ភាពតានតឹង រវាងឥណ្ឌានឹងចិននៅតាមបណ្តោយព្រំដែនបង្កក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាម ផ្ទះុឡើងរវាងប្រទេសមហា អំណាចបរមាណូ ទាំងពីរនៅអាស៊ី។ ប្រព័ន្ធផ្សព្វផ្សាយប្រទេសចិន បានផ្សាយ ថា ទីក្រុងប៉េកាំងបានត្រៀមលក្ខណៈធ្វើសង្គ្រាមយូរអង្វែងជាមួយឥណ្ឌា។
សារព័ត៌មានចិនបានផ្សាយថា ចិនបានបញ្ជូនអាវុធគ្រាប់រំសេវជាង១០ពាន់តោន ទៅកាន់ព្រំដែនជាប់ប្រទេសឥណ្ឌាដែល កំពុងតែមានការប្រឈមមុខតានតឹងដាក់គ្នា។ អាវុធទាំងនោះស្ថិតនៅក្រោមការ គ្រប់គ្រងរបស់កងពលប្រចាំភូមិភាគខាងលិច ក្នុងនោះមានទីបេ និងដោះស្រាយ វិវាទជាមួយឥណ្ឌា ។
សកម្មភាពបញ្ជូន អាវុធខាងលើធ្វើឡើងតាំងពីដើមខែកក្កដា មកម៉្លេះ ដោយដឹក ជញ្ជូនតាមរថយន្តនិងរថភ្លើង ។ កាលពី ថ្ងៃទី១៨ ខែកក្កដា បណ្តាញទូរទស្សន៍ ចិនបានផ្សាយថា កម្លាំងទាហាន ប្រទេស នេះ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅ តំបន់ខ្ពង់រាប ទីបេ។ ទីតាំងធ្វើសមយុទ្ធនៅមិនឆ្ងាយប៉ុន្មានឡើយពីតំបន់ត្រីកោណ មានវិវាទរវាងឥណ្ឌា-ប៊ូតាន និងចិន។
ការបញ្ជូនអាវុធចូលទៅកៀកតំបន់មានវិវាទក្នុងគោលដៅត្រៀមធ្វើសង្គ្រាមបើ មានការវាយប្រហារកើតឡើងនោះ អាវុធជួយអន្តរាគមន៍របស់ចិននឹងទៅដល់ទីតាំង ទាន់ពេលវេលា។
លោក Ni Lexiong អ្នកឯកទេស វិភាគយោធា នៅសៀងហៃ បានឲ្យដឹងថា សកម្មភាពរបស់ចិនក្នុងគោលដៅដាក់ គំនាបទៅលើប្រទេសឥណ្ឌាឲ្យអង្គុយតុ ពិភាក្សា ដើម្បីបញ្ចៀសសង្គ្រាមកើតឡើង ដូចកាលពីឆ្នាំ១៩៦២។ អ្នកឯកទេស ខាងលើ ក៏បានបញ្ជាក់ទៀតថា សកម្មភាព របស់ចិន គឺបានបង្ហាញថា ចិនមានកម្លាំងអាវុធនិងយោធានាំមុខលើឥណ្ឌា។
ចំណែករដ្ឋមន្ត្រីការពារជាតិឥណ្ឌា វិញ លោក Arun Jaitley បានបញ្ជាក់ថា «ឥណ្ឌា នៅក្នុងឆ្នាំ២០១៧នេះ ខុសពីឥណ្ឌាកាល ពីឆ្នាំ ១៩៦២»។ ចំណែករដ្ឋមន្ត្រីការពារជាតិចិនវិញ ក៏បានបញ្ជាក់ដែរថា«ចិន ពេលនេះក៏ខុសពីចិនកាលពីជាង៥៥ឆ្នាំ មុនដែរ»។
ការបញ្ជូនអាវុធរបស់ចិន ទៅកាន់ តំបន់វិវាទ កើតឡើង បន្ទាប់ពីឥណ្ឌាបានបញ្ជូនកម្លាំងទាហាននិងអាវុធចូលទៅកាន់តំបន់ព្រំដែនដែលមានវិវាទនោះ។ កន្លង មកថ្មីៗ កម្លាំងទាហានឥណ្ឌា បានបញ្ជូន បន្ថែមទៅកាន់ព្រំដែន ស្ថិតនៅក្នុងតំបន់ ត្រីកោណ រវាងប្រទេសឥណ្ឌា ចិន និង ប៊ូតានដើម្បីទប់ទល់ហេតុការណ៍អាក្រក់ ដែលអាចកើតឡើង។
កម្លាំងទាហានឥណ្ឌានៅតាមព្រំដែន បានត្រៀមលក្ខណៈធ្វើសង្គ្រាមខ្ពស់ ក្រោយ ពីមានភាពតានតឹង រវាងឥណ្ឌា នឹងចិនមក។ នេះគឺជាសកម្មភាពថ្មីរបស់ ឥណ្ឌាដើម្បីទប់ទល់ជាមួយចិន ដែលបានបញ្ជូនទាហានទៅកាន់ព្រំដែនស្ថិតនៅតំបន់ Khamba Dzong និង តំបន់ Chumbi ។
បច្ចុប្បន្នភាពតានតឹងបានកើតឡើងនៅតំបន់ខ្ពង់រាប Doklam គ្រប់គ្រងដោយ ប្រទេស Bhutan ប៉ុន្តែភាគីចិនក៏បាន ប្រកាសថា តំបន់នោះស្ថិតនៅក្នុងដែនអធិបតេយ្យ របស់ខ្លួន ។ ឥណ្ឌា និងប៊ូតាន បាន ចោទ ប្រកាន់ចិន សាងសង់ផ្លូវ ពីតំបន់ Chumbi ទៅកាន់តំបន់ Doklam ។ រដ្ឋាភិបាល ប៊ូតានក៏បានផ្ញើលិខិត ស្នើ ដល់ប្រទេសចិន ដកចេញនិង រក្សា សភាពដើមនៅទីនោះ។ ចំណែកឥណ្ឌា ចាត់ទុកការសាងសង់ផ្លូវ ដោយមិនមាន ការឯកភាព គឺជាការប៉ុនប៉ងផ្លាស់ប្តូរបន្ទាត់ព្រំដែនរវាងប្រទេសទាំង៣។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar បានបញ្ជាក់ថា សកម្មភាពខាង លើនឹងធ្វើឲ្យ បន្ទាត់ព្រំដែនមានការប្រែប្រួលដូចដែលចិនបានធ្វើពីអតីតកាល។ ចំណែក ចិនវិញ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានប្រកាស ស្នើឲ្យឥណ្ឌា ដកទាហាន ចេញពី« ទឹកដីដែលត្រូវបានទទួលស្គាល់ជារបស់ចិន»។
ប៊ូតានជាប្រទេសតូចមួយ ដែលមាន ព្រំដែនភាគច្រើនជាប់ប្រទេសចិន ។ ប៊ូតាន មានទំនាក់ទំនងយ៉ាងល្អជាមួយ ឥណ្ឌា តាំងពីដើមមក ហើយនៅពេលដែល ចិន មានសកម្មភាពបញ្ជូនទាហាន ទៅព្រំដែននិងសាងសង់ផ្លូវខុសច្បាប់នោះ ប្រទេស នេះក៏បានស្នើឲ្យឥណ្ឌាជួយធ្វើអន្តរាគមន៍ ដោយមានតែឥណ្ឌាប៉ុណ្ណោះ ដែលអាច ទប់ទល់ជាមួយចិនបាន។
ចិននិងឥណ្ឌា ជាប្រទេសមហាអំណាច បរមាណូដូចគ្នា និងមានសេដ្ឋកិច្ចរីក ចម្រើនជាងគេនៅតំបន់អាស៊ីនាពេលចុងក្រោយនេះ ។ ឥណ្ឌានិងចិនតែងតែប៉ះ ទង្គិចគ្នា ជាបន្តបន្ទាប់នៅតាមបណ្តោយព្រំដែន ហើយភាគច្រើនទាហានចិន ជា អ្នកឈ្លានពានចូលក្នុងទឹកដីឥណ្ឌាមុន ឬចិន ជាអ្នក វាយប្រហារទៅលើទីតាំង របស់ឥណ្ឌា នៅព្រំដែន។ វិវាទនៅតាមបណ្តោយ ព្រំ ដែន បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីប្រទេស នៅក្នុងតំបន់ ខ្លាចរាលដាលទៅជាសង្គ្រាមទ្រង់ទ្រាយធំ។
នៅដើមខែកក្កដា នេះឯកអគ្គរដ្ឋទូត ចិនប្រចាំនៅប្រទេសឥណ្ឌា បានព្រមានថា វិវាទនៅ តាមបណ្តោយព្រំដែន ចិន-ឥណ្ឌា ក្នុងតំបន់ភ្នំ Himalaya (ហិមពាន្ត)គឺជាការប៉ះទង្គិចគ្នាជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន រយៈពេល៣០ឆ្នាំកន្លងមក។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅឥណ្ឌា លោក Luo Zhaohuiបានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ចិនបានរិះគន់ យ៉ាងខ្លាំង ដល់សកម្មភាពបង្កើនទាហាននៅព្រំដែនរួមរបស់ឥណ្ឌា និងចិន ហើយ អំពាវនាវឲ្យដោះស្រាយវិវាទខាងលើ តាម រយៈកិច្ចការបរទេស។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានផ្សាយថា ប្រទេសទាំងពីរបានបញ្ជូនកម្លាំងទាហាន ម្ខាងៗប្រមាណ ៣០០០នាក់ ទៅកាន់ព្រំ ដែន តំបន់ Sikkim, Bhutan , តំបន់ទីបេ។
ការបង្កើនកម្លាំងនិងអាវុធរបស់ប្រទេសឥណ្ឌានិងចិន នៅតាមបណ្តោយព្រំដែន បាន បង្កក្តីបារម្ភយ៉ាងខ្លាំង ខ្លាចប្រទេស ទាំងពីរផ្ទុះសង្គ្រាមដាក់គ្នា ។
បច្ចុប្បន្នឥណ្ឌា និងចិន មានអាវុធ ទំនើបៗជាច្រើន មិនអាចប្រៀបធៀបបានថា ភាគីណាមួយ មានអាវុធល្អជាងឬភាគីណាមួយជាអ្នកឈ្នះបើមានសង្គ្រាមកើតឡើងនោះទេ។ រយៈប៉ុន្មានឆ្នាំមកនេះ ឥណ្ឌាបានចំណាយប្រាក់រាប់សិបពាន់លានដុល្លារ លើវិស័យអាវុធ ដោយទិញអាវុធ មកពីក្រៅប្រទេសជាច្រើន ក៏ដូចជាអាវុធ ផលិតនៅក្នុងស្រុកជាដើម។ ចំណែកចិន វិញក៏ដូចគ្នាដែរ គឺបានពង្រឹងវិស័យអាវុធ និង យោធាកាន់តែរឹងមាំថែមទៀត៕ ម៉ែវ សាធី