ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌច្បារអំពៅសុំចិត្តប្រជាពលរដ្ឋមេត្តាយោគយល់ការអនុវត្តគំរោងស្ថាបនាផ្លូវបេតុងនិងដាក់ប្រព័ន្ធលូ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីក្រុមហ៊ុនដែលឈ្នះការដេញថ្លៃក្នុងការស្ថាបនាផ្លូវបេតុងនិងដាក់ប្រព័ន្ធលូហើយចាប់ផ្តើមអនុវត្តគំរោងរបស់ខ្លួននៅវេលាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ អមដោយលោកអភិបាលរងខណ្ឌ និងអាជ្ញាធរសង្កាត់ បានចុះពិនិត្រមើលការដ្ឋាន ដាក់ប្រព័ន្ធលូបង្ហូរទឹកមួយខ្សែនិងទីតាំងផ្លូវដែលត្រូវចាក់បេតុង ស្ថិតក្នុងព្រុំប្រទល់សង្កាត់ចំនួន២ គឺសង្កាត់ និរោធ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍អោយដឹងថា ប្រព័ន្ធលូបង្ហូរទឹកដែលកំពុងនឹងដាក់ជូនពលរដ្ឋប្រើប្រាស់នាពេលខាងមុខនៅពេលនេះ គឺមានប្រវែងសរុប ១២៧៨ម៉ែត្រ ទំហំ១ម៉ែត្រ លាតសន្ធឹងកាត់ភូមិចំនួន៤ រួមមាន ភូមិតាង៉ៅស្ថិតក្នុងសង្កាត់និរោធ , ភូមិជ្រោយបាសាក់ ភូមិជ្រោយបាសាក់១ និងភូមិព្រែកបារាំង ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ជាមួយនិងដំណើរចុះពិនិត្យការអនុវត្តគំរោងរបស់ក្រុមហ៊ុនដែលឈ្នះការដេញថ្លៃនេះដែរ

លោកអភិបាលខណ្ឌច្បារអំពៅ ក៏បានសុំការអាធ្យាស្រ័យខ្ពស់ពីសំណាក់ បងប្អូនប្រជាពលរដ្ឋ ចំពោះការប៉ះពាល់ដល់ការរស់នៅ ឬធ្វើដំណើរទៅមកប្រចាំថ្ងៃ ព្រោះថាការអភិវឌ្ឍន៍ ឬស្ថាបនាអ្វីមួយតែងតែជៀសមិនផុតឡើយពីបញ្ហាប្រឈម ឬផលប៉ះពាល់ ដូច្នេះហើយសូម បងប្អូនមេត្តាយោគយល់ជាមួយអាជ្ញាធរគ្រប់គម្រោងអភិវឌ្ឍន៍ផ្សេងៗក្នុងមូលដ្ឋានផង ។

បន្ថែមពីនោះ លោកអភិបាល ក៏បានស្នើរដល់មន្ត្រីអាជ្ញាធរមូលដ្ឋានភូមិសង្កាត់ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បំពេញបន្ថែមនូវតម្រូវការខ្វះខាតផ្សេងៗរបស់បងប្អូនដែលរស់នៅប្របសងខាងផ្លូវ តាមដែលអាចធ្វើទៅបាន ក្នុងកំឡុងការស្ថាបនា ដូចជាការជួយជាកម្លាំង ក្នុងការជីក គាស់ដី ឬតភ្ជាប់ ទុយោផ្សេងៗ ហើយហាមដាច់ខាតមិនអោយមានការយកលុយកាក់ពីពលរដ្ឋក្នុងការតភ្ជាប់ប្រព័ន្ធលូពីក្នុងលំនៅឋានរបស់បងប្អូនចូលមកប្រព័ន្ធលូធំឡើយ ប៉ុន្តែបើពួកគាត់ផ្តល់អោយក្នុងនាមអាណិត ស្រលាញ់រាប់អាន នោះគឺជាទឹក ចិត្តរបស់គាត់ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃខែដដែល លោកអភិបាលខណ្ឌក៏បានអញ្ចើញទៅពិនិត្រមើលផ្លូវមួយខ្សែ ប្រវែង ២១៥ម៉ែត្រ ស្ថិតក្នុងភូមិតាង៉ៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលគ្រោងនឹងស្ថាបនាផ្លូវប៉េតុងបន្ថែមពីលើ នៅពេលខាងមុខ៕ សណ្តោស


ចែករំលែក៖