ព័ត៌មានទាន់ហេតុការណ៍៖

ធាតុរបស់អ្នកប្រឆាំងនៅចិនបាចសាចតាមទឹកសមុទ្រ

ចែករំលែក៖

ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព លោក Liu Xiaobo ត្រូវបានគេបូជានៅក្នុងពិធីឯកជនមួយ ក្នុងទីក្រុងសឺនយ៉ាង (Shenyang) ប្រទេសចិន ។ បងប្រុសរបស់គាត់បាននិយាយថា ធាតុ(ឆ្អឹង)របស់លោក Liu ត្រូវបានបាចសាចតាមទឹកសមុទ្ររួចហើយ ។

លោក Liu ដែលបានជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ ក្រោមបទចោទប្រកាន់ “វិទ្ធង្សនា”នោះ បានបាត់បង់ជីវិត ដោយសារតែជំងឺមហារីកថ្លើម កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍កន្លងទៅនេះ ។ លោក Liu Xiaobo គឺជាអ្នកប្រឆាំងដ៏លេចធ្លោបំផុតនៅក្នុងប្រទេសចិន ។ ភរិយារបស់លោក គឺអ្នកស្រី Liu Xia ត្រូវបានប៉ូលិសចិនចាប់ឃុំខ្លួននៅក្នុងផ្ទះតាំងពីឆ្នាំ២០១០មកម្ល៉េះ ។ ប៉ុន្តែ ទោះបីយ៉ាងណា អ្នកស្រីបានចូលរួមពិធីបុណ្យសពស្វាមីរបស់អ្នកស្រីកាលថ្ងៃសៅរ៍ សប្តាហ៍មុនផងដែរ។

មន្ត្រីម្នាក់បាននិយាយថា សាកសពរបស់លោក លីវ ត្រូវបានបូជាក្រោមការគោរពតាមទំនៀមទម្លាប់ជាមូលដ្ឋាន និងបំណងប្រាថ្នារបស់ក្រុមគ្រួសារ។

រូបថតដែលចែករំលែកដោយអាជ្ញាធរមូលដ្ឋានបានបង្ហាញថា អ្នកស្រីលីវ និងអ្នកដទៃទៀតនៅក្បែរមឈូសរបស់លោក Liu ដែលព័ទ្ធជុំវិញដោយផ្កាឈូកពណ៌ស ជានិមិត្តរូបនៃទុក្ខសោកនៅក្នុងប្រទេសចិន។ អ្នកស្រីមានអារម្មណ៍ក្តុកក្តលចិត្តជាទីបំផុត។

រូបភាពក្រោយៗទៀតបានបង្ហាញថា អ្នកស្រីលីវ និងអ្នកដទៃទៀតនៅលើកប៉ាល់មួយ ដែលបានបោះផ្កាទៅក្នុងទឹកសមុទ្រ ក្នុងអំឡុងពេលពិធីមួយធ្វើឡើងដើម្បីបាចសាចធាតុស្វាមីរបស់អ្នកស្រីនោះ ។

អ្នកគាំទ្រលោក Liu និយាយថា អាជ្ញាធរចិនចង់ជៀសវាងការផ្តល់ដីដើម្បីបញ្ចុះសពលោកLiu ដែលជាតឹកតាងអាចឲ្យគេចងចាំបាននោះ។

សកម្មជនម្នាក់ ឈ្មោះ Hu Jia ដែលដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន South China Morning Post បាននិយាយថា វាជាការផ្លាស់ប្តូរដោយចេតនារបស់រដ្ឋាភិបាលចិន ដើម្បីរៀបចំពិធីបុណ្យសពយ៉ាងឆាប់រហ័ស ដូច្នេះគ្មាននរណាម្នាក់អាចទៅចូលរួមបុណ្យសពរបស់គាត់បានទេ ។

មន្ត្រីម្នាក់ដែលបាននិយាយអំពីពិធីបុណ្យសពនេះបញ្ជាក់ថា គាត់ជឿថា អ្នកស្រី Liu ត្រូវដោះលែង ប៉ុន្តែមេធាវីរបស់លោកស្រីLiu គឺលោក Jared Genser បានច្រានចោលការលើកឡើងបែបនេះ ហើយបានថ្លែងថា អ្នកស្រី Liu ត្រូវបានគេឃុំឃាំង “នៅក្នុងផ្ទះ” ចាប់តាំងអំពីការស្លាប់ស្វាមីរបស់អ្នកស្រី ។

លោកបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា: «ពិភពលោកចាំបាច់ត្រូវរួមគ្នាដើម្បីជួយសង្គ្រោះអ្នកស្រី និងឆាប់រហ័សបំផុត» ។ កាលពីថ្ងៃសុក្រ សប្តាហ៍មុន គណៈកម្មាធិការដែលប្រគល់រង្វាន់ណូបែលសន្តិភាពបានថ្លែងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពរបស់អ្នកស្រី លីវ ហើយបានជំរុញឲ្យរដ្ឋាភិបាលចិនដោះលែងអ្នកស្រីជាបន្ទាន់ ។

នៅក្នុងសន្និសីទព័ត៌មានមួយ រៀបចំដោយរដ្ឋាភិបាល បងប្រុសរបស់លោកLiu គឺលោក Liu Xiaoguang បានថ្លែងថា ការរៀបចំពិធីបុណ្យសពបានធ្វើឡើងតាមបំណងប្រាថ្នារបស់គ្រួសារ ៕ ថាច់ យ៉ាត


ចែករំលែក៖