ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិស្បែកខ្មៅបើករថយន្តប្រឡះម៉ូតូ២គ្រឿងពីក្រោយបណ្ដាលឲ្យរបួសធ្ងន់២នាក់ និងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសយ៉ាងធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ព្រោះតែត្រូវបានបុរសជនជាតិស្បែកខ្មៅម្នាក់ស្រវឹងស្រាបើករថយន្តមកបុកពីក្រោយអូសជិត១០០ម៉ែត្រ ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចខាងកើតវត្តនាគវ័ន្ត តាមបណ្ដោយផ្លូវសហព័ន្ឋរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមសម្ដីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនដំបូងកើតហេតុ គេសង្កេតឃើញយុវជន២នាក់ បានជិះម៉ូតូចាស់ៗម្នាក់១គ្រឿង និងបានសណ្ដោងគ្នារួមទាំងដឹកឈាមជ្រូក ចំនួន៤កណ្ដុង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ឋរុស្ស៊ី ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តបង្កម៉ាកឡុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2R-0441 ដែលបើកបរដោយបុរសម្នាក់ជាជនជាតិស្បែកខ្មៅ រួមទាំងស្ថិតក្នុងស្ថានភាពស្រវឹងស្រាផង បានធ្វើដំណើស្របទិសដៅគ្នាក្នុងល្បឿនយ៉ាងលឿន ហើយក៏មកបុករះម៉ូតូយុវជនរងគ្រោះពីក្រោយទាំង២គ្រឿងតែម្ដង បណ្ដាលឲ្យម៉ូតូ និងជនរងគ្រោះគៀបជាប់រថយន្តអូសជិត១០០ម៉ែត្រទើបអស់ល្បឿន ហើយក៏ធ្វើឲ្យជនរងគ្រោះខាងម្ចាស់ម៉ូតូទាំង២នាក់រងរបួសធ្ងន់ផងដែរ ។

ក្រោយពេលកើតហេតុភ្លាមៗ យុវជន២នាក់ ដែលបានរងរបួសធ្ងន់ខាងលើ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនភ្លាមៗ ។ បន្ទាប់ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយវាស់វែង យកម៉ូតូរងគ្រោះ និងរថយន្តបង្ករួមទាំងម្ចាស់ យកទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីនៃច្បាប់នៅពេលក្រោយ៕ ស តារា


ចែករំលែក៖