេសមិចស៊ីកូ)បណ្តាលឲ្យអ្នកទោស ២៨នាក់ស្លាប់ និង ៣នាក់រងរបួស។

តាមការបញ្ជាក់របស់មន្ត្រីក្នុងតំបន់បានឲ្យដឹងថា អំពើហិង្សាគឺជាការទូទាត់គ្នារវាងក្រុមជួញដូរគ្រឿងញៀន ពីរផ្សេងគ្នា នៅក្នុងមន្ទីរឃុំឃាំង។ កម្លាំងសន្តិសុខបានគ្រប់គ្រងស្ថានភាព វិញបាន ក្រោយពេលបន្ថែមកម្លាំងនៅទីនោះ។ ក្នុងចំណោមអ្នកស្លាប់ មាន៥នាក់ត្រូវគេកាត់ក្បាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ត្រួតពិនិត្យ ដើម្បី កំណត់អត្តសញ្ញណឲ្យបានច្បាស់។

អភិបាលរដ្ឋ Guerero លោក Hector Astudilloបានបញ្ជាក់ថា ក្រុមអ្នកឯកទេសបានបើកការស៊ើបអង្គេត ទៅលើក្រុម គ្រប់គ្រង មន្ទីរឃុំឃាំងខាងលើ។ ក្រោយហេតុការណ៍ខាងលើកើតឡើង សាចញាតិរបស់ អ្នកទោស ប្រមាណ២០០០នាក់បានប្រមូលផ្តុំគ្នានៅមុនមន្ទីរឃុំឃាំងស្នើដល់អ្នកគ្រប់គ្រង ផ្តាល់ព័ត៌មាន ពីអ្នកស្លាប់ តើមានសាច់ញាតិរបស់ពួកគាត់ដែរឬទេ។

កន្លងមកក៏មានការបាញ់ប្រហារគ្នារវាងក្រុមជួញដូរគ្រឿងញៀនពីរផ្សេងគ្នា នៅជិតព្រំដែនអាមេរិក បណ្តាលឲ្យមានអ្នកស្លាប់២៦នាក់។ មន្ត្រីមិចស៊ីកូបានឲ្យដឹងថា មានករណី បាញ់ប្រហារកើតឡើងកាលពីថ្ងៃទី៥ ខែកក្កដា នៅរដ្ឋ Chihuahua ។

អ្នកនាំពាក្យ កម្លាំងប៉ូលិសរដ្ឋ Chihuahua លោក Felix Gonzalez បានឲ្យដឹងថា ហេតុការបាញ់ប្រហារគ្នាខាងលើកើតឡើងនៅក្នុងស្រុក Las Varas ចម្ងាយពី រដ្ឋChihuahua ព្រមាន ៣០០គីឡូម៉ែត្រនៅភាគខាងលិច ។ លោកបន្តទៀតថា ការបាញ់ប្រហារគ្នាខាងលើកើតឡើង រវាង ក្រុមជួញដូរគ្រឿងញៀន ពីរផ្សេងគ្នាគឺក្រុម La Linea និង Sinaloa ។

លោកFelix Gonzalezបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ និងកើតឡើង កម្លាំងសន្តិសុខ បានទៅកាន់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ ពីហេតុការបាញ់ប្រហារគ្នាខាងលើ។

ចំនួនអ្នកស្លាប់ ពាក់ព័ន្ធអំពើហិង្សា ប្រដាប់អាវុធ កើតឡើងខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសមិចស៊ីកូ រយៈពេល២០កន្លងមក ដោយសារតែក្រុមជួញដូរគ្រឿងញៀន ដណ្តើមទីតាំងគ្រប់គ្រង ។ មិចស៊ីកូគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លំាងជាងគេ ដោយសារតែការជួញដូរគ្រឿងញៀន។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក សង្គ្រាមប្រឆាំងគ្រឿងញៀន នឹងការទូទាត់គ្នារវាងក្រុមជួញដូរគ្រឿងញៀនបានសម្លាប់មនុស្សដល់ទៅ១៤០ពាន់នាក់ និង ជាង៣០ពាន់នាក់បាត់ខ្លួន៕ ម៉ែវ សាធី


ចែករំលែក៖