ភ្នំពេញ៖ ការប្រារព្វឡើងនូវវេទិកាផ្សាព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខណ្ឌនាឱកាសនេះ គឺជាការអនុវត្តតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ២១៥ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌ នៃរាជធានីភ្នំពេញ ដែលតម្រូវឲ្យក្រុមប្រឹក្សាត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមសង្កាត់នានា។
ដោយឡែកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខណ្ឌដង្កោនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ បានប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណវត្តតាំងរនាម ស្ថិតក្នុងសង្កាត់ប្រទះឡាង ខណ្ឌដង្កោ ដោយទទួលបានការអញ្ជើញចូលពីសំណាក់លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ និងលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ លោកចៅសង្កាត់ពងទឹក សង្កាត់ព្រៃវែង សង្កាត់ ប្រទះឡាង និងសង្កាត់ក្រាំងពង្រ ព្រមទាំងមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋជាង៣០០នាក់ផងដែរ។
ក្នុងគោលបំណងបង្កើតឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺ ទី១/ ផ្តល់ព័ត៌មានដល់ក្រុមប្រឹក្សាសង្កាត់ សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ខណ្ឌក្នុងការឆ្លើយតបទៅនឹងសំណើនានារបស់ក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋប្រមូល និងពីភាក្សា អំពីសំណើ និងមតិយោបល់នានាសម្រាប់សកម្មភាពឆ្នាំខាងមុខ។ ទី២/ ផ្តល់ឧិកាសជូនប្រជាពល រដ្ឋ និងអ្នកពាក់ព័ន្ធ ដើម្បីលើកជាសំណើ សំណូមពរ និងអនុសាសន៍ និងបញ្ហាដែលបានជួបប្រទះនៅក្នុងមូលដ្ឋាន និងទី៣/ ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា នឹងឆ្លើយតបបានឬមិនបាន។
លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោបានលើកឡើងទៅកាន់ប្រជាពលរដ្ឋដោយបានពន្យល់ថា ចំពោះបញ្ហាអត្រានុកូលដ្ឋាន លិខិតផ្សេងៗមាន៖ ការបញ្ជាក់សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត បញ្ជាក់លិខិតស្នាក់នៅ ធ្វើអត្តសញ្ញាបណ្ណគឺមិនត្រូវបង់ប្រាក់នោះទេ។ លោកថា បើអស់លោកមន្ត្រីណាទារលុយបងប្អូនពលរដ្ឋ គឺមានសិទិ្ធប្តឹង៕ តាឡឹម