ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ កម្មការិនីរោងចក្រជេអ៊ែនជេជិត១ពាន់នាក់ធ្វើកូដកម្មមិនចូលធ្វើការនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្មករកម្មការនីរោងចក្រJNJ ជប៉ុន ជិត១ពាន់នាក់នាំគ្នាធ្វើកូដកម្មមិនចូលធ្វើការ នៅថ្ងៃទី ១៧ ខែកក្កដា ២០១៧ ដោយតវ៉ាទាមទារឲ្យថៅកែរក្សា ប្រាក់លើកទឹកចិត្តមិនធ្វើបាតុកម្ម ក្នុងរយៈពេល ៣ខែ ឧបត្ថម្ភៈ ប្រាក់២៥ដុល្លារឲ្យរក្សានៅដដែល។

បើតាមលោកអ៊ូ សុខឿន មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងជាតំណាងឲ្យក្រសួងការងារនៅតំបន់សេដ្ឋកិដ្ឋក្រុងបាវិត បានឲ្យដឹងថា រោងចក្រជេអ៊ែនជេ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត មានកម្មករ កម្មការិនីបម្រើការងារសរុប១៩០០នាក់ ក្នុងនោះជាង៥០ភាគរយ បាននាំគ្នាធ្វើកូដកម្មមិនចូលធ្វើការនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ពេញ១ថ្ងៃ ដោយតវ៉ាទាមទារប្រាក់ឧបត្ថម្ភៈ លើកទឹកចិត្តមិនចូលរួមធ្វើបាតុកម្ម គឺ៣ខែ ២៥ដុល្លារឲ្យរក្សានៅដដែល។

លោកអ៊ូ សុខឿន បន្តទៀតថា ថៅកែរោងចក្រ ជេអ៊ែនជេ បានសំណូមពរ សុំកុំឲ្យកម្មករ កម្មការិនី ចូលរួមធ្វើបាតុកម្មឬ ធ្វើកូដកម្ម ដោយបានផ្តល់ប្រាក់លើកទឹកចិត្ត ក្នុងរយៈពេល៣ខែ ឧបត្ថម្ភៈចំនួន២៥ដុល្លារ ថ្នូរមិនចូលរួមបាតុកម្ម។ ប្រាក់លើកទឹកចិត្ត២៥ដុល្លារនេះ បានផ្តល់រហូតមកជាច្រើនលើកមកហើយ ទើបតែក្នុងត្រីមាសទី២ ឆ្នាំ២០១៧នេះ ភាគីក្រុមហ៊ុនរោងចក្រជេអ៊ែនជេ ជប៉ុនផ្តល់ដំណឹងប្រជុំ ចង់កាត់បន្ថយខ្លះ ទើបកម្មករ កម្មការីនី ប្រមាណជាង៥០% ស្មើ១,០០០នាក់ នាំគ្នាធ្វើកូដកម្មមិនចូលធ្វើការ ដើម្បីតវ៉ាទាមទារ ឲ្យថៅកែរោងចក្រជេអ៊ែនជេ រក្សា ប្រាក់លើកទឹកចិត្ត២៥ដុល្លារ ជារង្វាន់មិនចូលរួមបាតុកម្មឲ្យនៅដដែល។

លោកអ៊ូ សុខឿនបន្តទៀតថា នៅរសៀលថ្ងៃទី១៧ ខែកក្កដានេះ ក្រុមការងារគណៈកម្មការក្រសួងការងារបានសម្របសម្រួលភាគីក្រុមហ៊ុនរោងចក្រជេអ៊ែនជេ ជប៉ុន បានព្រមព្រៀងរក្សាប្រាក់លើកទឹកចិត្ត២៥ដុល្លារឲ្យនៅដដែល និងសំណូមពរភាគីកម្មករ កម្មការិនី ឲ្យចូលធ្វើការវិញធម្មតា ភាគីកម្មករ កម្មការិនីក៏បានយល់ព្រមថា ចូលធ្វើការវិញនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ស្អែកនេះ៕ យឹម សុថាន


ចែករំលែក៖