ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈ កម្មាធិការជាតិ អូឡាំពិកកម្ពុជាបានថ្លែងក្នុង កិច្ចពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន ប្រទេសចិនកាលពីថ្ងៃទី៦ខែកក្កដាឆ្នាំ២០១៧កន្លងទៅថ្មីៗនេះថាបើទីក្រុងភ្នំពេញមានភ្នំព្រិលសិប្បនិមិត្តឬក៏សមុទ្រសិប្ប និមិត្តនឹងជួយកាត់បន្ថយយុវជនកម្ពុជាប្រើប្រាស់គ្រឿងញៀនបានច្រើន ។
លោករដ្ឋមន្ត្រីបានថ្លែងថា តាមពិតប្រសិនកម្ពុជាមានភ្នំព្រិលសិប្បនិមិត្តនៅក្នុងទីក្រុងភ្នំពេញឬក៏សមុទ្រសប្បនិមិត្តនោះពិតជាល្អខ្លាំងណាស់ ហើយភ្នំព្រិលនេះក៏ជាក្តីបំណងប្រាថ្នាយូរហើយ ប៉ុន្តែកម្ពុជាស្វែង រកដៃគូវិនិយោគលើវិស័យកីឡាបែបនេះ មិនទាន់បាន ហើយវិនិយោគិនភាគច្រើនចូលមកកម្ពុជាភាគីច្រើនចាប់អារម្មណ៍តែលើ វិស័យផ្សេង ។
លោកប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ទៀតថា ប្រសិន បើប្រតិភូវិទ្យាស្ថានទេសចរណ៍និងវិជ្ជាជីវៈខេត្តយូណានអាចជួយរកដៃគូវិនិយោគ លើវិស័យកីឡាក្នុងការកសាងភ្នំព្រិលសិប្បនិមិត្តឬក៏សមុទ្រសិប្បមិត្តនៅក្នុងរាជធានីភ្នំពេញនាថ្ងៃអនាគតបានពិតជាល្អប្រសើរណាស់សម្រាប់យុវជនកម្ពុជា ព្រោះយុវជន កម្ពុជាចូលចិត្តកីឡាប្រភេទ ភ្នំព្រិលខ្លាំង ។ ម្យ៉ាងវិញទៀតអាចជួយកាត់បន្ថយយុវជនសេពគ្រឿងញៀនខុសច្បាស់បានថែមទៀតផងដោយសារពួកគេជក់នឹងការសប្បាយ លេងកីឡាជិះស្គីទឹកកកឬភ្នំព្រិលសិប្បមិត្តនេះ ។
ឆ្លើយតបនឹងការស្នើសុំរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក Zhong Jiang Long នាយកវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណានបានសន្យាថា នឹងខិតខំស្វះស្វែងរកដៃគូ អភិវឌ្ឍន៍និង វិយោគភ្នំព្រិលសិប្បនិមិត្តឬក៏សមុទ្រសិប្បនិមិត្តនៅទីក្រុងភ្នំពេញបន្ទាប់ពីភាគីទាំង២បានចុះអនុស្សរណៈយោគយល់គ្នាចប់ សព្វគ្រប់ហើយនោះ។
ក្នុងឱកាសនោះលោក Zhong Jiang Long ក៏បានអញ្ជើញលោករដ្ឋមន្ត្រីឲ្យ បញ្ជូនក្រុមការងារទៅធ្វើទស្សនកិច្ចនៅខេត្តយូណានដើម្បីភាក្សានិងប្តូរបទពិសោធន៍គ្នាព្រមទាំងទៅទស្សនាភ្នំព្រិលនិងទេសភាពដ៏ស្រស់ស្អាតរបស់ខេត្តយូណានផងដែរ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៦ខែកក្កដា ឆ្នាំ២០១៧ លោក រដ្ឋមន្ត្រី ថោង ខុន បាន ជួបពិភាក្សាការងារជាមួយលោក Zhong Jiang Long នាយកវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណានដើម្បីជំរុញកិច្ច សហប្រតិបត្តិការលើការអភិវឌ្ឍធនធាន មនុស្សលើជំនាញទេសចរណ៍ និងស្រាវជ្រាវវិធីសាស្ត្រទាក់ទាញទេសចរចិនឲ្យ មកទស្សនាកម្ពុជាកាន់តែច្រើននៅទីស្តីការក្រសួងទេសចរណ៍កម្ពុជា ៕ សារីម