ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃនៅកាណាដា ពលរដ្ឋរាប់ពាន់គ្រួសារភៀសចេញពីលំនៅឋាន

ចែករំលែក៖

មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេនៅភាគខាងលិចប្រទេសកាណាដា កាលពីចុងសប្ដាហ៍ នៅពេលខ្យល់កាន់បក់ខ្លាំងបង្កឲ្យអគ្គីភ័យឆាបឆេះព្រៃដ៏សន្ធោរសន្ធៅ បំផ្លិចបំផ្លាញ ខេត្ត British Columbia អស់រយៈពេលជាងមួយសប្តាហ៍នោះ។

អាកាសធាតុប្រែប្រួលបែបនេះ បានជំរុញឲ្យអាជ្ញាធរចាត់វិធានការប្រកាសអាសន្នជាថ្មី ដោយបញ្ជាឲ្យជម្លៀសពលរដ្ឋប្រមាណ២៤,០០០នាក់នៅក្នុងតំបន់ និងនៅទីក្រុង Williams Lake ដែលពលរដ្ឋប្រហែល ១១,០០០ នាក់រស់នៅ។

ប្រហែល៦០ភាគរយនៃប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃនេះបានចាកចេញពីលំនៅឋានរបស់ពួកគេហើយ។

រដ្ឋមន្រ្តីដឹកជញ្ជូន ខេត្ត Todd Stone បានថ្លែងនៅក្នុងសន្និសីទសារព័ត៌កាលពីថ្ងៃអាទិត្យថា ប្រជាពលរដ្ឋចន្លោះពី៣៦.០០០នាក់ ដល់ ៣៧.០០០ នាក់បានចាកចេញពីផ្ទះសម្បែង តាំងពីភ្លើងឆេះព្រៃបង្កខ្លាំងឡើងដោយសារអាកាសធាតុក្តៅស្ងួតហួតហែងនោះ ទើបជំរុញឱ្យមានភាពអាសន្ន ប្រកាសឡើងកាលពីថ្ងៃទី៧ ខែកក្កដា។

អាជ្ញាធរក្នុងតំបន់ថ្លែងថា បច្ចុប្បន្នមានភ្លើងឆេះព្រៃ១៦២កន្លែងកំពុងតែបន្តសកម្មភាពឆាបឆេះកាលពីថ្ងៃអាទិត្យ ក្នុងនោះមានប្រហែល១៥ទីតាំងគំរាមកំហែងលំនៅដ្ឋានពលរដ្ឋ។ ក្រុមពន្លត់អគ្គីភ័យ៣.០០០នាក់ រួមទាំង៤១៥ នាក់មកពីខេត្តនានាជុំវិញនោះ កំពុងប្រយុទ្ធជាមួយអណ្តាតភ្លើង។

ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅតំបន់នោះកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ហើយអ្នកបើកបរយន្តហោះម្នាក់នៃយន្តហោះនោះត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

លើសពីនេះទៅទៀត ក្រុមពន្លត់អគ្គីភ័យដែលបំពាក់ដោយយន្ដហោះនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពយ៉ាងខ្លាំងក្លាប្រឆាំងនឹងភ្លើងឆេះព្រៃ១១កន្លែង ដែលឆេះខ្លាំង បណ្តាលមកពីសីតុណ្ហភាពឡើងកម្តៅ និងមានខ្យល់បក់ខ្លាំង។

របាយការណ៍ផ្លូវការរបស់ក្រុម Cal Fire បានសរសេរថា “ព័ត៌មានដ៏អស្ចារ្យ! គ្រប់ការព្រមានអំពីការជម្លៀសទាំងអស់សម្រាប់ក្រុម អាល់ហ្វាហ្វ័រ ត្រូវបានដកចេញ។ ឧបករណ៍ពន្លត់អគ្គីភ័យនៅតែបន្តសកម្មភាពក្នុងតំបន់ដោយប្រុងប្រយ័ត្ន” ។

យោងតាមភ្នាក់ងារបាននិយាយថា អគ្គីភ័យដែលបានចាប់ផ្តើមនៅថ្ងៃទី៨ ខែកក្កដាមកនោះ បានរាលដាលលើផ្ទៃដីសរុប ១៨.០១៥ហិចតា និងបានដុតបំផ្លាញរចនាសម្ព័ន្ធជិត២.០០០ស្មើប្រមាណ៣៦ភាគរយ៕ ថាច់ យ៉ាត


ចែករំលែក៖