ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ កក្តដា២០១៧ បានបើកប្រជុំជាមួយមន្ត្រីជុំនាញរបស់ខ្លួន ដើម្បីពិនិត្យអំពីតម្រាយផ្លូវរត់ របស់ខ្សែរថយន្តក្រុងចំនួន៦ ខ្សែទៀត បន្ទាប់ពីប្រទេសចិនបានផ្តល់ជំនួយរថយន្តក្រុងចំនួន១០០គ្រឿង កាលពីពេលថ្មីៗនេះ ទោះបីមកដល់ពេលនេះ រាល់ការបំរើសេវារថយន្តក្រុងដឹកអ្នកដំណើរសាធារណៈ៣ខ្សែនៅរាជធានីភ្នំពេញ មានការខាតបង់ប្រមាណជាង១០ម៉ឺនដុល្លារ ជារៀងរាល់ខែក្តី ប៉ុន្តែអាជ្ញាធ នៅតែបន្តសកម្មភាពពង្រីកខ្សែរត់ បន្ថែមទៀត ដោយមិនរាថយឡើយ ។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ ពាក់ព័ន្ធក្រោមឱវាទមួយចំនួនទៀត ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា៖ រថយន្តទាំង១០០គ្រឿងនេះ នឹងត្រូវ យកទៅបំពេញ រថយន្ដ ចាស់ៗ ដែលខូចក្នុង ចំណោម៥៧គ្រឿង ដែលកំពុងដំណើរការនៅលើខ្សែរត់បច្ចុ ប្បន្ន ចំនួន៣ នៅសល់មួយចំនួនទៀត នឹងត្រូវពង្រីកខ្សែរត់ចំនួន៦ខ្សែបន្ថែមទៀត ។ លោកបន្តថា ៖ការពង្រីកសេវារថយន្តក្រុងសាធារណៈរបស់រដ្ឋនេះ បានធ្វើឡើង ដើម្បីជំរុញឲ្យប្រជាពលរដ្ឋ ប្រើប្រាស់មធ្យោបាយដឹកជញ្ជូនរួមហើយកាត់បន្ថយកំណើននៃ ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនឯកជន ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៏ ។
លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា៖ មកដល់ពេលនេះ រាជធានីភ្នំពេញមានសេវារថយន្តក្រុងដឹកអ្នកដំណើរសាធារណៈចំនួន៣ខ្សែ ដែលកំពុងដំណើរការ ក្នុងនោះខ្សែរត់ទី១.ចេញពីម្តុំឬស្សីកែវត្រង់ គីឡូម៉ែត្រលេខ៩ ឆ្ពោះទៅ ដល់វត្តក្តីតាកុយតាមផ្លូវជាតិលេខ១ ខ្សែទី២. ចេញពីផ្សាររាត្រី ទៅដល់ ក្រុងតាខ្មៅខេត្តកណ្តាល និងខ្សែទី៣.ចេញពីផ្សាររាត្រីឆ្ពោះទៅរង្វង់មូលចោមចៅ ដែលចំនួនអ្នកជិះគិតជាមធ្យម ក្នុងមួយថ្ងៃមានចន្លោះពី៥ពាន់នាក់ ទៅ៧ពាន់នាក់ ។ ដោយឡែក តម្រាយផ្លូវ ថ្មី ទាំង៦ខ្សែ ដែលគ្រោង និងដាក់ឲ្យដំណើការរត់ នេះ កំពុសិក្សា បន្ថែម ចំពោះ សំណើរ ពីអតិថិជន ទៅលើខ្សែរត់ នីមួយ ៗ ។ លោកម៉េត មាសភក្ដី បានបញ្ជាក់ថា ៖ តម្រាយ ផ្លូវ ដែលគ្រោងនិងដាក់ឲ្យដំណើរការនេះ អាជ្ញាធររាជធានីភ្នំពេញ មិនទាន់បង្ហាញឈ្មោះផ្លូវ ឲ្យសាធារណៈជន បានដឹងនៅឡើយទេ ៕ សំរិត