ប្រទេសម៉ាឡេស៊ីបានប៉ាន់ប្រមាណថា ក្រុមភេរវកម្ម IS អាចភៀសខ្លួនចេញពី ប្រទេសអុីរ៉ាក់ឆ្ពោះមកកាន់តំបន់អាស៊ីភាគអាគ្នេយ៍បង្កើតទីតាំងនៅទីនេះ ។
បច្ចុប្បន្នប្រទេសម៉ាឡេស៊ីបានបង្កើនសកម្មភាពការពារយ៉ាងតឹងតែងបំផុតដោយ ខ្លាចក្រុមភេរវករ IS មកទីនេះ។ រដ្ឋមន្ត្រី ក្រសួងការពារជាតិម៉ាឡេស៊ីបានប្រកាសថា ក្រុមISដែលរងការបរាជ័យនៅអុីរ៉ាក់ បានឡើងគម្រោងមកកាន់អាស៊ានក្រោយរងការវាយប្រហារយ៉ាងខ្លាំងទាំងនៅក្នុង ប្រទេសអុីរ៉ាក់ និងស៊ីរី ។
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein បានលើកឡើង ថា អ្វីដែលកើតឡើងនៅតំបន់មជ្ឈិមបូព៌ា បានជះឥទ្ធិពលមកដល់ម៉ាឡេស៊ី ពិសេសក្រោយពេលដែលអុីរ៉ាក់ប្រកាសទទួលបានជ័យជម្នះរំដោះទីក្រុងមូស៊ុលពីក្រុម IS។
កន្លងមកក្រុម IS ធ្លាប់បានប្រកាសថា នឹងបង្កើតទីតាំងថ្មីនៅតំបន់ជាច្រើនក្នុង នោះមាន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វុីលីពីន ស្ថិតនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បញ្ជាក់ទៀតថា ប្រទេសទាំងអស់នៅក្នុង តំបន់ចាំបាច់ត្រូវតែត្រួតពិនិត្យឲ្យបានល្អិតល្អន់បំផុតពីបញ្ហាខាងលើ ។
នៅពេលនេះដែររដ្ឋមន្ត្រីការពារជាតិ ម៉ាឡេស៊ីបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់ដើម្បីស្នើសុំព័ត៌មានចារកម្ម ពាក់ព័ន្ធនឹងទីកន្លែងលាក់ខ្លួនថ្មីរបស់ក្រុមភេរវកម្ម និងសកម្មភាពបន្តរបស់ពួកគេ។
បច្ចុប្បន្នម៉ាឡេស៊ីបានបង្កើនការយាមល្បាតនៅតាមបណ្តោយព្រំដែនរបស់ខ្លួន និងបញ្ជូនកម្លាំងបន្ថែមទៅកាន់ដែនសមុទ្រ Sulu ជិតទីក្រុងម៉ារ៉ាវី ប្រទេសហ្វុីលីពីន ជាកន្លែងដែលក្រុមIS កំពុងតែធ្វើសកម្ម ភាពនៅទីនោះ ។
ចំណែក រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីវិញលោក Ng Eng Hen បានលើកឡើងថា ក្រុមភេរវកម្មបានក្លាយទៅជាក្តីបារម្ភពី សន្តិសុខធំបំផុតនៅក្នុងតំបន់ ហើយហ្វុី លីពីនបានក្លាយទៅជាទីកន្លែងចូលដំបូងគេរបស់ក្រុម IS ។
ការព្រួយបារម្ភរបស់ប្រទេសសិង្ហបុរី កើតឡើងបន្ទាប់ពីក្រុមអ្នកគាំទ្រភេរវកម្ម ISនៅក្នុងប្រទេសអុីរ៉ាក់និងស៊ីរីបានបញ្ជាក់ថា សិង្ហបុរីគឺជាផ្នែកមួយនៃប្រទេសរបស់ ខ្លួននៅតំបន់អាស៊ីភាគអាគ្នេយ៍។ ក្រុមអ្នក វិភាគបានលើកឡើងថា សកម្មភាពខាង លើអាចជំរុញឲ្យក្រុមភេរវកម្មបើកការវាយប្រហារនៅទីនេះ ។
កាលពីសប្តាហ៍កន្លងមកមហាវិទ្យា ល័យស្រាវជ្រាវអន្តរជាតិ S. Rajaratnam បានបង្ហាញអត្ថបទរបស់អ្នកឯកទេស វិភាគ Jasmindersingh បញ្ជាក់ថា សិង្ហបុរី គឺស្ថិតនៅក្នុងបញ្ជីទីតាំងដែលក្រុមភេរវ កម្មISចាត់ទុកថា ជាផ្នែកមួយនៃទឹកដីរបស់ ខ្លួននៅតំបន់អាស៊ីភាគអាគ្នេយ៍។ ក្រៅពី នេះនៅមានប្រទេសដូចជា ម៉ាឡេស៊ី, ឥណ្ឌូ នេស៊ី, ហ្វុីលីពីន, តំបន់ភាគខាងត្បូងប្រទេស ថៃ, មីយ៉ានម៉ា និងជប៉ុនជាដើម។
លោកJasmindersingh បានបញ្ជាក់ថា ក្រុម IS បានជ្រើសរើសយកប្រទេសខាង លើធ្វើជាទីតាំងរបស់ខ្លួននៅតំបន់អាស៊ី ភាគអាគ្នេយ៍ក្រោយពេលទីតាំងរបស់ពួកគេនៅមជ្ឈិមបូព៌ាប្រឈមនឹងការបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃ ។
អ្នកឯកទេសវិភាគខាងលើបានបញ្ជាក់ទៀតថា «ខ្មាន់កាំភ្លើងបរទេសកំពុងតែ សម្រុកមកតំបន់អាស៊ានដើម្បីអនុវត្ត គម្រោងបង្កើតប្រទេសនៅក្នុងតំបន់នេះ»។ ក្រុមភេរវកម្មអាចបញ្ចុះបញ្ចូលខ្មាន់កាំភ្លើងបើកការវាយប្រហារនៅតំបន់អាស៊ាន ប្រសិនបើខ្មាន់កាំភ្លើងទាំងនោះមិនអាចធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាចូលរួមជាមួយក្រុមISនៅទីនោះបានគឺអាចវាយប្រហារនៅនឹងកន្លែង ។
ក្រសួងមហាផ្ទៃសិង្ហបុរីបានប្រកាសថា ប៉ូលិសពីរនាក់នៅក្នុងប្រទេសនេះត្រូវបានចាប់ខ្លួនដោយសារតែជាប់ពាក់ព័ន្ធនឹង សកម្មភាពវាយប្រហារភេរវកម្ម។ ការចាប់ខ្លួនធ្វើឡើងទៅតាមច្បាប់សន្តិសុខផ្ទៃក្នុង ISA របស់សិង្ហបុរី ។
ប៉ូលិសម្នាក់ឈ្មោះ Muhammad Khai- rul Mohamed អាយុ២៤ឆ្នាំត្រូវបានចាប់ ខ្លួនកាលពីចុងខែឧសភាដោយចោទប្រកាន់ ថា បានឡើងគម្រោងធ្វើដំណើរទៅកាន់ ប្រទេសស៊ីរីចូលរួមជាមួយក្រុមភេរវកម្ម ប្រឆាំងនឹងរដ្ឋាភិបាលលោកអាល់អាសាដ។ ប៉ូលិសម្នាក់ទៀតឈ្មោះ Mohamad Rizal Wahid អាយុ៣៦ឆ្នាំ ត្រូវបានចាប់ខ្លួនពី បទគាំទ្រគម្រោងរបស់មិត្តរួមការងារក្នុងការចូលរួមជាមួយក្រុមភេរវកម្ម ។
ប៉ូលិសទាំងពីរនាក់ខាងលើមានតួនាទី ត្រួតពិនិត្យសន្តិសុខនៅតាមអគារខ្ពស់ និង តំបន់ដែលមានមនុស្សច្រើន ។
ដើម្បីទប់ស្កាត់ក្រុមភេរវកម្មពង្រីកទីតាំងនៅក្នុងប្រទេសម៉ាឡេស៊ី ទាំងសហរដ្ឋ អាមេរិកនិងចិនបានផ្តល់អាវុធជាច្រើនឲ្យហ្វុីលីពីនដើម្បីវាយប្រហារទៅលើក្រុមភេរវកម្ម។ កន្លងមកចិនបានផ្តល់កាំភ្លើងរាប់ សិបពាន់ដើមដល់ហ្វុីលីពីនដើម្បីជួយដល់ប្រទេសនេះក្នុងការធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្មម៉ូតេដែលមានភាពជិតស្និទ្ធជាមួយក្រុមISនៅទីក្រុងម៉ារ៉ាវី។ នេះជាលើកទី១ ដែលចិនផ្តល់អាវុធកម្ចាត់ក្រុមភេរវកម្មចាប់ តាំងពីក្រុម IS បានដណ្តើមគ្រប់គ្រងទីក្រុង ម៉ារ៉ាវីជាង១ខែកន្លងមក។
ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ បានចូលរួមពិធីទទួលកាំភ្លើងទាំងនោះនៅក្នុងទីតាំងទ័ពអាកាស Clark ក្នុងតំបន់ Pampanga ប្រទេសហ្វុីលីពីនកាលពីថ្ងៃទី ២៨ ខែមិថុនា។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ ហ្វុីលីពីនជាអ្នកតំណាងឲ្យរដ្ឋាភិបាលចិនប្រគល់អាវុធទាំងនោះឲ្យទៅហ្វុីលីពីន។
កាំភ្លើងដែលចិនបានប្រគល់ឲ្យហ្វុីលីពីន មានតម្លៃប្រមាណ៧,៣៥លានដុល្លារ។ នៅក្នុងពិធីទទួលអំណោយកាំភ្លើងពីចិន ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ បានបញ្ជាក់ថា នេះជាការចាប់ផ្តើមនៃទំព័រថ្មីក្នុងទំនាក់ទំនងរវាងចិននឹងហ្វុីលីពីន។
បច្ចុប្បន្នពលរដ្ឋស្លូតត្រង់ជាច្រើនត្រូវបានក្រុមភេរកម្ម IS ចាប់ធ្វើជាចំណាប់ខ្មាំង នៅទីក្រុងម៉ារ៉ាវី។ មិនត្រឹមតែប៉ុណ្ណោះ ពលរដ្ឋរស់នៅក្នុងស្ថានភាពទុក្ខវេទនាយ៉ាងខ្លាំងដោយត្រូវបង្ខំឲ្យកាន់កាំភ្លើងវាយប្រហារប្រឆាំងរដ្ឋាភិបាល។ លើសពីនេះទៅទៀត បានចាប់បង្ខំស្ត្រីធ្វើជាទាសករបម្រើផ្លូវ ភេទដល់ក្រុមភេរវករ ។
កម្លាំងទាហានហ្វុីលីពីនបានទទួលព័ត៌ មានពីពលរដ្ឋដែលបានរត់ចេញពីទីក្រុងម៉ារ៉ាវីបានឲ្យដឹងថា ចំណាប់ខ្មាំងត្រូវបាន បង្ខំឲ្យប្តូរសាសនា ហើយបញ្ជូនទៅកាន់ ព្រះវិហារ ។
អ្នកនាំពាក្យកម្លាំងទាហានហ្វុីលីពីនលោក Jo Ar Hrrera បានបញ្ជាក់នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៧ ខែមិថុនា ថា«ទាំងនោះជាអ្វីដែលបានកើតឡើងនៅ ទីក្រុងម៉ារ៉ាវី។ ទាំងនោះជាសកម្មភាពមនុស្ស ធម៌បំផុត»៕ ម៉ែវ សាធី