ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលក្រុងប៉ោយប៉ែតបើកកិច្ចប្រជុំរកដំណោះស្រាយបន្ទាប់ពីអាជីវករផ្សាររ៉ាចោទប្រកាន់ម្ចាស់ផ្សារដំឡើងប្រាក់តូបដល់អាណត្តិថ្មី

ចែករំលែក៖

ប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែត បានបើកកិច្ចប្រជុំសម្រុះសម្រួល បន្ទាប់ពីក្រុមអាជីវករចោទប្រកាន់ម្ចាស់ផ្សាររ៉ាតំឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាក្រុងប៉ោយប៉ែត ឋិតនៅភូមិគីឡូត៏ម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កាបើកកិច្ចប្រជុំធ្វើឡើងកាលពីលើករណីសំណើសុំកិច្ចអន្តរាគមន៍របស់បងប្អូនអាជីវករ ផ្សាររ៉ាថ្មី កុំឲ្យម្ចាស់ផ្សារដំឡើងតម្លៃតូបដល់២៥០០ដុល្លារ ក្នុង១អាណត្តិ ក្រោមអធិបតីភាព លោក ង៉ោ ម៉េងជ្រួន អភិបាលនៃគណៈអភិបាលក្រុង ដោយមានការចូលរួមពីលោក នង ធឿន អភិបាលរងក្រុង រួមជាមួយភាគីម្ចាស់ផ្សារ និងបងប្អូនអាជីវករប្រមាណ៨០នាក់។

ជាមួយគ្នាបងប្អូនអាជីវករស្នើសុំឲ្យអាជ្ញាធរក្រុងជួយដោះស្រាយ នូវសំណូមពរដូចខាងក្រោម៖

១-សុំឲ្យលោក ទិត្យ លេក និងលោកស្រី លី ម៉ារី ដែលជាម្ចាស់ផ្សាររ៉ាថ្មី កុំដំឡើងថ្លៃតូបសូមរក្សាតម្លៃដូចក្នុងអាណត្តិចាស់៥ឆ្នាំកន្លងមក ដោយក្នុងទំហំដីបាតតូបទំហំ ២,២ម៉ែត្រ គុណនឹង២,២ ម៉ែត្រ តម្លៃកក់២ម៉ឺនបាត និងបង់ប្រចាំខែ១០ម៉ឺនរៀល រួមនឹងភាស៊ីប្រចាំថ្ងៃ៥រយរៀល។

២-សុំឲ្យម្ចាស់ផ្សាររៀបចំសន្តិសុខផ្សារឲ្យបានគ្រប់ពេលវេលា។

៣-សុំឲ្យម្ចាស់ផ្សារបង្កើនការប្រមូលសំរាមព្រោះពួកគាត់បង់ភាស៊ីមិនដែលខាន។

៤-សុំរុះរើសម្ភារសំណង់តូបដូចជាទ្វាររនាំង ជញ្ជាំង ពិដាន កុងទ័រភ្លើង ដែលជាថវិការបស់ពួកគាត់វិញក្នុងករណីពួកគាត់ឥតលទ្ធភាពបន្តអាណត្តិ។

សំណើរបស់បងប្អូនអាជីវករត្រូវបានលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតទទួលយក និងបានស្នើសុំយ៉ាងទទូចសុំឲ្យភាគីម្ចាស់មេត្តាយោគយល់ចំពោះអាជីវករ ព្រោះមួយរយៈនេះអាជីវករលោកលក់មិនសូវដាច់ទេ។

ក្នុងនាមអាជ្ញាធរមិនចង់ឲ្យអ្នកវិនិយោគមានការខាតបង់ ហើយក៏មិនអាចអនុញ្ញាតឲ្យអ្នកវិនិយោគកេងចំណីហួសពីសៀវភៅបន្ទុករបស់រដ្ឋដែរ។

លោកអភិបាលបានលើកឡើងបន្តថា បើផ្អែកលើកិច្ចសន្យា និងការអះអាងរបស់បងប្អូនគឺពុំមានឯកសារកិច្ចណាមួយបញ្ជាក់ថា តម្លៃតូបជួលក្នុងមួយអាណត្តិ២៥០០ដុល្លារនោះទេ។ ទោះបីមានការអង្វរកពីអាជីវករ និងលោកអភិបាលក្រុងយ៉ាងណា ម្ចាស់ផ្សារនូវតែដាច់អហង្ការពុំទទួលយកសំណើដោយរក្សាជំហរ យកថ្លៃតូបមួយអាណត្តិ៥ឆ្នាំ ថ្លៃ២៥០០ដុល្លារ បើមិនព្រមម្ចាស់ផ្សារនឹងធ្វើការបិទផ្សារ។

ករណីនេះ បងប្អូនអាជីវករបានអំពាវនាវសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជួយដោះស្រាយជូនពួកគាត់ផង ព្រោះបើឲ្យពួកគាត់បំពេញតាមបំណងម្ចាស់ផ្សារនោះពួកគាត់ពុំមានលទ្ធភាពទេបើផ្អែកតាមស្ថានភាពលក់ដូរដូចសព្វថ្ងៃនេះ ហើយបើម្ចាស់ផ្សារបិទផ្សារនោះមុខរបរចិញ្ចឹមគ្រួសាររបស់ពួកគាត់នឹងជួបបញ្ហា។

ពួកគាត់បានបញ្ជាក់បន្ថែមថា បញ្ហាតម្លៃតូបនេះម្ចាស់ផ្សារមានការបោកបញ្ឆោតពួកគាត់ទាំងស្រុង បើតម្លៃតូបពីដំបូងមកថ្លៃ២៥០០ដុល្លារ ក្នុងមួយតូបហេតុអ្វីបានជាម្ចាស់ផ្សារមិនសរសេរក្នុងកិច្ចសន្យាឲ្យពួកគាត់បានជ្រាប ដើម្បីពួកគាត់ងាយស្រួលក្នុងការធ្វើសេចក្តីសម្រេចចិត្តថា គួរទិញ ឬមិនទិញ ៕ វណ្ណា


ចែករំលែក៖