ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់ ស្នើឲ្យភាគីទួរគីផ្តោតការយកចិត្តទុកដាក់ផ្តល់ជំនួយលើវិស័យអប់រំនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើទៅកាន់ភាគីទួរគី ទាំងស្ថាប័នរាជរដ្ឋាភិបាល និង អង្គការមនុស្សធម៌ អោយ បង្កើនការយកទុកដាក់គាំទ្រ និង ផ្តល់ជំនួយបន្ថែមលើវិស័យអប់រំ ខណៈ អប់រំជាវិស័យ ដែលកំពុងតម្រូវការ ក្នុងសង្គមកម្ពុជា ក៏ដូចជាសហគមន៍ អ្នកកាន់សាសនា ឥស្លាមនៅកម្ពុជា ហើយរាជរដ្ឋាភិបាលក៏កំពុងតែចាត់ទុក ក្នុងចំណោមនៃវិស័យអាទិភាពផងដែរ។ ថ្លែងបែបនេះ នៅក្នុងឱកាសដែល លោក រដ្ឋមន្ត្រី បានទទួលជួបប្រតិភូទួរគីលោក Saba hattin Arslan ទីប្រឹក្សាផ្ទាល់របស់ ប្រធានាធិបតីទួរគី កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្នាក់ការកណ្តាល អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

លោក Sabah attain Arslan ទីប្រឹក្សាប្រធា នាធិបតីទួរគី បានលើកឡើង ពីគោលបំណងសំខាន់ នៃទស្សនកិច្ចរបស់លោក មកកម្ពុជានេះ គឺដើម្បីស្វែងយល់ចែករំលែក ពីវប្បធម៏ ប្រទេសទាំង២ ជាពិសេសគឺ ការពនិត្យលើតម្រូវការផ្នែកមនុស្សធម៌ លើវិស័យដែលចាំបាច់ ដូចជាវិស័យអប់រំជាដើម។ ឆ្លើយតបនឹងតម្រូវការជាក់ស្តែង សម្រាប់សហគមន៍ខ្មែរឥស្លាមក្នុងជំហានដំបូង ឯកឧត្តម ទីប្រឹក្សាប្រធានាធិបតី បានសម្រេចប្រគល់អាហាររូបករណ៍ចំនួន ៣កន្លែងជូនភាគីកម្ពុជា ដើម្បីសិក្សាកម្រិតវិទ្យាល័យ។

លោក អូស្មាន ហាស្សាន់ បានសម្តែងការកោតសរសើរ ចំពោះភាគីទួរគី ដែលបានឆ្លើយតបភ្លាមៗជាមួយនឹងស្ថានភាពចាំបាច់ ជាក់ស្តែងនៃកម្ពុជា ផ្នែកវិស័យអប់រំនេះ។ លោក រដ្ឋមន្រ្តីប្រតិភូ ក៏បានចាត់ឲ្យ លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា ទទួលបន្ទុកការសម្រិតសម្រាំង និង ជ្រើសរើសសិស្ស ដែលមានសមត្ថភាពជាក់ស្តែង ដែលសាកសមនឹង ទទួលកញ្ចប់អាហារូបករណ៍ ៣កន្លែងខាងលើ។

លោក អូស្មាន ហាស្សាន់ បានលើកឡើងពីកំណើនសេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្នក្រោមការ គ្រប់ គ្រងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានស្តារឡើងវិញ និង រក្សាកំណើនសេដ្ឋកិច្ចកម្ពុជា ៧ភាគរយក្នុងមួយឆ្នាំ។ កំណើននេះ គឺជាលទ្ធផលវិជ្ជមានមួយ សម្រាប់ផ្តល់ឱកាស ដល់ការបណ្តាក់ទុនរបស់ វិនិយោគិនអន្តរជាតិ អោយមកវិនិយោគនៅកម្ពុជា។

ក្នុងនាមសមាជិករាជរដ្ឋាភិបាលកម្ពុជា លោក អូស្មាន ហាស្សាន់ បានលើកឡើងថា កម្ពុជាក៏សូមអំពាវនាវ ក៏ដូចជាស្វាគមន៍រាល់ការវិនិយោគ របស់ភាគីទួរគីមមកកាន់កម្ពុជា ខណៈដែលកម្ពុជាជាប្រទេស ដែលមានធនធានគ្រប់បែបយ៉ាងក្នុងការ ធានាបាននូវកំណើនវិនិយោគគ្រប់ទំហំ ព្រមទាំងធានាបាននូវសុខសុវត្ថិភាព និង ស្ថេរភាពនយោបាយផងដែរ៕ សំរិត


ចែករំលែក៖