កាលពីថ្ងៃទី១១ ខែកក្កដា សារព័ត៌មាន MENA របស់អេហ្ស៊ីបបានផ្សាយថា តុលា ការអេហ្ស៊ីប បានសម្រេចកាត់ទោសប្រហារ ជីវិតសមាជិកក្រុមបងប្អូនអ៊ិស្លាម១២នាក់ ដោយចោទប្រកាន់ពីបទវាយប្រហារទៅលើស្នាក់ការប៉ូលិសកាលពីខែសីហា ឆ្នាំ ២០១៣។
មនុស្សទាំង១២នាក់ខាងលើរងការចោទប្រកាន់ថា បានវាយប្រហារទីតាំងរដ្ឋា ភិបាល បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងសម្លាប់ប៉ូលិសម្នាក់ ពោលគឺក្រុមនេះជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម។
តុលាការបានបញ្ជូនសាលក្រមប្រហារ ជីវិតទៅកាន់មេដឹកនាំសាសនា (ជាអ្នកមាន សិទ្ធិដាក់ទោសសម្រាប់ប្រទេសអ្នកកាន់សាសនាអ៊ិស្លាមនិកាយសាន់នី) ដើម្បីសុំយោបល់មុនពេលសាលក្រមចេញជាផ្លូវការចូលជាធរមាន។ តុលាការនឹងចេញសេចក្តីសម្រេចចុងក្រោយសម្រាប់មនុស្ស៣៩១នាក់រងការចោទប្រកាន់ពីបទដូចគ្នានេះ នៅខែសីហាខាងមុខ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីខែសីហា ឆ្នាំ២០១៣ នៅពេលដែល សមាជិកក្រុមបងប្អូនអ៊ិស្លាមបើកការវាយប្រហារទៅលើស្នាក់ការប៉ូលិស ដែលជាការ សងសឹកទៅលើអំពើហិង្សារបស់កម្លាំង ប៉ូលិស ទៅលើក្រុមបាតុករ គាំទ្រអតីត ប្រធានាធិបតី Mohamed Morsi។
លោក Mohamed Morsi និងមេដឹកនាំក្រុមបងប្អូនអ៊ិស្លាមត្រូវបានកាត់ទោស ប្រហារជីវិត ដោយចោទប្រកាន់ពីបទសម្លាប់ មនុស្ស និងធ្វើចារកិច្ចឲ្យបរទេសព្រមទាំងការចោទប្រកាន់បទឧក្រិដ្ឋផ្សេងទៀត៕ ម៉ែវ សាធី