កូរ៉េខាងជើង ធ្លាប់បានព្រមានជាច្រើនលើកមកហើយថា នឹងបើកការវាយប្រហារ ទៅលើទីតាំងយោធាអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង និងជប៉ុន។ ប្រទេសទាំងពីរគឺជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិក ហើយក៏ស្ថិតនៅក្នុងគោលដៅវាយប្រហាររបស់កូរ៉េខាងជើងផងដែរ បើកូរ៉េខាងជើងរងការវាយប្រហារពីអាមេរិកនោះ។ សកម្មភាព របស់កូរ៉េខាងជើង មិនខុសអ្វីពីការ យក កូរ៉េខាងត្បូងនិងជប៉ុនធ្វើជាចំណាប់ខ្មាំង ទប់ស្កាត់ការវាយប្រហាររបស់អាមេរិកនោះទេ។
កន្លងមកនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull បានព្រមានថា កូរ៉េខាងជើង អាចនឹងបើកការវាយប្រហារដោយបរមាណូទៅលើប្រទេសជិតខាង ហើយការដែលវាយប្រហារនោះគឺដោយសារតែចិន មិនដាក់គំនាបទៅលើកូរ៉េខាង ជើង ដើម្បីឲ្យបញ្ចប់សកម្មភាពអាវុធដែលបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំង។
លោក Malcolm Turnbull បានបញ្ជាក់ ថា ការគំរាមកំហែងរបស់កូរ៉េខាងជើងនាពេលនេះ ដោយសារតែសហគមន៍អន្តរ ជាតិ ពិសេសគឺប្រទេសចិន ដែលមិនបញ្ចេញសកម្មភាពរារាំងទីក្រុងព្យុងយ៉ាងប្រកបដោយប្រសិទ្ធភាព។ លោកបន្តទៀតថា កូរ៉េខាងជើងពិតជាបានគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ និងនៅលើពិភព លោកទាំងមូល។
លោក Malcolm Turnbull បញ្ជាក់ ទៀតថា អូស្ត្រាលី មិនមានមីស៊ីលការពារ ទំនើបៗ ដូចជាមីស៊ីល THAAD ដែល អាមេរិកបានដាក់ពង្រាយនៅកូរ៉េខាងត្បូងឡើយ ប៉ុន្តែប្រព័ន្ធមីស៊ីលការពាររបស់ អូស្ត្រាលី ក៏គ្រប់គ្រាន់សម្រាប់ទប់ទល់ជា មួយកូរ៉េខាងជើងដែរ។
នៅពេលនេះមិនថាប្រទេសអូស្ត្រាលីឡើយគឺមានប្រទេសជាច្រើនទៀតនៅក្នុងតំបន់ក៏ព្រួយបារម្ភដូចគ្នាដែរ ដោយសារ សង្គ្រាមកើតឡើងនៅឧបទ្វីបកូរ៉េ អាចប៉ះ ពាល់ដល់តំបន់អាស៊ីទាំងមូល។
ការដែលកូរ៉េខាងជើងមិនខ្លាច បានធ្វើឲ្យមន្ត្រីការបរទេសអាមេរិកលើកឡើងថា បើនៅពេលចាំបាច់ អាមេរិកនឹងពិភាក្សា មួយទល់នឹងមួយជាមួយកូរ៉េខាងជើង ដើម្បីបញ្ចប់ស្ថានភាព តើកូរ៉េខាងជើងចង់ បានអ្វី ដើម្បីបញ្ចប់កម្មវិធីបរមាណូ។
សំណុំរឿងនុយក្លេអ៊ែររបស់កូរ៉េខាងជើង កំពុងធ្វើឲ្យសហគមន៍អន្តរជាតិ សស្រាក់សស្រាំ ស្វែងរកដំណោះស្រាយ ដើម្បីបញ្ចៀសការប្រើប្រាស់កម្លាំងតាម ដែលសហរដ្ឋអាមេរិក ធ្លាប់បានព្រមាន។ កាលពីល្ងាចថ្ងៃសុក្រទី ២៨មេសា លោក រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាន ដឹកនាំកិច្ចប្រជុំពិសេសមួយ ក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខ ដើម្បីរួមគ្នាដាក់ទណ្ឌកម្មបន្ថែមលើរបបផ្តាច់ការព្យុងយ៉ាង។ នៅ ប៉ុន្មានម៉ោងមុនកិច្ចប្រជុំនេះ លោក រដ្ឋមន្ត្រី ការបរទេសអាមេរិក ថែមទាំង បាននិយាយថា បើចាំបាច់អាមេរិកនឹង ចរចាដោយផ្ទាល់ទ្វេភាគីជាមួយកូរ៉េខាងជើង។
បន្ទាប់ ពីបានគំរាមប្រើកម្លាំង និងបានបញ្ជូននាវាចម្បាំងទៅកាន់ឧបទ្វីបកូរ៉េ កាលពីពេលកន្លងទៅនេះ សហរដ្ឋអាមេរិកហាក់បានបញ្ចេញយុទ្ធសាស្ត្រថ្មី តាមរយៈការផ្តល់អាទិភាពទៅលើការចរចាដោយសន្តិវិធី ជាមួយកូរ៉េខាងជើង ជាជាងការ ប្រើកម្លាំងវាយបក។ យ៉ាងណាមិញ លោក ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានថ្លែង កាលពីថ្ងៃសុក្រដែរថា លោកអាចនឹងប្រើ កម្លាំងវាយសង្រ្គប់កូរ៉េខាងជើង តែជាបឋម លោកចង់ផ្តល់អាទិភាពដល់ការចរចាផ្លូវ ទូតជាមុនសិន។
មុនពេលចូលទៅដឹកនាំការប្រជុំ ពិសេស នៃរដ្ឋមន្ត្រីការបរទេសប្រទេស សមាជិកក្រុមប្រឹក្សាសន្តិសុខ នៅក្នុងបទ សម្ភាសន៍តាមវិទ្យុ NPR លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិក បាន និយាយថា បើចាំបាច់ សហរដ្ឋអាមេរិក ត្រៀមខ្លួនចរចា ដោយផ្ទាល់ មួយទល់នឹង មួយ ជាមួយនឹងកូរ៉េខាងជើង។ លោករដ្ឋ មន្ត្រីរូបនេះ បានបញ្ជាក់ថា អ្វីដែលអាមេរិក ចង់បាន គឺតែមួយគត់ គឺបិទបញ្ចប់កម្មវិធី នុយក្លេអ៊ែររបស់កូរ៉េខាងជើងតែម្តង មិន ត្រឹមតែផ្អាកមួយរយៈនោះទេ។ លោក បន្ថែមថា អាមេរិកបានដកអាវុធនុយក្លេអ៊ែរចេញពីតំបន់ឧបទ្វីបកូរ៉េ អស់រលីងហើយ។ ដូច្នេះ កូរ៉េខាងជើង ក៏ត្រូវតែលុបចោល កម្មវិធី នុយក្លេអ៊ែររបស់ខ្លួនដែរ។
បន្ថែមពីនេះ លោក Rex Tillerson បាននិយាយថា កម្មវត្ថុរបស់អាមេរិក គឺ មិនខុសពីចិនទេ។ អាមេរិក គ្មានចេតនា ណាមួយ ទៅផ្តួលរំលំរបបដឹកនាំរបស់កូរ៉េខាងជើងទេ ហើយក៏មិនចង់ទៅជំរុញ ឲ្យ កូរ៉េទាំងពីរ រួបរួមគ្នាជាប្រទេសតែមួយឡើងវិញដែរ។ អ្វីដែលអាមេរិកចង់បាន គឺកូរ៉េខាងជើងត្រូវតែគ្មានអាវុធនុយក្លេអ៊ែរ ហើយ ងាកមកអភិវឌ្ឍសេដ្ឋកិច្ចដែលអាមេរិកចាំត្រៀមខ្លួនជួយ។
ដោយឡែក នៅក្នុងអង្គប្រជុំក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃសុក្រ លោក Rex Tillerson បានបញ្ជាក់ជាថ្មីម្តងទៀតថា គ្រប់ ជម្រើសទាំងអស់ទាំងផ្លូវទូត ទាំងផ្លូវទ័ព ត្រូវយកមកដាក់លើតុ ព្រោះថាយើងមិនអាចប្រហែសជាមួយនឹងកូរ៉េខាងជើងបានឡើយ។ សមត្ថភាពរបស់កូរ៉េខាងជើង អាចវាយប្រហារជប៉ុន និងកូរ៉េខាងត្បូង បានយ៉ាងងាយ ហើយក្នុងពេលដ៏ឆាប់ ខាងមុខ កូរ៉េខាងជើងប្រាកដជាអាចផលិត អាវុធ ទៅវាយប្រហារដល់អាមេរិកផងក៏ ថាបាន។
លោករដ្ឋមន្ត្រីអាមេរិក បានដំឡើងសម្ដី ចំៗ នៅចំពោះមុខ លោកវ៉ាង យី រដ្ឋមន្ត្រី ការបរទេសចិន ដែលមានមុខនៅក្នុងអង្គ ប្រជុំថា ចំណូលរបស់កូរ៉េខាងជើង បាន មកពីពាណិជ្ជកម្មក្រៅប្រទេស ចំនួន៩០% គឺបានមកពីចិន ដូច្នេះ ចិនមានតួនាទីធំ ណាស់ ក្នុងការដាក់សម្ពាធទៅលើកូរ៉េខាងជើង។ លោករដ្ឋមន្ត្រីការបរទេសអាមេរិក ក៏នឹងត្រូវជួបមួយទល់នឹងមួយ ជាមួយ លោករដ្ឋមន្ត្រីការបរទេសចិន ក្នុងពេលដ៏ ឆាប់នេះដែរ។
ក្នុងពេលជាមួយគ្នានេះដែរ ប្រទេស សមាជិកអាស៊ានទាំង១០ បានចេញ សេចក្តីប្រកាសរួមមួយ ដែលសេចក្តី ប្រកាសគោលជំហររួមនោះ គឺគ្មានអ្វីគួរឲ្យ ភ្ញាក់ផ្អើលទេ គឺសមាគមអាស៊ាន បានសម្តែងការព្រួយបារម្ភខ្លាំងទាក់ទិនទៅនឹង សកម្មភាពសាកល្បងអាវុធនុយក្លេអ៊ែរ និង មីស៊ីល បាលីស្ទីក ម្តងហើយម្តងទៀត របស់កូរ៉េខាងជើង។ រដ្ឋមន្ត្រីការបរទេស អាស៊ានទាំង១០ ប្រកាសយ៉ាងម៉ឺងម៉ាត់ថា កូរ៉េខាងជើងត្រូវតែគោរពការសម្រេចរបស់អង្គការសហប្រជាជាតិដែលបានហាមឃាត់មិន ឲ្យធ្វើការសាកល្បងអាវុធនុយ ក្លេអ៊ែរ និង បាលីស្ទីក។
លិខិតរបស់រដ្ឋមន្ត្រីកូរ៉េខាងជើង មិនបានធ្វើឲ្យសមាគមអាស៊ានប្តូរចិត្តទេ។ ក្នុង ចំណោមប្រទេសអាស៊ានទាំង១០ ជា ទូទៅគេដឹងថា មានកម្ពុជា និងឡាវ ដែល កន្លងមក មានទំនាក់ទំនងល្អជាមួយនឹង កូរ៉េខាងជើង។ តែយ៉ាងណា ក្នុងសំណុំ រឿងនេះ វាជារឿងមិនអាចទៅរួចទេ ដែល សមាជិកអាស៊ាន ត្រូវទៅថ្កោលទោស កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែល សុទ្ធតែជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់អាស៊ាន។ តែយ៉ាងណា នៅក្នុងសេចក្តីប្រកាសនេះ អាស៊ាន បានអំពាវនាវសុំឲ្យភាគីពាក់ព័ន្ធទាំងអស់ មិនថាកូរ៉េទាំងពីរ សហរដ្ឋអាម េរិក ជប៉ុន ឬចិន ត្រូវតែបន្ធូរ បន្ថយឥរិយា បថរៀងៗខ្លួន ប្រឹងអត់ធ្មត់ កុំជំរុញឬក៏ធ្វើអ្វីដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរជាងនេះ៕ ម៉ែវ សាធី