ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនដូចហោះ រេចង្កូតបុកដើមម៉ៃសាក់រលើងឫសរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាកូរូឡាយ៉ាងលឿន មកដល់មុខបុរីអង្គរភ្នំពេញ ក៏បានបុកដើមឈើម៉ៃសាក់មួយដើម រលើងទាំងគល់ហើយខ្ទាតចម្ងាយ ១០ម៉ែត្រ បណ្តាលឲ្យរថយន្តក្រពិតផ្នែកខាងមុខ បែកធុងទឹក ផ្ទុះពោងទាំង២ទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧នៅ តាមបណ្តោយមហាវិថីអង្គរ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្កម៉ាកតូយ៉ូតាកូរ៉ូឡា ស៊េរី៩៦ ពាក់ស្លាកលេខ កណ្តាល 2A-6091 ពណ៌ស្ករ បើកបរដោយបុរសម្នាក់ មានអាយុប្រហែល៣៤-៣៥ ឆ្នាំ ធ្វើដំណើរតាមបណ្តោយមហាវិថីអង្គរ ក្នុងទិសដៅពីកើតទៅលិចហើយមកដល់កន្លែងកើតហេតុក៏រេចង្កូតទៅបុកដើមឈើម៉ៃសាក់មួយដើម រលើងទាំងគល់ហើយខ្ទាតចម្ងាយ ១០ម៉ែត្រ បណ្តាលឲ្យបុរសនេះបែកក្បាល និងសន្លប់ ត្រូវបានរថយន្តសាមុយដឹកទៅព្យាបាលនៅគ្លីនិកឯកជនក្បែរនោះ ។

សាក្សីបានឲ្យដឹងទៀតថា ក្រោយកើតហេតុ គេឃើញមានតំណាងខាងរថយន្តបង្កបាចេញមកដោះស្រាយសងសំណងការខូចខាតឲ្យទៅម្ចាស់បុរី ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕ ប្រាថ្នា


ចែករំលែក៖