ខេត្តព្រះសីហនុ៖ ឃាតក៤នាក់ ក្នុងនោះមានអតីតប្តីនារីរងគ្រោះម្នាក់ផងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីបានរួមដៃ រួមគំនិតគ្នាចាប់នារីខារ៉ាអូខេម្នាក់រំលោភបូក រួចសម្លាប់បំបិទមាត់ចោលកាលពីពេលកន្លងទៅថ្មីៗនេះ។
ករណីសមត្ថកិច្ចបំបែកសំណុំរឿងឃាតកម្មដ៏ឃោរឃៅនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ដោយកម្លាំងនគរបាលការិយាល័យព្រហម្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយនគរបាលមូលដ្ឋាន។
លោក កុល ផាលី ស្នងការរងទទួលបន្ទុកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការខេត្តព្រះសីហនុបានឲ្យដឹងថា ករណីឃាត់ខ្លួនក្រុមឃាតកខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងតាមដីកាតុលាការលេខ ៩៥តព១៧ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ចេញដោយចៅក្រមសើុបសួរសាលាដំបូងខេត្តព្រះសីហនុលោក គួន ចន្ថា ។
លោកបានបញ្ជាក់ថា ដំបូងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទៀង ខ្លុញ ហៅឡូ ភេទប្រុស អាយុ៣០ឆ្នាំ អតីតជាប្តីស្ត្រីរងគ្រោះ បច្ចុប្បន្នមានមុខរបរជាកម្មករសំណង់ រស់នៅក្រុមទី២០ ភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ទើបឈានទៅឃាត់ខ្លួនបក្ខពួក៣នាក់ទៀតក្រោយពីជនសង្ស័យឈ្មោះ ទៀង ខ្លុញ បានសារភាពពីសកម្មភាពដែលពួកគេចាប់នារីរួចសម្លាប់។
លោកបានបន្តថា បក្ខពួក៣នាក់ដែលបានចាប់ខ្លួនទី១.ឈ្មោះ សៅ បូរ៉ា ហៅយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៤ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ទី២.ឈ្មោះ ផុន សុភ័ណ្ឌ ហៅភ័ណ្ឌ ភេទប្រុស អាយុ៣០ឆ្នាំ មុរបរកម្មករសំណង់ មានទីលំនៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ និងទី៣.ឈ្មោះ ស៊ុន ណារិទ្ធិ ហៅជាតិ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
លោកស្នងការរងបានដកស្រង់សម្តីសារភាពជនសង្ស័យឈ្មោះ ទៀង ខ្លុញ អតីតប្តីនារីរងគ្រោះប្រាប់ឲ្យដឹងថា នារីរងគ្រោះអតីតជាប្រពន្ធរបស់ខ្លួន ហើយបានលែងលះគ្នាអស់រយៈពេលជាង១ឆ្នាំ។ លុះក្រោយមកខ្លួន(ជនសង្ស័យ) ចង់ត្រូវរ៉ូវគ្នាឡើងវិញ តែដោយនារីរងគ្រោះអតីតជាប្រពន្ធមិនព្រម ទើបរូបគេក៏ទៅល្បួងចេញពីហាងខារ៉ាអូខេនៅក្រោយពេទ្យចម្ការចេកមកនិយាយគ្នាឲ្យដឹងរឿង។ ក៏ប៉ុន្តែការពិតពួកគេបានរៀបចំគម្រោងរួចជាស្រេចហើយ នៅពេលដែលនារីរងគ្រោះមកដល់ចំណុចអូរត្រេស នាំគ្នាចាប់រំលោភបូក រួចសម្លាប់បំបិទមាត់ចោលតែម្តង។
ជនសង្ស័យបាននសារភាពទៀតថា កាលដែលគេរំលោភរួចសម្លាប់ចោលនេះ ដោយសារការសងសឹក ព្រោះតែអតីតប្រពន្ធរូបនេះមិនព្រមជានាជាមួយនឹងខ្លួនឡើងវិញ។
គួររំលឹកថា កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ គេបានប្រទះឃើញសាកសពនារីម្នាក់មានសភាពហើមស្អុយ ស្ថិតនៅចំណុចក្រុង៤ ភូមិ៦ សង្កាត់លេ៤ ក្រុង-ខេត្តព្រះសីហនុ។ នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ប្រាក់ សុធី ហៅស្តើង អាយុ២៤ឆ្នាំ មានមុខរបរជាអ្នកបម្រើនៅហាងខារ៉ាអូខេមួយកន្លែងក្រោយពេទ្យចម្ការចេក។ នៅពេលប្រទះឃើញសាកសពនារីរងគ្រោះ សមត្ថកិច្ចជំនាញក៏បានសន្និដ្ឋានដែរថា នារីរងគ្រោះត្រូវគេរំលោភសម្លាប់ ហើយបានធ្វើការសើុបអង្កេតស្រាវជ្រាវជាបន្តបន្ទាប់ រហូតឈានដល់ការចាប់ខ្លួនឃាតកតណ្ហាទាំង៤នាក់នេះ។
ជនសង្ស័យ ទៀង ខ្លុញ បានសារភាពដែរថា កាលដែលគេល្បួងបញ្ឆោតនារីរងគ្រោះគឺបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ វេលាម៉ោង៥ទៀបភ្លឺ ដោយណាត់នារីរងគ្រោះមកជួបនៅចំណុចអូរត្រេស ហើយក្រោយពីព្រួតគ្នារំលោភចប់ ទើបសម្លាប់នារីរងគ្រោះដឹកតាមម៉ូតូយកទៅបោះចោលនៅព្រៃជាប់ផ្លូវថ្នល់ចំណុចអាឡាំងឌឺឡុង។
ដោយឡែកជនសង្ស័យផ្សេងទៀតបានសារភាពថា ពួកគេមានគ្នា៥នាក់ ដោយមុនកើតហេតុបាននាំគ្នាទៅផឹកសុីនៅក្នុងហាងខារ៉ាអូខេ យីហោស្រីខួច ក្រោយមន្ទីរពេទ្យបង្អែកចម្ការចេកតាំងពីម៉ោង៨ រហូតដល់ម៉ោង៣ទៀបភ្លឺទើបឈប់។ លុះបន្ទាប់មក ពួគគេក៏បាននាំនារីរងគ្រោះដឹកទៅអូរត្រេស២ ដោយពេលទៅដល់ក៏ចូលទៅក្នុងរោងមួយគ្មានមនុស្ស ហើយក៏ធ្វើសកម្មភាពរំលោភម្នាក់ម្តងៗបានចំនួន៤នាក់។ ប៉ុន្តែកាលដែលពួកគេសម្លាប់នារីរងគ្រោះចោលព្រោះតែនាងស្រែកខ្លាំងៗហៅឲ្យគេជួយ។ ជនសង្សយបានសារភាពទៀតថា ពួកគេបានយកកន្សែងពោះគោរឹត.ក និងយកកាំបិទចុងស្រួចចាក់ជាក្រោយ រហូតដល់នារីរងគ្រោះស្លាប់ទើបពួកគេយកភួយមាននៅក្នុងរោងខ្តមនោះរំសាកសពដឹកយកទៅចោល។
បើផ្អែកតាមចម្លើយបក្ខពួក និងអតីតជនសង្ស័យជាប្តី ហាក់មានការខ្វែងខុសគ្នា តែយ៉ាងណា សមត្ថកិច្ចនៅបន្តសាកសួរបន្តទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើនេះ សមត្ថកិច្ចបាន និងបន្តសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ