ព័ត៌មានទាន់ហេតុការណ៍៖

អាណាព្យាបាលសិស្សវិទ្យាល័យសម្តេចឪក្រុងសិរីសោភ័ណចោទប្រកាន់គ្រូបង្រៀនប្រឡងយកប្រាក់ និងកិបកេងម៉ោងរដ្ឋបង្រៀនគួរយកប្រាក់ពីសិស្ស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អាណាព្យាបាលសិស្សវិទ្យាល័យសម្តេចឪ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចោទប្រកាន់គ្រូបង្រៀនប្រឡងប្រចាំខែ យកប្រាក់ពីសិស្ស និងកិបកេងម៉ោងរដ្ឋទៅបង្ហាត់បង្រៀនគួរ សិស្សយកប្រាក់ ហើយការបង្រៀនគួរក្រៅម៉ោង ពីសំណាក់គ្រូបង្រៀននោះដែរ ការបង្ហាត់សិស្សមិនបានដិតដល់ថែមទៀត។ បញ្ហានេះនាំឲ្យអាណាព្យាបាលសិស្សកំពុងមានការព្រួយបារម្ភត្អូញត្អែរជាខ្លាំង ពីផលប៉ះពាល់នៃការសិក្សា និងអនាគតកូនៗរបស់ពួកគាត់។

បើតាមប្រភពព័ត៌មានពីអាណាព្យាបាលសិស្សបានប្រាប់អ្នកយកព័ត៌មានថា គ្រូបង្រៀនដែលយកប្រាក់នៅពេលប្រឡងប្រចាំខែនោះ ភាគច្រើនគ្រូបង្រៀនថ្នាក់ទី៧ និងទី៨ ការប្រឡងមួយមុខវិជ្ជាយកប្រាក់ពីសិស្ស១ពាន់រៀល បើសិនប្រឡង១១មុខវិជ្ជា ក្នុងមួយខែកូនគាត់ត្រូវចំណាយប្រាក់អស់ជាង១ម៉ឺនរៀល។ ការយកប្រាក់នោះ ត្រូវបានគ្រូបង្រៀនគេនិយាយថា យកថ្លៃក្រដាសសម្រាប់វិញ្ញាសារប្រឡង។​អាណាព្យាបាលសិស្សមានការងឿងឆ្ងល់ថា រៀននៅសាលារដ្ឋ ហេតុអ្វីបានជាគ្រូត្រូវយកប្រាក់ពីសិស្សទៅវិញ។

បើតាមប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា មានសិស្សក្រីក្រមួយចំនួនឪពុកម្តាយខ្វះលទ្ធភាពអត់មានប្រាក់ឲ្យកូនទៅសាលា តែត្រូវពេលប្រឡងគ្រូតម្រូវឲ្យបង់ប្រាក់១ពាន់រៀល។ នៅពេលកូនគាត់ប្រាប់ថា ឳពុកម្តាយក្រណាស់គ្មានប្រាក់បង់នោះទេ ថែមទាំងសំពះអង្វរគ្រូ សុំជំពាក់នោះថែមទៀត ក៏គ្រូមិនព្រមនោះឡើយ ដោយមិត្តភក្តិរួមថ្នាក់ឃើញអាណិត ក៏ឲ្យប្រាក់១ពាន់រៀល បង់ឲ្យគ្រូ ទើបគ្រូអនុញ្ញាតឲ្យប្រឡង។

ប្រភពព័ត៌មានពីអាណាព្យាបាលសិស្សដដែលឲ្យដឹងទៀតថា គ្រូបង្រៀននៅថ្នាក់ទី៧ និងទី៨ នៃវិទ្យាល័យសម្តេចឳនោះដែរ ភាគច្រើនការបង្ហាត់បង្រៀនសិស្សនៅក្នុងម៉ោងរដ្ឋ គឺបង្រៀនមិនគ្រប់ម៉ោងនោះឡើយ ក្នុងមួយព្រឹក ៤ម៉ោង ប៉ុន្តែគាត់បង្រៀនសិស្សមិនគ្រប់ម៉ោងនោះទេ បង្រៀនត្រឹម៣ម៉ោងកន្លះ ដោយកិបកេងកន្លះម៉ោង ទៅបង្រៀនគួរសិស្សក្រៅម៉ោង នៅក្នុងសាលារដ្ឋនោះថែមទៀត ។

ការរៀនគួរនោះសិស្សម្នាក់ៗបង់ប្រាក់១ពាន់រៀល ហើយរៀនគួរនោះដែរ ក៏គ្រូបង្ហាត់បង្រៀនត្រឹមតែពី២០នាទីទៅ៣០នាទីប៉ុណ្ណោះ លើមុខវិជ្ជា គណិតវិទ្យា រូបគីមីវិទ្យា និងអក្សរសាស្រ្តខ្មែរ។ បញ្ហានោះធ្វើឲ្យគាត់ជាអាណាព្យាបាលត្រូវចំណាយប្រាក់ជាច្រើនសម្រាប់កូនបង់ប្រាក់ឲ្យគ្រូថ្លៃរៀនគួរ និងបង់ប្រាក់ថ្លៃប្រឡងប្រចាំខែ។ ការបង្ហាត់បង្រៀនគួរសិស្សក្រៅម៉ោងនោះដែរ គឺគ្រូបង្រៀនទាំងនោះមិនបានយកចិត្តទុកដាក់បង្រៀនពន្យល់សិស្សឲ្យបានដិតដល់នោះឡើយ គ្រាន់តែលក់ក្រដាស់មេរៀនរួចហើយសិស្សណាជជែកគ្នាលេង ក៏ជជែកតាមតែអំពើចិត្ត នៅពេលដល់ម៉ោងឲ្យចេញទៅផ្ទះ។ កូនគាត់ខ្លះឃើញតែរៀនគួរ ប៉ុន្តែមកដល់ផ្ទះវិញគ្មានចេះអ្វីទាល់តែសោះ។

បើតាមប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា បើកូនគេអ្នកមាន វាគ្មានបញ្ហាអ្វីនោះទេ ប៉ុន្តែសម្រាប់កូនអ្នកក្រីក្រវិញ គ្មានលទ្ធភាពក្នុងការចំណាយបង់ប្រាក់ទៅឲ្យគ្រូបង្រៀននោះឡើយ បញ្ហានេះ មានសិស្សមួយចំនួនក៏បានបោះបង់ចោលការសិក្សាផងនោះទៀត។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើពីអាណាព្យាបាលសិស្ស នាយកវិទ្យាល័យសម្តេចឪ លោក គឹម ស្រូយ បានប្រាប់ឲ្យដឹង បញ្ហានោះនៅវិទ្យាល័យសម្តេចឪលោកទទួលស្គាល់ពិតជាកើតមានរឿងបែបនោះមែន មានគ្រូខ្លះបង្រៀនយកប្រាក់ពីសិស្ស និងបង្រៀនគួរនៅក្នុងម៉ោងរដ្ឋ លោកក៏ធ្លាប់បានហៅមកព្រមានអប់រំរួចហើយផងដែរ។ គ្រូដែលប្រព្រឹត្តកំហុសជាច្រើនដង លោកក៏ធ្លាប់រាយការណ៍ទៅមន្ទីរអប់រំខេត្ត ប៉ុន្តែខាងថ្នាក់លើគេមិនសូវអើពើនោះឡើយ។

លោកនាយកវិទ្យាល័យសម្តេចឪប្រាប់ឲ្យដឹងទៀតថា បញ្ហានោះលោកនឹងតាមដានបន្ថែមទៀត ហើយលោកអំពាវនាវឲ្យអាណាព្យាបាលសិស្សប្តឹងរាយការណ៍មកលោកផ្ទាល់ ដើម្បីមានវិធានការចំពោះគ្រូបង្រៀនរូបនោះ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកយកព័ត៌មាននៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ បានទូរស័ព្ទទៅលោក ស្តើង តុងហឹង ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ជាច្រើនលើកដើម្បីបំភ្លឺនោះផងដែរ ប៉ុន្តែទូរស័ព្ទលោកហៅចូលគ្មានការទទួលឆ្លើយតប។ ដោយឡែក លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យទទួលការងារអប់រំ អ្នកយកព័ត៌មានសុំឲ្យមានការបំភ្លឺផងដែរ ដោយលោកប្រាប់ថា កំពុងជាប់ប្រជុំ។

សូមបញ្ជាក់ថា រឿងអាស្រូវគ្រូបង្រៀនយកប្រាក់សិស្សនៅពេលប្រឡង និងយកម៉ោងរដ្ឋទៅបង្រៀនគួរសិស្សយកប្រាក់បានកើតឡើងជាយូរឆ្នាំមកហើយ មិនត្រឹមតែវិទ្យាល័យសម្តេចឪនោះទេ សាលាមួយចំនួន ក៏កើតឡើងនូវបាតុភាពដូចគ្នានេះផងដែរ ប៉ុន្តែបញ្ហានេះ គេមិនទាន់ឃើញមានការដោះស្រាយ និងវិធានការណាមួយឲ្យមានប្រសិទ្ធភាពពីសំណាក់ក្រសួងអប់រំនៅឡើយនោះទេ៕ សំ វិច្ឆិកា


ចែករំលែក៖