ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់តាម Facebook នាំមិត្តភក្តិមកតាមរករឿងនិងធាក់ម៉ូតូផ្តួល

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីៗឥឡូវពិតក្លាហានមែន គ្រាន់តែរឿងទំនាស់តាមFacebookនាំមិត្តភក្តិមកតាមរករឿង និងធាក់ម៉ូតូផ្តួលបណ្តាលឲ្យភាគីម្ខាងទៀត ដួលរងរបួសស្រាល ត្រូវសមត្ថកិច្ចហៅមកអប់រំនៅប៉ុស្តិ៍ភ្នំពេញថ្មី។

ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្បែរ វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មីផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា-ភាគីទី១ មានគ្នា៣នាក់ ទី១ឈ្មោះ ផល វួចហ៊ាង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ អ្នកបើកម៉ូតូ។ ទី២ឈ្មោះស៊ិន ស្រីនីត អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី៣ឈ្មោះ ភួង វិច្ឆិកា អាយុ១៧ឆ្នាំ មុខរបរធ្វើការនៅKTV ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទាំងបីអ្នកជិះម៉ូតូមួយគ្រឿងម៉ាកហ្សូម័រ ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GF-9963 ។

ភាគីទី២ មានម្នាក់ឯង ឈ្មោះ លាង សុខលាភ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរសិស្សស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជិះម៉ូតូស្កូបពី ពណ៌ស ស្លាកលេខ ភ្នំពេញ1CZ-3353 រងរបួសរលាត់ជង្គង់ស្តាំ ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា កន្លងមកភាគីទី១ ធ្លាប់មានទំនាស់ជាមួយភាគគីទី២ ដោយឆាតជេរគ្នាតាម Facebook លុះដល់ថ្ងៃកើតហេតុ ក៏ដឹកបក្ខពួក២នាក់មកដល់មុខសាលាតែម្តង ខណៈឃើញភាគីទី២ចេញពីសាលាហើយក៏ជិះម៉ូតូតាមពីក្រោយ និងបានធាក់ឲ្យដួលបណ្តាលឲ្យរងរបួសរលាត់ក្បាលជង្គង់ខាងស្តាំ ក្រោយពីធាក់ហើយភាគីទី១ បានជិះទៅមុខបាត់ ។

សមត្ថកិច្ចដដែលបានប្រាប់បន្តថា ក្រោយហេតុការណ៍កើតឡើង ភាគីទី២ បានជិះម៉ូតូទៅផ្ទះប្រាប់ហេតុការណ៍ខាងលើទៅឳពុកម្តាយដឹង ពេលនោះឳពុកម្តាយភាគីទី២បាននាំគ្នាមកចំណុចកើតហេតុវិញ ក៏បានជួបភាគីទី១ ក៏ប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅអន្តរាគមន៍ និងនាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បូសាកសួរមូលហេតុ។

ក្នុងករណីខាងលើនេះ ក្រោយនាំយកមកកាន់ប៉ុស្តិ៍ម្តាយឳពុកភាគីទី២ មិនបានទាមទារសំណងអ្វីឡើយ គ្រាន់តែសុំឲ្យសមត្ថកិច្ចជួយធ្វើកិច្ចសន្យាជាលាយល័ក្ខណ៍អក្សរថ្ងៃក្រោយកុំឲ្យភាគីទី១មករករឿងកូនគាត់ទៀត និងបានហៅអាណាព្យាបាលមកធានា និងអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ៕ តុង សីហា


ចែករំលែក៖