ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ខណៈជិះម៉ូតូចេញពីកន្លែងបំណងទៅលេងប្រពន្ធ តែដោយអកុសលត្រូវរថយន្តបុកពីក្រោយពេញទំហឹង និងអូសម៉ូតូចម្ងាយប្រហែល១៥០ម៉ែត្រ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខវត្តពោធិ៍ តាមបណ្តោយផ្លូវទំនប់កបស្រូវ ស្ថិតក្នុងសង្កាត់សម្រោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ នី ម៉េត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបបើកឡាន ស្នាក់នៅម្តុំស្ពានលីយុងផាត់ មានស្រុកកំណើតនៅភូមិសង្កែជ្រុំ ឃុំទឹកថ្លា ស្រុកស្វាយអន្ទ ខេត្តព្រៃវែង។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ បុរសម្នាក់ជិះម៉ូតូម៉ាកវេវ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 1H 6600 ធ្វើដំណើរតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តប្រភេទកុងតឺន័រ មិនចាំស្លាកលេខ ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន ក៏ជ្រុលមកបុកចំពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុ ចំណែកម៉ូតូត្រូវបានរថយន្តបង្កអូជាង១៥០ម៉ែត្រ ទើបទម្លាក់ចោលហើយបន្តគេចខ្លួនបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងវាស់វែងយកម៉ូតូទៅរក្សាទុក្ខនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំស្វែងរករថយន្តបង្កដោះស្រាយតាមច្បាប់ ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ