ខេត្តកំពង់ឆ្នាំង៖ សពបុរសម្នាក់ត្រូវបានក្រុមជនសង្ស័យបាញ់សម្លាប់ រួចដាក់ឡានយកទម្លាក់ចោល ពើបនឹងប្រជាពលរដ្ឋបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជិត៧យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
លោកទឹម ចន្ធី អធិការនគរបាលស្រុករលាប្អៀរបានប្រាប់នគរវត្តនៅព្រឹកថ្ងៃទី១៧ ខែកក្កដាថា រហូតមកមកដល់ពេលនេះ នៅវេលាម៉ោងជិត៨ព្រឹកនេះ សមត្ថកិច្ចនៅពុំទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនោះទេ ហើយនៅពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៅតាមនីតិវិធី ។
លោកអធិការបានឲ្យដឹងទៀតថា កាលពីវេលាម៉ោងជិត៧យប់ ថ្ងៃទី១៦ ខែកក្កដា នោះ គឺមានប្រជាពលរដ្ឋម្នាក់បានប្រទះឃើញមនុស្សមួយក្រុម បានអូសសពជនរងគ្រោះទម្លាក់ពីលើរថយន្ត យកមកទម្លាក់ចោលនៅចំណុចលូក្បាលថ្នល់អាម៉ង់ ស្ថិតក្នុងភូមិឃុំខាងលើ ក្នុងពេលនោះក្រុមជនសង្ស័យបានពើបនឹងប្រជាពលរដ្ឋ ក៏នាំគ្នាទម្លាក់សាកសពរួចនាំគ្នាឡើងរថយន្ត បើកគេចខ្លួនតែម្តង ក្រោយពីប្រទះឃើញភ្លាមៗ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ភ្លាមផងដែរ ។
ក្នុងពេលចុះពិនិត្យសាកសពជនរងរគ្រោះ ឃើញមានស្លាកស្នាមរបួសដោយគ្រាប់កាំភ្លើង ដែលជនសង្ស័យបានបាញ់ពីក្រោយ ហើយធ្លាយមកខាងមុខ ហើយនៅក្បែរសាកសពជនរងគ្រោះនោះ មានសំបកកំប៉ុងស្រាបៀរចំនួន៦កំប៉ុង ។ នៅជំហានដំបូងនេះសមត្ថកិច្ចបានសន្និដ្ឋានករណីឃាតកម្មនេះ អាចជាករណីគំនុំ ហើយនៅពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ៕ ចន្ថា