ក្រោយពីលោក Antonio Conte បានចុះហត្ថលេខាបន្តដឹកនាំក្រុមតោខៀវ Chelsea រយៈពេល២ឆ្នាំទៀតនោះធ្វើឲ្យថ្លៃឈ្នួលរបស់គាត់ឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តក្លិបមួយ នេះ។
ក្នុងកុងត្រាចាស់អ្នកចាត់ការទូរទៅសញ្ជាតិអ៊ីតាលីនេះ ទទួលបានថ្លៃឈ្នួល6,5លាន ផោនក្នុងមួយឆ្នាំ ប៉ុន្តែក្នុងកិច្ចសន្យាថ្មីគាត់ទទួលបានរហូតដល់ទៅ៩លាន ផោនក្នុងមួយឆ្នាំដែលពុំមានអ្នកដឹកក្រុមChelseaណាទទួលបានថ្លៃឈ្នួលដូចនេះទេពីមុនមក។
បន្ទាប់ពីសម្រេចចិត្តចុះកុងត្រាថ្មីអ្នកចាត់ការវ័យ៤៧ឆ្នាំបាននិយាយថា “ខ្ញុំសប្បាយចិត្តដែលបានចុះកិច្ចសន្យាថ្មីជាមួយ Chelsea។ ពួកយើងបានប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងឆ្នាំដំបូង ដើម្បីសម្រេចគោលដៅដ៏អស្ចារ្យ។ ពេលនេះពួកយើងត្រូវខំឲ្យខ្លាំងជាងមុនទៀតដើម្បីស្ថិតនៅលើកំពូល”។
គួរបញ្ជាក់ថា ក្នុងរដូវកាលដឹកនាំដំបូង Conteកាលពីរដូវកាលមុន គាត់ បានជួយក្រុមមានមូលដ្ឋានក្នុងទីក្រុងឡុងដុងមួយនេះឈ្នះពាន Premier League, ឈ្នះ៣០ប្រកួតក្នុងមួយរដូវកាល ក៏ដូចជាជួយឈ្នះ១៣ប្រកួតជាប់ៗគ្នា និងបានឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ FA Cup តែសំណាងមិនល្អចាញ់ Arsenal៕ ដេវីត