ភ្នំពេញ៖ នៅក្នុងប្រតិបត្តិការកណ្តាលយប់អធ្រាត្រ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការបង្ក្រាបទៅលើករណីប្រើប្រាស់ និងជួញដូរ និងលេងល្បែងស៊ីសងចំនួន៣ករណីផ្សេងគ្នា ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដោយឃាត់ខ្លួនយុវជន៨នាក់យកមកសួរនាំ ។
ប្រតិបត្តិការរបស់សមត្ថកិច្ចខណ្ឌឫស្សីកែវបានធ្វើឡើងចាប់ពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ រហូតដល់ម៉ោង២និង៣០នាទី ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី១៦ ផ្លូវលេខ៩០៧ និងចំណុចផ្លូវរថភ្លើង ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់មានឈ្មោះ ១ សេង ពិសា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅក្នុងសង្កាត់ទួលសង្កែ, ២ សុខ ឡុងភក្តី ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅសង្កាត់ទួលសង្កែ, ៣ ស៊ូ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅក្នុងសង្កាត់ទួលសង្កែ, ៤ ម៉ៅ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ ស្រុកកំណើត ស្រុកពាមរ ខេត្តព្រៃវែង, ៥ អាង សុខជា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅក្នុងសង្កាត់បឹងស្រឡាង ខណ្ឌទួលគោក, ៦ សុខ រ៉ាឌី ភេទប្រុស ២៤ឆ្នាំ ទីលំនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ, ៧ មួង ឫទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង៨ អ៊ួ សូហា ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យទាំងនេះដែលសមត្ថកិច្ចឃាត់ខ្លួនត្រូវបញ្ជូនមកកាន់ស្នាក់ការនគរបាលប៉ុស្តិ៍ទួលសង្កែដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ។
បើតាមជនសង្ស័យបាននិយាយឲ្យដឹងថា ក្នុងការដែលឃាត់ខ្លួនពួកគេ សមត្ថកិច្ចនគរបាលខណ្ឌដែលមិនបានស្គាល់មុខ និងស្គាល់ឈ្មោះ បានយកនូវរបស់របរមួយចំនួនដែលជាប់ខ្លួន ដូចជាទូរស័ព្ទស៊េរីទំនើប ទូរស័ព្ទផ្សេងៗទៀត រួមជាមួយនឹងលុយទៅដាក់ក្នុងហោប៉ៅរបស់ខ្លួន ដោយពួកគេសួររករបស់ទាំងនោះ បែរជាឆ្លើយថា អត់ដឹង ។
ដោយឡែក មន្ត្រីនគរបាលប៉ុស្តិ៍ទួលសង្កែដែលធ្វើសំណុំរឿងបានថ្លែងដោយមិនបានចេញឈ្មោះថា ខ្លួនគ្រាន់តែជាអ្នកកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៨នាក់ ដែលក្នុងប្រតិបត្តិការដែលខណ្ឌទទួលឲ្យប៉ុណ្ណោះ ចំពោះរបស់របរដែលមានតម្លៃ និងលុយ ពួកគាត់មិនបានឃើញ និងបានទទួលនោះទេ ។
បើតាមប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ចំពោះករណីដែលឃាត់ខ្លួនជនសង្ស័យកន្លងមក គឺសមត្ថកិច្ចខណ្ឌឫស្សីកែវ តែងតែឆ្លៀតឱកាសយករបស់របររបស់ជនសង្ស័យទៅធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួន ដែលបញ្ហាទាំងអស់នេះ មិនមែនកើតឡើងតែមួយដង ឬពីរដងនោះទេ គឺញឹកញាប់ណាស់មកហើយ តែគ្មានបងប្អូនណាហ៊ានតវ៉ានោះឡើយ ។
ចំពោះបញ្ហាទាំងអស់នេះ គេមិនដឹងថា លោក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌឫស្សីកែវ បានជ្រាប និងដឹងអំពីបញ្ហា ដែលមន្ត្រីក្រោមឱវាទរបស់លោកធ្វើបែបនេះដែរឬអត់នោះទេ ៕ អារុណរះ