ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹក កម្លាំងការិយាណ្តាលនគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹង ពីជនរងគ្រោះឈ្មោះ ស្រ៊ុន រ៉ានីន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ មេផ្ទះ រស់នៅក្រុម២២ ភូមិ១ សង្កាត់២ កក្រុង-ខេត្តព្រះសីហនុ និងមិត្តប្រុសបានប្តឹងរាយការណ៍ថា៖
នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នាងបានហូបបបរជាមួយមិត្តប្រុស លុះត្រលប់មកផ្ទះវិញត្រង់ចំណុចផ្លូវចាក់បេតុង ស្ថិតនៅក្រុមទី២២ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ស្រាប់តែមានជនមិនស្គាល់មុខចំនួន២នាក់ ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក ស្ទាក់ពីមុខម៉ូតូ បានធ្វើអោយម៉ូតូនាងខ្ញុំដួលទៅលើដី ហើយពួកវាទាំងពីរនាក់ កាន់កាំបិតម្នាក់១ដើម ភ្ជង់គំរាមកាប់នាងខ្ញុំនិងមិត្តប្រុសខ្ញុំ បើមិនព្រមឱ្យពួកវាទេនឹងចាក់កាប់សម្លាប់ចោល ។
សម្ភារជនសង្ស័យប្លន់យកមាន៖ ម៉ូតូម៉ាកហុងដា ZOOMER-X ពណ៍ក្រហម១គ្រឿង ផលិតឆ្នាំ២០១៦,ទូរស័ព្ទម៉ាក i-Phone 7 Plus ពណ៍ខ្មៅ២គ្រឿង និងលុយ ៣០០ $ ។
ដោយមានការចង្អលដឹកនាំ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកឧត្តសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលបានប្រគល់ភារះកិច្ចឱ្យកម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ផ្តន្ទាទោសតាមច្បាប់ ។
ករណីនេះបានស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុតតាមជំនាញនគរបាល កំណត់មុខសញ្ញាសង្ស័យឈានទៅចាប់ខ្លួន នៅវេលាម៉ោង១៣ ថ្ងៃទី១៨.០៧.២០១៧ ។
ករណីនេះ បានបង្ក្រាបបានទាំងស្រុងចាប់បានជនសង្ស័យ២នាក់ ឈ្មោះ ជាម ប្រុស ហៅ ប្រុស ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ(ចារីដៃដល់) និងឈ្មោះ ចុង សុខជា ហៅ ជា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (ចារីដៃដល់) ។
វត្ថុតាងចាប់យកបានរួមមាន៖ ម៉ូតូម៉ាក ZOOMER-X ១គ្រឿង (ផលចោរកម្ម), ម៉ូតូម៉ាកអ៊ែប្លែត ១គ្រឿង (មធ្យោបាយធ្វើសកម្មភាព), ទូរស័ព្ទដៃចំនួន ៤គ្រឿង (ម៉ាក i-Phone 7 Plus ២គ្រឿង ផលចោរកម្ម ) និងកាំបិតកាចែត ចំនួន២ដើម (ឧបករណ៍សម្រាប់ប្លន់) ។
ឆ្លងតាមការសួរចម្លើយ ជនសង្ស័យបានសារភាពទាំងស្រុង ដូចបណ្តឹងរបស់ជនរងគ្រោះខាងលើ ។
ចំពោះទ្រព្យសម្បត្តិបានប្រគល់អោយទៅជនរងគ្រោះវិញ។
ជនសង្ស័យ និងវត្ថុតាងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ