ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ វិវាទរវាងទួរគី នឹងប្រទេសតំបន់អឺរ៉ុបកាន់តែតានតឹងខ្លាំងឡើង

ចែករំលែក៖

សង្រ្គាមពាក្យសម្ដី និងជម្លោះការទូត រវាងទួរគី ជាមួយនឹងប្រទេសនៅអឺរ៉ុប កាន់ តែធ្លាក់ធ្ងន់ធ្ងរពីមួយថ្ងៃ ទៅមួយថ្ងៃ។ បន្ទាប់ពីចោទរដ្ឋាភិបាលហុល្លង់ថា ជា សំណល់របស់ណាហ្ស៊ី ប្រធានាធិបតីទួរគី លោករេស៊ីប អ៊ែរដូហ្កាន នៅបានចោទ ប្រកាន់ប្រទេសហុល្លង់ថា ជាអ្នកទទួល ខុសត្រូវលើការសម្លាប់រង្គាលប្រជាជន អ៊ិស្លាម នៅក្នុងសង្រ្គាមប្រទេសអតីតយូហ្គោស្លាវី។ សង្រ្គាមពាក្យសម្ដីរវាងទួរគី នឹងបណ្តាប្រទេសអឺរ៉ុប បានឈានរាល ដាល ទៅដល់ការផ្តាច់ទំនាក់ទំនងសហ ប្រតិបត្តិការរវាងទួរគី ជាមួយសមាជិកអង្គ ការអូតង់។

ពីរសប្តាហ៍មកនេះ ទួរគីជេរប្រទេច ផ្តាសា មិនលស់ពេលទៅលើបណ្តា ប្រទេសអឺរ៉ុប ជាពិសេស អាល្លឺម៉ង់ ហើយ និងហុល្លង់ ដែលបានហាមឃាត់មិនឲ្យរដ្ឋមន្រ្តីទួរគី ចូលឃោសនា ពីការបោះឆ្នោត ប្រជាមតិទួរគី នៅក្នុងចំណោមប្រជាជន ទួរគី ដែលរស់នៅ បរទេស។ “អាល្លឺម៉ង់ អនុវត្តវិធីសាស្រ្តរបស់ពួកណាហ្ស៊ី។ អាល្លឺម៉ង់កំពុងគាំទ្រពួកភេរវកម្ម និងកំពុងជំរុញ ឲ្យមានសំឡេងទេ នៅក្នុងការបោះឆ្នោតប្រជាមតិនៅទួរគី” នេះជាការលើកឡើង របស់ប្រធានាធិបតីទួរគី លោករេស៊ីប អ៊ែរដូហ្កាន ដែលបានចោទប្រកាន់ ប្រទេសហុល្លង់ថា ជាប្រទេសសំណល់ ពីពួកណាហ្ស៊ី និងហ្វាស៊ីស។

នៅល្ងាចថ្ងៃអង្គារ ប្រមុខដឹកនាំទួរគី នៅបានលើកនិយាយពីតួនាទីរបស់ប្រទេសហុល្លង់ នៅក្នុងការសម្លាប់រង្គាលប្រជាជនកាន់សាសនាអ៊ិស្លាម ៨ពាន់នាក់ នៅ ប្រទេសបូស្នី អ៊ែរហ្សេហ្គោវីន។ នៅឆ្នាំ ១៩៩៥ កងទ័ពហុល្លង់ ក្នុងនាមជាកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ ត្រូវ បានគេបន្ទោសថា មិនបានជួយធ្វើអន្ត រាគមន៍ ដើម្បីកុំឲ្យទាហានស៊ែបសម្លាប់ ប្រជាជនបូស្នីនោះទេ។

សម្រាប់ប្រធានគណៈកម្មការអឺរ៉ុប លោកហ្សង់ក្លូដ ហ្សុងគ័រ ពាក្យសម្តីចោទ ប្រកាន់ទៅលើ អាល្លឺម៉ង់ និងហុល្លង់ថា ជាពួកណាហ្ស៊ី គឺជារឿងដែលគេមិនអាច ទទួលយកបាន។ តាមលោកហ្សុងគ័រ សម្ដីរបស់លោកប្រធានាធិបតីទួរគី មិនស៊ីចង្វាក់គ្នាទៅនឹងសំណើរបស់ទួរគី ដែល ចង់ក្លាយជាសមាជិកអឺរ៉ុបនោះទេ។ ប្រធាន រដ្ឋបាលសហព័ន្ធអាល្លឺម៉ង់ លោកPerter Almaier ដែលស្និទ្ធនឹងលោកស្រីនាយក រដ្ឋមន្រ្តីអាល្លឺម៉ង់វិញបានប្រតិកម្មតបវិញ នឹងទួរគី ដោយបានគំរាម ថា នឹងហាមមិនឲ្យមន្រ្តីជាន់ខ្ពស់ទួរគី ដាក់ជើងជាន់ទឹក ដីអាល្លឺម៉ង់ឡើយ។ ទោះបីភាពតានតឹងកើនឡើងកាន់តែខ្លាំងក្តីក៏រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់បានវាយតម្លៃថា ទួរគីត្រូវតែនៅ​បន្តជាសមាជិករបស់អូតង់។

អូតង់កាលពីថ្ងៃពុធទី១៩ ខែកក្កដា បានជំរុញឲ្យទួរគី ដែលជាសមាជិកសំខាន់មួយរបស់អូតង់ប្រញាប់ដោះស្រាយបញ្ហាជាមួយប្រទេសអូទ្រីស បន្ទាប់ពីទួរគី បាន ចេញមុខប្រឆាំង មិនឲ្យមានកម្មវិធីសហ ប្រតិបត្តិការរវាងអូតង់ ជាមួយអូទ្រីស។ អស់ជាច្រើនខែមកហើយ ទួរគីដែលមាន វត្តមានទ័ពច្រើនជាងគេនៅក្នុងអង្គការអូតង់ បន្ទាប់ពីអាមេរិក បានប្រឆាំងមិនឲ្យអូតង់ ធ្វើសហប្រតិបត្តិការយោធាជាមួយ អូទ្រីស ក្នុងហេតុផលថា អូទ្រីស បានចេញមុខ ប្រឆាំង ទាមទារមិនឲ្យអឺរ៉ុបទទួលយកទួរគីជាសមាជិក។ អូទ្រីសមិនមែនជាសមាជិក របស់អូតង់ ប៉ុន្តែ បានសហការជាមួយអង្គការសម្ព័ន្ធអូតង់ ក្នុងនាមជាប្រទេសដៃគូ ដើម្បីពង្រាយទ័ពជាមួយអូតង់ ក្នុងគោល ដៅ ពង្រឹងសមត្ថភាពយោធារបស់ខ្លួន ជាពិសេស នៅក្នុងកាលៈទេសៈ ដែល ប្រទេសអឺរ៉ុបខាងកើត កំពុងបារម្ភពីការឈ្លានពានរបស់រុស្ស៊ី នៅក្រោយការកាត់លេបយកទឹកដីគ្រីមៀរបស់អ៊ុយក្រែន។

ជាមួយគ្នានេះ នៅថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១៧ អាល្លឺម៉ង់បានដំឡើងសំឡេងដាក់ទួរគី ដោយបានប្រកាសបំបែរទិសដៅនយោបាយថ្មីរបស់ខ្លួនជាមួយទួរគី ពិសេស គឺនយោបាយសេដ្ឋកិច្ចតែម្តង។ ទំនាក់ទំនងរវាងអាល្លឺម៉ង់នឹងទួរគីកាន់តែធ្លាក់ចុះ តាំង ពីដើមខែកក្កដាមក ក្រោយអាជ្ញាធរទួរគីចាប់ខ្លួនក្រុមអ្នកការពារសិទ្ធិមនុស្សនៅក្រុង អុីស្តង់ប៊ូល ក្នុងនោះមានពលរដ្ឋអាល្លឺម៉ង់មួយរូបដែលទួរគីកំពុងឃុំខ្លួន។

ក្នុងការបំបែរទិសដៅនយោបាយ និង សេដ្ឋកិច្ចជាមួយទួរគី រដ្ខាភិបាលអាល្លឺម៉ង់ បានអំពាវនាវ ថ្ងៃព្រហស្បតិ៍មុននេះ ឲ្យ ពលរដ្ឋអាល្លឺម៉ង់ដែលធ្វើដំណើរទៅទួរគី ឲ្យពួកគេប្រុងប្រយ័ត្នកាន់តែខ្ពស់ ទោះបីជាស្នាក់នៅទួរគីក្នុងរយៈពេលខ្លីក៏ដោយចុះ។

ភាពតានតឹងរវាងអាល្លឺម៉ង់នឹងទួរគី បានកើតឡើងកាលពីថ្ងៃទី៥ ខែកក្កដា ក្រោយទួរគីបានចាប់ខ្លួនក្រុមការពារសិទ្ធិមនុស្សមួយក្រុម នៅក្រុងអុីស្តង់ប៊ូល ក្នុងនោះមានពលរដ្ឋអាល្លឺម៉ង់មួយរូបឈ្មោះ Peter Steudtner ហើយក៏មានលោកស្រី Idil Eserជាប្រធានអង្គការ Amnesty International នៅទួរគីដែរ។ ទួរគីបានសម្រេចបន្តឃុំខ្លួនពលរដ្ឋអាល្លឺម៉ង់ និងអ្នកការពារសិទ្ធិមនុស្សមួយចំនួន។ ទួរគីចោទថាពល រដ្ឋអាល្លឺម៉ង់ បានបង្កបទឧក្រិដ្ឋក្នុងនាមជាអង្គការភេរវកម្ម។ អាល្លឺម៉ង់បានទាមទារ ឲ្យដោះលែងពលរដ្ឋអាល្លឺម៉ង់ និងបានកោះហៅឯកអគ្គរដ្ឋទូតទួរគីនៅក្រុងប៊ែរឡាំង ឲ្យចូលបំភ្លឺ។

អាល្លឺម៉ង់បដិសេធការចោទប្រកាន់ របស់ទួរគី ដោយលើកឡើងថា ពលរដ្ឋ អាល្លឺម៉ង់រូបនោះ គ្មានទំនាក់ទំនងអ្វីពិសេសជាមួយទួរគីទេ។ ប្រមុខការទូតអាល្លឺម៉ង់ លោក Sigmar Gabriel ចោទថា ទួរគីរំលោភ សិទ្ធិមនុស្ស និងបានងាកឆ្ងាយពីតម្លៃអឺរ៉ុប ឆ្ងាយពីតម្លៃអង្គការអូតង់។ ក្នុងការបំបែរ ទិសដៅនយោបាយដាក់ពិន័យសេដ្ឋកិច្ច ចំពោះទួរគី ប្រមុខការទូតអាល្លឺម៉ង់គ្រោងសើរើឡើងវិញនូវឥណទាន ឬក៏ជំនួយ ផ្សេងៗដែលអាល្លឺម៉ង់ជួយដល់ផ្នែកនាំចេញ ឬសហគ្រាសអាល្លឺម៉ង់ដែលបោះទីតាំងនៅទួរគី។ អាល្លឺម៉ង់ប្រាប់ដែរថា នឹង ពិភាក្សាជាមួយសហភាពអឺរ៉ុបពីមូលនិធិដែលអឺរ៉ុបជួយទួរគី ក្នុងក្របខ័ណ្ឌមុនចូលជាសមាជិកអឺរ៉ុបនោះ។ តែអាល្លឺម៉ង់ត្រូវរៀបចំការបោះឆ្នោតសភា២ខែខាងមុខនេះ ដូច្នេះ ប្រហែលមិនហ៊ានលេងខ្លាំងជាមួយទួរគីទេ ព្រោះទួរគីមានកិច្ចព្រមព្រៀង អន្តោប្រវេសន៍ជាមួយអឺរ៉ុប។ នៅទួរគី មានជនភៀសខ្លួនស៊ីរីច្រើន។ បើទួរគីខឹង ខ្លាំង ទួរគីអាចលែងជនភៀសខ្លួនឲ្យហូរ ចូលអឺរ៉ុប ចូលដល់ទឹកដីអាល្លឺម៉ង់បាន។

ការប្រកាសឲ្យពលរដ្ឋអាល្លឺម៉ង់កាន់តែប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរទៅទួរគី ធ្វើឲ្យទួរគីខឹងសម្បារជាខ្លាំង និងបញ្ចេញ ប្រតិកម្មថា អាល្លឺម៉ង់គ្មានភាពទទួលខុសត្រូវខ្ពស់ផ្នែកនយោបាយទេ។ ទួរគីបាន រំលឹកឡើងវិញថា ទួរគីគិតគូររក្សាទំនាក់ ទំនងល្អជាមួយអាល្លឺម៉ង់ ប៉ុន្តែលុះត្រាតែមានការគោរពផលប្រយោជន៍គ្នាទៅវិញទៅមកដែរ។

យោងតាមកាសែតអាល្លឺម៉ង់ ទួរគីឃុំខ្លួន ពលរដ្ឋអាល្លឺម៉ង់ ដើម្បីជាថ្នូរដោះដូរជាមួយជនជាតិទួរគីដែលរត់ភៀសខ្លួនទៅ អាល្លឺម៉ង់ក្រោយរដ្ឋប្រហារមិនបានសម្រេច ថ្ងៃ១៥កក្កដាឆ្នាំ២០១៦។ ពេលនេះ ទួរគីមានពលរដ្ឋអាល្លឺម៉ង់៩រូបក្នុងដៃ ក្នុងនោះមាន៤រូបមានសញ្ជាតិទួរគីដែរ៕ ម៉ែវ សាធី


ចែករំលែក៖